ខេត្តសៀមរាប៖ ចោរឆក់ទ្រព្យសម្បត្ដិជនបរទេសដ៍សកម្មម្នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋានខេត្តសៀមរាប ធ្វើការប្រម៉ាញ់និងក្របួចជាប់ ខណៈពេលដែលជនសង្ស័យរូបនោះបានធ្វើសកម្មភាពឆក់ទៅលើជនបរទេស ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៣និង៣០នាទីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥នៅម្តុំផ្សារដីហុយ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកវរសេនីយ៍ទោ ភឹង ចន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែតុលានេះថា ចោរឆក់នោះមានឈ្មោះ ផល សុភក្ត្រ័ ហៅព្រួក ភេទប្រុស អាយុ២៣ នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ការឆក់នោះចំពេលក្រុមការងារកំពុងល្បាតប្រចាំការហើយស្រាប់តែជនសង្ស័យបានធ្វើការឆក់ផ្គើនដោយយកកាបូបដែលមានផ្ទុកទូរសព្ទ័អាយហ្វូន៤s១គឿង បណ្ណ័បើកបរ១ ប្រាក់៣០ដុល្លារបស់ជនជាតិបារាំង ភេទស្រី Carycharrolieនៅម្តុំផ្សារដីហុយ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោកបន្តថា ជននេះប្រើប្រាស់សារធាតុញៀនទៀតផង។ បច្ចុប្បន្ននេះជនសង្ស័យត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តសៀមរាបកំពុងសួរនាំនិងរៀបចំសំណុំរឿងដើម្បីបញ្ជូនទៅតុលាការ ៕
ដោយ៖ ជានិរន្ដរ៍