ភ្នំពេញ៖ ការដ្ឋានស្ថាបនា ប្រឡាយស្ទឹងមានជ័យនិងការចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាក់ដីបំពេញបន្ថែម ២០ម៉ឺនម៉ែត្រគូប ។ លោកឃួង ស្រេង បញ្ជាក់បែបនេះ ខណៈលោក និងមន្ដ្រីពាក់ព័ន្ធ ចុះពិនិត្យមើលការដ្ឋាននេះ កាលពីរសៀលថ្ងៃសៅរ៏១៣ កើតខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី២៧មករា ឆ្នាំ២០១៨ នៅប្រឡាយស្ទឹងមានជ័យ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ ការដ្ឋានស្ថាបនាប្រឡាយស្ទឹងមានជ័យនេះ យើងនឹងចាក់ដីបំពេញដើម្បីផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ ចំនួន១៧ម៉ឺនម៉ែត្រគូប ហើយមកដល់ពេលនេះយើងចាក់ដីបាន៧៥០០០ម៉ែត្រគូបហើយ ក្រោយពីប្រជាពលរដ្ឋជាង១០០គ្រួសារបានស្ម័ក្រចិត្តរុះរើផ្ទះចេញពីខ្នងប្រឡាយកាលពីប៉ុន្មានខែមុននេះ។លោកបន្តថា សម្រាប់ សម្រាមវិញយើងបានកើបចេញប្រមាណជា ៤៣០០០ម៉ែត្រគុប។
ក្នុងឱកាសនៃការចុះពិនិត្យមើលការដ្ឋាននេះលោកឃួង ស្រេង បានណែនាំមន្ត្រីជំនាញអនុវត្តការងារនេះអោយបានលឿន ដើម្បីបន្តការដ្ឋានមួយជំហានទៀត។ក្រៅពីនេះលោកអភិបាល ក៏បានអរគុណចំពោះប្រជាជនដែលចូលរួមសហការជាមួយរដ្ឋបាលរាជធានី។លោកថា ទីនេះនឹងមានរោងការ ដូចផ្លូវទំបន់ទួលគោកកាលពីទស្សវត្តទី៩០ ។ ប្រជាពលរដ្ឋពីមុនមិនសូវជឿជាក់ជាមួយអាជ្ញាធរជុំវិញការបើកការដ្ឋានធ្វើប្រឡាយនិងផ្តល់ដីជូនប្រជាពលរដ្ឋទេ តែពេលនេះពួកគាត់ជឿជាក់ហើយ ហើយនឹងបន្តសហការជាមួយអាជ្ញាធររាជធានី។
គួរបញ្ជាក់ថា៖ ប្រឡាយស្ទឹងមានជ័យដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោងនឹងធ្វើការអភិវឌ្ឍនេះមានប្រវែង១៣៥០ម៉ែត្រ ដោយឆ្លងកាត់ខណ្ឌចំនួន២ នោះគឺខណ្ឌមានជ័យនិងខណ្ឌសែន សុខ ដែលមានប្រជាពលរដ្ឋរស់នៅនិងរងផលប៉ះពាល់ប្រឡាយនេះចំនួន៥៦២គ្រួសារ ហើយប្រជាពលរដ្ឋទាំងអស់នេះនឹងទទួលបានដីទំហំ៤គុណនិង៦ម៉ែត្រជាកម្មសិទ្ធិស្របច្បាប់នៅហ្នឹងកន្លែងតែម្តង។
ប្រឡាយស្ទឹងមានជ័យនឹងត្រូវសាងសង់ឡើង ដោយបុកស៊ីផាយដូចនៅប្រឡាយបាក់ទូកដែរ ដោយត្រូវធ្វើផ្លូវ៦ម៉ែត្រជាប្រភេទផ្លូវបេតុង រៀបចំតបណ្តាញទឹក ភ្លើងអគ្គីសនីចូលផ្ទះប្រជាពលរដ្ឋ ដាក់បង្កោលភ្លើងសាធារណៈនៅលើផ្លូវនេះថែមទៀត ។ ប្រឡាយស្ទឹងមានជ័យនេះបានដើរតួយ៉ាងសំខាន់ ក្នុងការនាំទឹកទំលាក់ចូលទៅបឹងទំពុន។
ជាគម្រោងតួប្រឡាយស្ទឹងមានជ័យមានទំហំ៨ម៉ែត្រ
ចិញ្វើម២ ម៉ែត្រ សាងសង់ផ្លូវបេតុងទទឹង៦ម៉ែត្រ ផ្លូវមុខផ្ទះ៥ម៉ែត្រ ដីនៅសល់មុខផ្ទះ១ម៉ែត្រកន្លះនិងក្រោយផ្ទះកន្លះម៉ែត្រ៕
ដោយ៖ សិលា