ខេត្តមណ្ឌលគិរី៖ អំពើដ៏ឃោរឃៅ យង់ឃ្នងរបៀបច្បាប់ព្រៃក្រោមការបញ្ជាពីលោកឧកញ៉ាជំនួញឈើ តុប វីដា បានបញ្ជាឲ្យកូនចៅបាញ់យ៉ាងតិច៧គ្រាប់ ហើយប្អូនថ្លៃរបស់ខ្លួនក៏ចេញកំហិង១៨០អង្សា បើកឡានធុនដ្រា ដេញបំបុកប៉ងសម្លាប់អ្នកកាសែតរហូតដល់ក្រុមអ្នកកាសែតជាច្រើននាក់បានរត់ចែកជើងគ្នាបាតជើងសព្រាត និងព្រលឹងចុងសក់។
ហេតុការណ៍ដ៏ឃោរឃៅនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅក្នុងក្រុមហ៊ុន យូលីគ្រីន ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទាំងអ្នកកាសែត និងប្រជាពលរដ្ឋភ័យស្លន់ស្លោ បន្ទាប់ពីឮស្នូរគ្រាប់កាំភ្លើងបាញ់ជាច្រើនគ្រាប់ ហើយមនុស្សជាច្រើនបានរត់ដ៏ប្រសេកប្រសាច យកតែព្រះអាយូសនោះ។
ក្រុមអ្នកកាសែតក្នុងហេតុការណ៍នេះ មានប្រមាណជិត២០នាក់ ក្នុងនោះពួកគេបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមអ្នកកាសែតជាច្រើននាក់បានទទួលដំណឹងថា ក្រុមហ៊ុន យូនីគ្រីន បានទទួលទិញឈើពីខាងក្រៅក្រុមហ៊ុន ដើម្បីកាត់បេសេស្របច្បាប់ ដឹកជញ្ជូនឆ្លងទៅប្រទេសវៀតណាម ក្នុងនោះ ពួកគេក៏បានដឹងថា នៅក្នុងក្រុមហ៊ុនយូនីគ្រីន មានរថយន្តយីឌុបចំនួន៥គ្រឿងកំពុងផ្ទុកឈើ និងរថយន្តបាឡែនជាច្រើនទៀត ខណៈក្រុមអ្នកកាសែតបាននាំគ្នាទៅឡើងលើដើមឈើដើម្បីផ្តិតយករូបភាពអំពីសកម្មភាពនេះ ក៏កើតជាកំហឹងមានកម្មករ និងអ្នកយាម នៅក្នុងក្រុមហ៊ុនបានបាញ់ឡើងលើយ៉ាងតិចចំនួន៧គ្រាប់ ដើម្បីគំរាមកំហែងទៅលើក្រុមអ្នកកាសែត ។ ដោយឡែកប្អូនឧកញ៉ា តុប វីដា ឈ្មោះ ផាន ណា ក៏បានបើករថយន្តធុនដ្រា ចេញពីក្រុមហ៊ុនដេញបំបុកហ្វូងអ្នកកាសែត ម្នាក់ៗរត់យករួចខ្លួន និងភ័យស្លន់ស្លោ ក្នុងនោះ ប្អូនថ្លៃឧកញ៉ា តុប វីដា ក៏បានដកកាំភ្លើងពីក្នុងរថយន្តធុនដ្រា ស្រែកគំរាមបាញ់សម្លាប់ទៀតផង។
នៅព្រលប់ថ្ងៃដដែលនោះ ក្រុមអ្នកកាសែតប្រមាណ២០អង្គភាព ក៏បាននាំគ្នាដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែគេពុំទាន់ដឹងថា ចំណាត់ការនេះ ដល់ណានៅឡើយទេ ខណៈឈ្មួញឈើដ៏ល្បីឧកញ៉ា តុប វីដា នេះ គឺជាជនមានអំណាច មានលុយ មានឱកាសជំនួញឈើដោយអំពើខុសច្បាប់ តាមរយៈសកម្មភាពប្រមូលទិញឈើពីប្រជាពលរដ្ឋ ពីឈ្មួញជាច្រើនទៀត ដែលកាប់ពីខាងក្រៅក្រុមហ៊ុនរបស់ខ្លួន ដើម្បីកាត់បេសេ ឲ្យទៅជាឈើស្របច្បាប់ដឹកជញ្ជូនទៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ហើយសមត្ថកិច្ចអាជ្ញាធរនៅទីនោះ ចាត់ទុកសកម្មភាពដឹកជញ្ជូនឈើរបស់ឧកញ៉ាតុប វីដា ជាប្រភពសេដ្ឋកិច្ច និងជាឆ្នាំងបាយរបស់ពួកគេយ៉ាងចេញមុខ ដោយចំហរ មិនខ្លាចច្បាប់ ក្នុងនោះថែមទាំងទុកឱកាសឲ្យឧកញ៉ា តុប វីដា ដឹកជញ្ជូនឈើផ្ទុកលើសទម្ងន់ លើសបេសេ ខុសយថាប្រភេទឈើ ច្បាប់មានចំនួន១៧ទៅ១៨ម៉ែត្រគូប បែរជាដឹកក្នុងមួយឡានពី៥០ទៅ៦០ម៉ែត្រគូប។
ពាក់ព័ន្ធករណីនេះ អង្គភាពនគរដ្រេហ្គន http://nkdnews.com/ មិនអាចទាក់ទងបានទេសុំការបំភ្លឺពីឧកញ៉ា តុប វីដា មេជំនួញឈើបំផ្លាញព្រៃឈើនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ដោយសារគ្មានលេខទូរស័ព្ទ ៕ សុខ ខេមរា