ដោយសារតែចំនួន អ្នកគាំទ្រ ធ្លាក់ចុះយ៉ាងខ្លាំង ព្រមទាំងរងការស្រាវជ្រាវ ជុំវិញករណីរុស្ស៊ីជ្រៀតជ្រេកចូលកិច្ចការផ្ទៃក្នុងអាមេរិកពេលបោះឆ្នោត និងគោលនយោបាយការបរទេស អាតា្មនិយម របស់លោកត្រាំ ធ្វើឲ្យអាមេរិក បាត់បង់ការគាំទ្រ ពីប្រទេសជុំវិញពិភពលោក។ ចំណុចទាំងនោះហើយបានធ្វើឲ្យលោកត្រាំ ស្វែងរកឱកាស ដើម្បី«ចាប់ផ្តើមសាជាថ្មី» តាមរយៈសារទៅកាន់ពលរដ្ឋអាមេរិក។
នៅក្នុងសារទៅកាន់ពលរដ្ឋសហរដ្ឋអាមេរិក របស់លោកត្រាំ ត្រូវធ្វើឡើងនៅថ្ងៃទី៣០ខែមករាខាងមុខ ដោយក្នុងនោះមាន «ការកសាងអាមេរិកសុវត្ថិភាព ខ្លាំងក្លា »។ តាមគម្រោងលោកត្រាំនិង លើកសរសើរ នៅស្នាដៃ ដែលទទួលបាន ក្នុងមួយឆ្នាំដំបូងនៃការកាន់អំណាច នឹងកំណត់គោលដៅនៅឆ្នាំបន្តបន្ទាប់។
សន្តរកថាសហរដ្ឋគឺជាសារដ៏សំខាន់ យ៉ាងខ្លាំង សម្រាប់ប្រធានាធិបតីអាមេរិក គ្រប់រូប ជាឱកាសនិយាយផ្ទាល់ទៅកាន់ពលរដ្ឋរាប់រយលាននាក់។ ដូច្នេះរាល់ពាក្យពេចន៍ គឺមានការគិតគូរយ៉ាងល្អិតល្អន់ និងផ្ញៀវអញ្ជើញចូលរួមគឺត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។
ចំពោះលោកត្រាំ នៅថ្ងៃទី៣០ខែមករាគឺជាឱកាសដើម្បី ឆ្លងផុតឧបស័គ្គរយៈពេល១២ខែ កាន់អំណាចជួបព្យុះភ្លៀង ក្នុងនោះ មានការខិតខំដើម្បីដំណើរការរដ្ឋាភិបាល ពេលអស់ថវិការ។
រយះពេលកន្លងមកលោកត្រាំបានធ្វើឲ្យបាក់មុខមាត់អាមេរិកយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ។ចាប់តាំងតែពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឡើងកាន់អំណាចបន្តពី លោក បារ៉ាក់ អូបាម៉ា កម្រិតយល់ស្របពីអន្តរជាតិ ចំពោះភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់កម្រិតដ៏ទាប គឺត្រឹមតែ ៣០ភាគរយប៉ុណ្ណោះ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា តំបន់មួយចំនួនបែរជាគាំទ្រភាពដឹកនាំរបស់ចិន ជាជាងសហរដ្ឋអាមេរិកទៅវិញ បើតាមការស្ទង់មតិខាងលើ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ តួយ៉ាងប្រជាជននៃតំបន់អាមេរិកឡាទីន ប្រមាណ ២៨ភាគរយ ត្រូវបានគេរកឃើញថា មានការគាំទ្រខ្លាំង ចំពោះភាពដឹកនាំរបស់ប្រទេសចិន ខណៈមានតែ ២៤ភាគរយប៉ុណ្ណោះ ដែលពួកគេយល់ស្រប ចំពោះភាពជាអ្នកដឹកនាំរបស់អាមេរិក។
បើតាមការស្ទង់មតិដដែល នៅក្នុងតំបន់អាស៊ី មនុស្សរាល់គ្នាភាគច្រើនមើលឃើញរដ្ឋាភិបាលចិន មានលក្ខណៈល្អជាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក។ នៅក្នុងការស្ទង់មតិទ្រង់ទ្រាយធំនេះ មានតែតំបន់អាហ្រ្វិកប៉ុណ្ណោះ ដែលគេសង្កេតឃើញថា នៅតែមានភាពស្មោះត្រង់ ចំពោះសហរដ្ឋអាមេរិក។
ជុំវិញរឿងនេះក្រុមអ្នកជំនាញ បានឆ្លៀតឱកាសចែករំលែកទស្សនៈរបស់ពួកគេថា តើការសម្រេចចិត្តលើគោលនយាបាយបរទេសណាខ្លះៗរបស់ លោក ដូណាល់ ត្រាំ ដែលបានបង្កឲ្យមានការធ្លាក់ចុះ នៃកម្រិតប្រជាប្រិយភាពរបស់សហរដ្ឋអាមេរិកបែបនេះ ជាពិសេសនៅតាមបណ្តាប្រទេសមួយចំនួន នៅអឺរ៉ុបខាងលិច។
មូលហេតុមួយក្នុងចំណោមនោះគឺថា ក្នុងនាមជាប្រធានាធិបតី នៃប្រទេសមហាអំណាចមួយរបស់ពិភពលោក លោក ត្រាំ ប្រើប្រាស់យុទ្ធសាស្រ្តនយោបាយ ដែលត្រូវគេចាត់ទុកថា ជាវិធីសាស្រ្តរើសអើងពូជសាសន៍ និងជាតិនិយម។ កត្តាផ្សេងទៀត រួមមានភាពបរាជ័យក្នុង លោក ត្រាំ ក្នុងការបង្ហាញពីការប្រកាន់ភ្ជាប់របស់លោក ចំពោះទំនួលខុសត្រូវទៅលើកិច្ចព្រមព្រៀងអន្តរជាតិ, គោលការណ៍តម្កល់ផលប្រយោជន៍ជាតិអាមេរិកជាធំ ដោយមិនខ្វល់ពីសារៈសំខាន់អន្តរជាតិ, ការសម្រេចចិត្តជាឯកតោភាគី ទៅលើទីក្រុងហ្សេរុយសាឡឹមដ៏ចម្រូងចម្រាស់ ការចង់បំផ្លាញកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ស្តីពីកម្មវិធីនុយក្លេអ៊ែរ ដែលសម្រេចដោយអ៊ីរ៉ង់និងមហាអំណាចពិភពលោកមួយចំនួនទៀតជាដើម។
គួរជម្រាបថា មិនតែនៅក្រៅប្រទេសប៉ុណ្ណោះទេ កម្រិតប្រជាប្រិយភាពរបស់ប្រធានាធិបតីអាមេរិករូបនេះ ក៏មានការធ្លាក់ចុះផងដែរនៅក្នុងសហរដ្ឋអាមេរិកផ្ទាល់ ដោយភាគច្រើនពលរដ្ឋអាមេរិក បានបង្ហាញការមិនយល់ស្របនោះឡើយ ចំពោះរបៀបដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងរយៈពេលប្រមាណជាមួយឆ្នាំកន្លងទៅនេះ៕
ដោយ៖ មែវ សាធី