ភ្នំពេញ៖ ឪពុកចុងយ៉ាងឃោឃៅ បានបោកប្រាស់កូនស្រីចុងអាយុ១៥ឆ្នាំយកទៅរំលោភនៅក្នុងផ្ទះសំណាក់យីហោ«ផ្កាលាប» រហូតបានសម្រេចបានមួយម្តង ហើយបានគម្រាមក្មេងស្រីរងគ្រោះថាបើហ៊ាននិយាយប្រាប់គេ ហើយនឹងបងប្អូនសាច់ញាតិនិងសម្លាប់ម្ដាយក្មេងស្រីរងគ្រោះ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ស្តិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនសង្ស័យដែលជាឪពុកចុងយ៉ាងឃោឃៅនោះមានឈ្មោះ ជា សុខចំរើន អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកក្មេងស្រីរងគ្រោះទើបតែមានអាយុ១៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
បើតាមប្រភពពត៌មានពីម្ដាយមីងរបស់ក្មេងស្រីរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៩ តុលា ២០១៥ ឪពុកចុងរបស់ក្មេងស្រីរងគ្រោះបានទូរស័ព្ទមកប្រាប់ថាយកក្មេងស្រីរងគ្រោះ ម៉ូតូជិះដើរលេងនៅមុខវត្តច្បារអំពៅ ហើយបានយកក្មេងស្រីរងគ្រោះទៅជាមួយដោយឪពុកចុងយ៉ាងឃោឃៅដែលមានគម្រោងរួចជាស្រេចមកហើយក៏បានប្រាប់ក្មេងស្រីរងគ្រោះថាម្តាយរបស់នាងចង់ជួប ហើយក៏ឌុបនាងមកជួបម្តាយ ពេលជិះមកតាមផ្លូវជនសង្ស័យក៏បានដឹកនាងចូលផ្ទះសំណាក់ដែលមានយីហោ«ផ្កាលាប» ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន ។
ប្រភពបានបន្តទៀតថា ខណៈពេលចូលមកដល់ក្នុងផ្ទះសំណាក់ ឪពុកចុងយ៉ាងឃោឃៅនោះបានប្រាប់ថា ម្តាយរបស់នាងនៅខាងលើពេលឡើងបានពាក់កណ្ដាលកាំជណ្ដើរឪពុកចុងក៏បានខ្ទប់មាត់ក្មេងស្រីរងគ្រោះហើយបានចាប់អូសចូលបន្ទប់តែម្តង ពេលនោះក្មេងស្រីរងគ្រោះក៏បានអង្វរសំពះសុំកុំឲ្យធ្វើបាបនាង តែឪពុកចុងយ៉ាងឃោឃៅនោះនៅតែព្យាយាមលួងលោម និងកាន់កាំបិតគម្រាមក្មេងស្រីរងគ្រោះរហូតរំលោភបានសម្រេចតែម្តង ។ ក្រោយពេលរំលោភបានសម្រេចហើយ ក្មេងស្រីរងគ្រោះក៏បានអង្វរសុំត្រឡប់មកផ្ទះវិញ ក្រោមការគម្រាមកំហែងថា បើក្មេងស្រីរងគ្រោះ ហ៊ានតែនិយាយប្រាប់គេ នឹងសម្លាប់ម្តាយក្មេងស្រីរងគ្រោះជាមិនខាន ។
ម្តាយមីងក្មេងស្រីរងគ្រោះបានបន្តទៀតថា បន្ទាប់ពីជិះម៉ូតូចេញពីផ្ទះសំណាក់បានបន្តិច ក្មេងស្រីរងគ្រោះក៏បានលោតចុះពីម៉ូតូរត់ ហើយស្រែកឲ្យគេជួយ ពេលនោះជនសង្ស័យភ័យក៏ជិះម៉ូតូគេចខ្លួនបាត់តែម្តង ។ ចំណែកក្មេងស្រីរងគ្រោះក៏បានពឹងប្រជាពលរដ្ឋនៅម្តុំនោះឲ្យជូននាងមកផ្ទះវិញ ហើយបានរៀបរាប់ហេតុការណ៍ឪពុកចុងចាប់រំលោភប្រាប់ក្មេងស្រីរងគ្រោះទាំងអស់ ។
បន្ទាប់ពីស្តាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះហើយ បងប្អូនសាច់ញាតិខឹងសប្បើមយ៉ាងខ្លាំងបានប្រមូលបងប្អូនមានប្រុស មានស្រីជាច្រើននាក់តាមរកជនសង្ស័យទាំងយប់ ព្រមទាំងទូរស័ព្ទសួរគេសួរឯងរហូតដឹងថា ជនសង្ស័យកំពុងលេងហ្គេមបាញ់ត្រីនៅម្តុំបឹងត្របែកផ្លាហ្សា ក៏នាំគ្នាទៅឃើញពេលនោះជនសង្ស័យក៏បានឃើញបងប្អូនមានប្រុស មានស្រីជាច្រើនរបស់ជនរងគ្រោះក៏បានរត់គេច តែត្រូវបងប្អូនមានប្រុស មានស្រីដេញចាប់បានភ្លាមៗ ហើយដោយសារខឹងសប្បើមយ៉ាងខ្លាំង ក៏នាំគ្នាវាយម្នាក់មួយដៃម្មាក់មួយជើងរហូតដល់ជនសង្ស័យបែកក្បាលហូរឈាម រួចក៏ចាប់បញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១ ដើម្បីប្រគល់ជូនសមត្ថកិច្ច ។
បច្ចប្បន្នជនសង្ស័យត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលទំពូងទី១បញ្ជូនទៅកាន់អធិការដ្នាននគរបាលខណ្ឌចំការមនកសាងសំណុំរឿង បញ្ជូនទៅ តុលាការចាត់ការតាមនីតិវិធី ៕
...
ដោយ៖ ស រស្មី