ខេត្តសៀមរាប៖ រថយន្តប៉ាសេរ៉ូមួយគ្រឿងបានក្រឡាប់៣ត្រឡប់ ផ្ងារជើងចង្គ្រាង ដោយសារអ្នកបើកបរងងុយដេករេចង្កូតធ្លាក់ពីថ្នល់ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង២ និង៤០នាទីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវជាតិ លេខ៦ ត្រង់ចំនុច ភូមិចំរេះ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។
តាមសាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្ត ប៉ាសេរ៉ូមួយគ្រឿង ពណ៌ទឹកប៊ិចលាយទឹកប្រាក់ ពាក់ស្លាកលេខ ឆ៨៧៣ ភព២ បានបើកបរក្នុងទិសដៅពីលិចទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៦។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដនោះរេចង្កូតធ្លាក់ផ្លូវ ហើយនៅតែទៅមុខរហូតដល់ដីទួលមួយកន្លែង ក៏រថយន្ដជ្រុលបុកដីទួលនោះបណ្តាលឲ្យក្រឡាប់៣ត្រឡប់ផ្ងារជើង ហើយក៏ខ្ទាតទៅបុកផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះទៀត បណ្ដាលឲ្យខូចខាតជាដំណំទាំងរថយន្ដ និងផ្ទះ។
ប្រភពដដែលបានបន្ដទៀតថា ក្រោយពេលកើតហេតុ គេក៏បានឃើញយាយតា២នាក់ បានលូនចេញពីក្នុងឡាន ក្នុងសភាពទ្រោមខ្លួនហាក់មានការភ័យតក់ស្លុតតែប៉ុណ្ណោះ ពុំមានរបួសអ្វីធ្ងន់ធ្ងរនោះទេ។
ដោយឡែកតាមសម្ដីរបស់លោកយាយ ដោយ ញឹម ជាម្ចាស់រថយន្ដខាងលើបានឲ្យដឹងថា មុនពេលកើតហេតុនេះ គាត់នឹងប្ដីឈ្មោះ អែម ស៊ីថាន អាយុ៧៤ឆ្នាំ បាននាំគ្នាធ្វើដំណើរត្រឡប់មកពីខេត្តសៀមរាប ដើម្បីយករថយន្ដមួយគ្រឿងទៅឲ្យចៅនៅទីនោះ។ ពេលដែលចេញមកដំបូង គាត់បានជិះគ្នា៣នាក់ជាមួយនឹងកូនប្រុសម្នាក់ទៀត ដោយគាត់ប្រុសគាត់ជាអ្នកបើក តែដោយបញ្ហាសុខភាពគាត់ក៏ឲ្យកូនប្រុសគាត់ចុះពាក់កណ្ដាលផ្លូវ ហើយចូលមន្ទីរពេទ្យដើម្បីព្យាបាលសិន ទើបប្ដីគាត់ដែលវ័យចាស់ជរាទៅហើយនោះ ត្រូវបើករថយន្ដដោយខ្លួនឯង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ដបានរេចង្កូតចូលធ្លាក់ផ្លូវតែម្ដង ហើយគាត់ក៏មិនដឹងថាមកពីមូលហេតុអ្វីនោះទេ។
ទាក់ទិននឹងករណីនេះ បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ប្រហែលមកពីអ្នកបើកបរមានសភាពងងុយដេក ទើបបណ្ដាលឲ្យរថយន្ដរេចង្កូតធ្លាក់ផ្លូវបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា ក៏ករណីនេះ ចាត់ទុកជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ហើយ ព្រោះថារថយន្ដក្រឡាប់៣ត្រឡប់ តែមិនបណ្ដាលឲ្យអ្នកនៅខាងក្នុងរងរបួស៕
ដោយ៖ វិបុល