ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ថា មនុស្ស១៥នាក់បានរងរបួស បន្ទាប់ពីម៉ាស៊ីនយន្តហោះត្រូវភ្លើងឆេះ ខណៈកំពុងហោះហើរនៅលើផ្លូវក្នុងព្រលាន ស្ថិតនៅក្នុងរដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក ។
ប្រភពបានបន្តថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ The Dynamic Airways Boeing 767 កំពុងរត់នៅលើផ្លូវយន្តហោះស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Fort Lauderdale-Hollywood ត្រៀមលក្ខណៈចាកចេញដំណើរឆ្ពោះទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ។ ភ្លាមៗនោះ ម៉ាស៊ីនយន្តហោះផ្នែកខាងឆ្វេងស្រាប់តែត្រូវភ្លើងឆាបឆេះតែម្តង ដោយសារតែការហៀប្រេង ។
អ្នកដំណើរនៅក្នុងយន្តហោះ រួមជាមួយអាកាសយានិកផងដែរត្រូវសង្គ្រោះភ្លាមៗចេញពីយន្តហោះដែលត្រូវភ្លើងឆេះនេះ ប៉ុន្តែមនុស្សម្នាក់ត្រូវភ្លើងឆេះរងរបួសជាទម្ងន់ផងដែរ ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍ Dynamic Airways បានបញ្ជាក់ថា ក្រោយពីអាកាសយានិកប្រកាសពីសញ្ញាអាសន្នភ្លាម គឺមានការពន្លត់ម៉ាស៊ីន និងជម្លៀសអ្នកដំណើរចេញពីយន្តហោះដើម្បីធានាពីសុវត្ថិភាព។
ប្រភពបន្តថា អ្នករងរបួសត្រូវបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាព Florida Broward Health Medical Center ។ ជនរងគ្រោះម្នាក់រងរបួសធ្ងន់នៅក្នុងហេតុការណ៍នេះ ។
គណៈកម្មការសុវត្ថិភាពដឹកជញ្ជូនជាតិបានបញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីស៊ើបអង្កេតករណីភ្លើងឆេះម៉ាស៊ីនយន្តហោះខាងលើនេះ ។ ក្រុមហ៊ុនអាកាសចរណ៍ Dynamic Airways មានប្រតិបត្តិការហោះហើរទៅមករវាងពីទីក្រុង Fort Lauderdale ញូវយ៉ក វេណេហ្ស៊ុយអេឡា និង Guyana ៕
ប្រែសម្រួល៖ ថាច់ យ៉ាត