ខេត្តស្វាយរៀង៖ នៅទន្លេវ៉ៃគោដែលស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀ ខេត្តស្វាយរៀង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ រដ្ឋបាលខេត្តស្វាយរៀង នឹងមានរៀបចំពិធីប្រណាំងទូកងខ្នាតអន្តរជាតិ និងទូកបីសន្លឹកដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូកអកអំបុកបណ្ដែតប្រទើបសំពះព្រះខែ ។
យោងតាមមន្ត្រីសាលាខេត្តស្វាយរៀងបានឲ្យដឹងថា ទូកងខ្នាតអន្តរជាតិ និងក្ដារបីសន្លឹកដាក់ពាក្យចូលរួមប្រណាំងមានទូកងខ្នាតអន្តរជាតិ និងក្ដារបីសន្លឹងតាមបណ្ដាស្រុកទូទាំងខេត្ត និងទូកងខ្នាតអន្តរជាតិកងរាជអាវុធហត្ថទូទាំង២៥ខេត្តក្រុងរួមទាំងទូកខាងភាគីវៀតណាមផងដែរ សរុបចំនួន៥៣គ្រឿង មានកីឡាករអ្នកអុំពេញសិទ្ធិសរុបចំនួន៩៥៥នាក់ អ្នកអុំបម្រុងចំនួន២៣៨នាក់ ។
មន្ត្រីសាលាខេត្តបន្តថាទូកងប្រភេទទូកខ្នាតអន្តរជាតិសរុប៤៣គ្រឿងអ្នកអុំពេញសិទ្ធិចំនួន៩២៣នាក់ អ្នកអុំបម្រុងចំនួន២២៦នាក់ ។ ទូកប្រភេទទូកក្ដារបីសន្លឹកសរុប១១គ្រឿង អ្នកអុំពេញសិទ្ធិចំនួន៣២នាក់ អ្នកអុំបម្រុងចំនួន១២នាក់ ។ សរុបរួម (ក+ខ+គ)កីឡាករទាំងអស់ចំនួន១១៩៣នាក់ ប្រតិភូដឹកនាំទូកសរុប២៣១នាក់ និងចុងភៅសរុប១១៧នាក់ ស្រី២នាក់ផងដែរ ។
កម្មវិធីប្រណាំងនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៨ព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទន្លេវ៉ៃគោ ក្នុងទឹកដីខេត្តស្វាយរៀង ។
សូមបញ្ជាក់ថា ការប្រណាំងទូកងក្នុងខេត្តស្វាយរៀងមានការឧបត្ថម្ភគាំទ្រពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងសប្បុរសជននានាក្នុងខេត្ត និងក្រៅខេត្តផងដែរ ៕
ដោយ៖ យឹម សុថាន