ខេត្ដសៀមរាប៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង និង៥នាក់ទៀតរងរបួសនិងធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរ ដោយសាររថយន្តបែនដឹកដី បុករថយន្ដមួយគ្រឿងទៀតដឹកបងប្អូនទៅបង់សំណាញ់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរកើតឡើងនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាលា ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ។
អធិការនគរបាលស្រុកជីក្រែងលោកវរសេនីយទោ តូច សាកល បាននៅព្រឹកថ្ងៃទី៣០ ខែតុលានេះថា គ្រោះថ្នាក់ចរាចរនេះ កើតឡើងដោយសារ អ្នកបើកបររថយន្ដបែនដឹកដីបើកបរក្នុងល្បឿនលឿន មិនប្រុងប្រយ័ត្នជាន់ហ្វ្រាំងមិនស៊ី ក៍ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ និងជ្រុលទៅបុកឡានមួយគ្រឿងខណៈដល់ចំណុចផ្លូវកោង បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ។
លោកបានបន្ដថា ជនរងគ្រោះដែលជិះក្នុងមានគ្នា១០នាក់ ពួកគាត់បំរុងទៅបង់សំណាញ់ ដើម្បីយកត្រីធ្វើម្ហូប ប៉ុន្ដែចៃដនស្រាប់តែរថយន្ដបែនដឹកដីបើកបុកតែម្ដង ។
លោកបន្តទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ជាន ជួន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប(រួមដំណើរ) ចំណែកអ្នករងរបួសទី១/ឈ្មោះ ផង់ ភាន់ ភេទប្រុសអាយុ៣៦ឆ្នាំអ្នកបើកបរ (របួសធ្ងន់)រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប បើកបរមកពីត្បូងទៅជើង ដែលបើករថយន្តម៉ាកTITANពណ៌ខៀវ ពាក់ស្លាកលេខកំពង់ធំ 3A-0449 ទី២/ឈ្មោះ នួន រឿន ភេទប្រុសអាយុ២៩ឆ្នាំ(របួសធ្ងន់)ទី៣/ឈ្មោះ គន ភេទប្រុសអាយុ២៣ឆ្នាំ របួសធ្ងន់ ទី៤/ឈ្មោះ រឿន ស្រេង ភេទប្រុសអាយុ២៩ឆ្នាំរបួសស្រាលនិងទី៥/ឈ្មោះ ថង ខី ភេទប្រុសអាយុ២២ឆ្នាំ របួសស្រាល អ្នកទាំង៥នាក់រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានក្រុមគ្រួសារនាំគ្នាដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកអ្នកបើកបរ និងរថយន្ដ មិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយទេ ។ រីឯសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
បច្ចុប្បន្នសមត្ថកិច្ច បានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែងដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ជានិរន្ដរ៍