ភ្នំពេញ៖ តារាកំប្លែងអ្នកនាងស្រេង សុកាន់ដា ហៅនាង ខ្ញុង ស្រាប់តែលេចដំណឹងមានផ្ទៃពោះពី៣ទៅ៤ខែក្រោយបានភ្ញាប់ ទំនាក់ទំនងស្នេហ៍ស៊ីជម្រៅជាមួយនាយកៃដ ហើយថែមទាំងបានសែនព្រេនជាមួយគ្នា នៅមុខចាស់ទុំទាំងសងខាងនិងរួមរស់នឹងគ្នាជាប្ដីប្រពន្ធ។
បន្ទាប់ពីធ្លាយរឿងចំណងស្នេហាក្រៅឆាករវាងនាងខ្ញុង និងនាយពាក់មី អស់រយៈពេលជាយូ ស្រាប់តែមានលេចធ្លាយរឿងស្នេហារវាង នាងខ្ញុង និងនាយកៃដដែលគេស្ទើតែមិនជឿ។ អ្នកទាំងពីរបានសម្រេចចិត្តសែនព្រេន ក្រាបផ្ទឹមយកគ្នាធ្វើជាប្ដីប្រពន្ធ នៅមុខចាស់ទុំទាំងសងខាង កាលពីថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ ២០១៧ ចំថ្ងៃថ្ងៃឡើងផ្ទះនាងខ្ញុងតែម្ដង ប្រភពពីអ្នកកំប្លែងរួមក្រុមតារាស្រីរូបនេះបានលើកឡើងថា ពេលនេះខ្ញុងកំពុងពរពោះកូនដំបូងដែលជាតំណក់ឈាមរួមគ្នាជាមួយនាយកៃដ ដែលពេលនេះកូនក្នុងផ្ទៃមានវ័យទើបនឹង៣ទៅ៤ខែប៉ុណ្ណោះ។ ប្រភពបន្តថា ខ្ញុងបានចាប់ផ្តើមផ្អាកទទួលការងារសិល្បៈមួយចំនួនពិសេសការងារដែលនៅឆ្ងាយៗ តាមខេត្តព្រោះតែត្រូវថែទាំកូនក្នុងផ្ទៃ ខណៈដែលនាយកៃដប្រឹងស្ទើរគ្មានពេលសម្រាកនោះ។
ទោះជាយ៉ាងណានៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីតារាកំប្លែងស្រីរូបនេះបាននៅឡើយទេ។ ប៉ុន្តែអ្នកសិល្បៈលើកឡើងថា ខ្ញុងពិតជាចង់បានកូនភ្លាមៗក្រោយសែនព្រេននឹងនាយកៃដ បើទោះបីជាពួកគេមិនបានរៀបការតាមការគ្រោងទុកក្តី។ ។ក្រោយចាប់ដៃគ្នាជាប្តីប្រពន្ធ ខ្ញុង និងនាយកៃដបានដុតដៃដុតជើងខ្លាំងទាំងក្នុងការងារសិល្បៈ និងមុខជំនួញជាហូរហែរ។ ជាញឹកញាប់គេបានឃើញភាពផ្អែមល្ហែមខ្លាំងរបស់ពួកគេបានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។ ប្រភពបន្តថា ខ្ញុងចង់ឲ្យកូនក្នុងផ្ទៃជាកូនស្រី ខណៈដែលកូនប្រុសនាងជាមួយប្តីមុនមានវ័យជិត១០ឆ្នាំដែរហើយ៕
ដោយ វឌ្ឍនា