អភិបាលខណ្ឌដង្កោ បើកការដ្ឋានស្ថាបនាផ្លូវ ០៦ខ្សែ ក្នុងសង្កាត់០៣ របស់ខណ្ឌដង្កោ

ចែករំលែក៖

​ភ្នំពេញ៖ ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោបានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន ០៦ខ្សែ ស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៥ និងគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៥ ក្នុងសង្កាត់គងនយ សង្កាត់ទៀន និងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ។

image2

​លោកអភិបាលខណ្ឌដង្កោ បានថ្លែងនូវការអបអរសារទរចំពោះ​សមិទ្ធផលថ្មីបន្ថែមទៀតដែល​សង្កាត់ទាំង០៣ ក្នុងខណ្ឌដង្កោ បានទទួលតាមរយៈគម្រោងមូលនិធិសង្កាត់ និងគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៥ ដែលរួមមានផ្លូវបេតុង ០៦ខ្សែ ដែលត្រូវបើកការដ្ឋានស្ថាបនាក្នុងពេលនេះ ។

លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់មូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយកិតិ្តបណ្ឌិតរបស់សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដែលសម្តេចបានរំដោះប្រទេសជាតិអោយរួចពីរបបប្រល័យពូជសាសន៍ប៉ុលពត និងបានបន្តអភិវឌ្ឍប្រទេសជាតិអោយរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ ។

ជាមួយគ្នាលោកអភិបាលខណ្ឌក៏បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំង៣ ជាពិសេសអ្នកដែលរស់នៅជាប់នឹងគម្រោងដែលត្រូវស្ថាបនានេះ សូមយល់អធ្យាស្រ័យចំពោះផលប៉ះពាល់​តិចតួចដែលកើតមានដោយសារការស្ថាបនាផ្លូវ ហើយសូមតាមដានការលើការស្ថាបនាផ្លូវ​នេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺដើម្បីបម្រើប្រយោជន៍ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់ ។

គួរបញ្ជាក់ថា ​ការបើកការដ្ឋានស្លាបនានាថ្ងៃនេះរួមមាន៖

សង្កាត់គងនយ

  • ផ្លូវបេតុងឆ្អឹងដែក ប្រវែង ៥៦០ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិវាលថ្លាន់ (ប្រើប្រាស់គម្រោងថវិការរបស់រដ្ឋបាលខណ្ឌ)
  • ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ២៧៣ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិវាលថ្លាន់ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់)

សង្កាត់ទៀន

  • ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ២៧ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មី (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់)

សង្កាត់សាក់សំពៅ

  • ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ១០៣ម៉ែត្រ ទទឹង ០៤ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាក់សំពៅ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់)
  • ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ៨០ម៉ែត្រ ទទឹង ០៣ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិសាក់សំពៅ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់)
  • ផ្លូវបេតុងគ្មានសសៃដែក ប្រវែង ១៥៦,៥ម៉ែត្រ ទទឹង ០៣ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតក្នុងភូមិក្រាំងតាផូ (ប្រើប្រាស់គម្រោងមូលនិធិសង្កាត់) ៕

image1 image3

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print