ខេត្តកណ្ដាល៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញចង.កសម្លាប់ខ្លួន កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចក្នុងបន្ទប់ក្រោមផ្ទះស្ថិតក្នុងភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សពរងគ្រោះត្រូវបានគេស្គាល់ថា ឈ្មោះសុទ្ធ សុខរិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ស្រុកកំណើតនៅភូមិថ្នល់ថ្មី ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ជាបុគ្គលោកក្រុមហ៊ុនស្រាបៀរមួយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា វេលាម៉ោង១រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះបានដើរចែកស្រាបៀរដល់ដេប៉ូនានាតាមផ្លូវជាតិលេខ2 ក្នុងស្រុកកណ្តាលស្ទឹង។ ពេលចែកចាយស្រាបៀរអស់ ជនរងគ្រោះនិងមិត្តភក្ដិរួមការងារមានគ្នា៤នាក់ បានបើករថយន្តទៅលេងផ្ទះឈ្មោះ ឆុំ ស៊ីណាត ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ជាអ្នករួមការងារជាមួយគ្នា។ ពេលទៅដល់ម្ចាស់ផ្ទះ និងជនរងគ្រោះបានហូបបាយ និងផឹកស្រាបៀរជុំគ្នារហូតដល់ម៉ោង៦ល្ងាចថ្ងៃដដែល ទើបជនរងគ្រោះបានឲ្យមិត្តភក្ដិទាំង៣នាក់ដែលទៅជាមួយខ្លួនបើករថយន្តទៅទុកនៅក្រុមហ៊ុននៅក្រុងតាខ្មៅវិញ។ ពេលទៅដល់ក្រុម៊ហ៊ុន មនុស្ស២នាក់សំរាកនៅក្រុមហ៊ុន។ ចំណែកអ្នកឯទៀតបានជិះម៉ូតូត្រឡប់មកវិញ ហើយបានផឹកស្រាបៀរជាមួយម្ចាស់ផ្ទះ និងជនរងគ្រោះបន្តទៀត រហូតដល់ម៉ោង៨យប់ ទើបឈប់ហើយនាំគ្នាចូលដេករៀងៗខ្លួន។
ប្រភពដដែលបន្ដថា លុះដល់ព្រឹកថ្ងែទី២៩ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង៥ព្រឹក ម្ចាស់ផ្ទះបានងើបពីដេកបានដើរចេញមក ហើយងាកមើលទៅបន្ទប់ជនរងគ្រោះដេក ក៏ឃើញជនរងគ្រោះចងកស្លាប់បាត់ហើយ ទើបស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍និងផ្នែកជំនាញស្រុកនិងខេត្ត បានធ្វើការពិនិត្យទៅលើសាក សពឃើញថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតចងកស្លាប់ដោយខ្លួនឯងប្រាកដមែន។ បច្ចុប្បន្ន សាកសពត្រូវបានប្រគល់ឲ្យទៅក្រុមគ្រួសារដឹកតាមរថយន្ត យកទៅស្រុកបារាយណ៍ខេត្តកំពង់ធំ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ វិបុល