ខេត្ដឧត្ដរមានជ័យ៖ ទំនិញគ្មានគុណ ភាពកំពុងតែហូរចូលពីប្រទេសថៃតាម ច្រកអន្ដរជាតិជាំសាង៉ាំក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យដោយសារមន្ដ្រីកាំកុងត្រូល និងសាខាគយនិងរដ្ឋាករប្រចាំនៅ ទីនោះមិនបានត្រួតពិនិត្យរាល់ទំនិញគ្រប់ ប្រភេទដែលក្រុមអាជីវករបានដឹកជញ្ជូនតាមរថយន្ដជាច្រើនគ្រឿងរៀងរាល់ថ្ងៃ ព្រហស្បតិ៍ និងថ្ងៃអាទិត្យចេញមកពី ផ្សារណាត់នៅស្រុកភូស៊ីង ខេត្ដស៊ីសា កេត ប្រទេសថៃ ។
ប្រភពព័ត៌មានបានឱ្យដឹងថា គេតែង សង្កេតឃើញមានទំនិញគ្មានគុណភាព និងហួសកាលបរិច្ឆេទមានដូចជា នំចំណី ភេសជ្ជៈ និងគឿងឧបភោគ បរិភោគ ជាដើម ។ល។
អាជីវករលក់ចាប់ហួយម្នាក់នៅក្នុងផ្សារអន្លង់វែងសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា គាត់តែងតែបានទទួលទិញ ទំនិញជាច្រើនប្រភេទនាំមកពីប្រទេសថៃដែលក្រុមអាជីវករដើរបោះដុំនៅតាម ទីផ្សារ ។ ពេលនោះរូបគាត់បានទិញ ប៉ះចំទំនិញគ្មានគុណភាពជាច្រើន ជាក់ ស្ដែងគឺទឹកអូអ៊ិឈិ ដែលគាត់បានទិញ ទុកចោលដោយមិនហ៊ានដាក់លក់ ។
ដោយឡែកប្រជាពលរដ្ឋក៏ដូចជា សមត្ថកិច្ចនៅច្រកអន្ដរជាតិជាំសាង៉ាំ បានលួចខ្សឹបប្រាប់នគរវត្ដឱ្យដឹងថា នៅ រៀងរាល់ថ្ងៃពេលក្រុមអាជីវករដឹក ជញ្ជូនទំនិញមកពីប្រទេសថៃគឺខាងមន្ដ្រីកាំកុងត្រូលនិងខាងគយនិងរដ្ឋាករមិន បានបំពេញតួនាទីរបស់ខ្លួនឡើយគឺអង្គុយចាំតែយកលុយមួយមុខគត់ ។
ជុំវិញករណីខាងលើក្រុមការងារ របស់កាសែតនគរវត្ដមិនអាចស្វែងរកការបំភ្លឺពីស្ថាប័នពាក់ព័ន្ធនៅច្រកអន្ដរ ជាតិជាំសាង៉ាំបានឡើយ ៕
ដោយ៖ ប៉ែន នួន