ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានកាសែតនគរវត្ត និងគេហទំព័រ Fersh News បានចេញផ្សាយ ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋ១គ្រួសារមានទីលំនៅក្នុងក្រុម៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលរងនូវភាពមិនប្រក្រតីក្នុងការដែលអាជ្ញាធរដែនដីចុះផ្អាកការសាងសង់លំនៅឋានរបស់ប្រជាពលរដ្ឋបំពានលើលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញនោះបានធ្វើឲ្យលោក ចេង មុន្នីរ៉ា អភិបាលខណ្ឌច្បារអំពៅក្តៅត្រចៀកខ្លាំង ហើយនៅវេលាម៉ោង១០ព្រឹក ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ លោកអភិបាលរូបនេះបានបញ្ជាឲ្យលោក ណុប ផា អភិបាលរងខណ្ឌដឹកនាំកម្លាំង ចុះមកផ្អាកនិងចាប់ជាងធ្វើសំណង់ រួមទាំយកសម្ភារៈនិងរថយន្តស្ទួចមួយគ្រឿង ទាំងតក់ក្រហល់។ ចំណាត់ការរបស់លោកអភិបាលខណ្ឌច្បារអំពៅធ្វើឡើងហាក់ដូចជាបង្ក្រាប។ បទល្មើសព្រហ្មទណ្ឌអ៊ីចឹង ដោយបំពានលើសិទ្ធិប្រជាពលរដ្ឋ គ្មានលិខិតជូនដំណឹង និងគ្មានទាំងលិខិតអនុញ្ញាតផ្អាកការសាងសង់នោះទេ។
លោក សេង សិទ្ធគុណ និងលោក សេង បញ្ញារិទ្ធ ជាបងប្អូនបង្កើតបានរៀបរាប់ថា ដោយសារតែអស់លទ្ធភាពតទៅមុខទៀត ព្រោះតែពីដំបូងឡើយរាជរដ្ឋាភិបាលបានធ្វើការពង្រីង និងអភិវឌ្ឍន៍ផ្លូវជាតិលេខ១ឲ្យធំទូលាយដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរលើដងផ្លូវនេះ។ នៅពេលនោះគ្រួសាររបស់គាត់បានគោរពតាមការណែនាំរបស់អាជ្ញាធរដែនដី តាំងពីថ្នាក់ក្រោមរហូតដល់កំពូល និងគាំទ្រយ៉ាងពេញទំហឹងលើការអភិវឌ្ឍផ្លូវជាតិ លេខ១នេះ ហើយក៏បានចូលរួមចំណែកបរិច្ចាគ និងកាត់ដីដែលរងផលប៉ះពាល់ដើម្បីងាយស្រួលក្នុងការពង្រីកផ្លូវជាតិមួយនេះ ។
អ្វីដែលគាត់ស្នើសុំ គឺរហូតមកដល់ពេលនេះវាមិនបានដូចបំណង ហើយលក្ខខណ្ឌ និងពាក្យស្នើសុំបានគោរពច្បាប់ទាំងអស់របស់អាជ្ញាធរដែនដី តែពេលគាត់រុះរើផ្ទះចាស់ រួចសុំច្បាប់សាងសង់ថ្មីឡើងវិញនៅលើដីដែលសល់ បែរជាអាជ្ញាធរខណ្ឌច្បារអំពៅចុះផ្អាកមិនឲ្យសាងសង់។
លោក សេង សិទ្ធគុណ និងលោក សេង បញ្ញារិទ្ធ ជាបងប្អូនបង្កើតបានរៀបរាប់ថា ពីដើមឡើយដីរបស់ពួកខ្ញុំធំ ហើយវែង តែរដ្ឋត្រូវការអភិវឌ្ឍ ខ្ញុំបានបរិច្ចាគតាមការកំណត់របស់រដ្ឋ ហើយសល់រហូតមកដល់បច្ចុប្បន្នសម្រាប់សាងសង់លំនៅឋាន តែពេលស្នើសុំច្បាប់សាងសង់វិញ បែរជាអាជ្ញាធរមិនអនុញ្ញាត ដោយតម្រូវឲ្យគាត់ទៅសុំច្បាប់បន្តនៅសាលារាជធានីភ្នំពេញ។
លោកបានបន្តថា ពេលមកកាន់សាលារាជធានីភ្នំពេញ ពួកគាត់បានរៀបចំបែបបទស្នើសុំ ហើយខាងសាលារាជធានីភ្នំពេញបានអនុញ្ញាតឲ្យសាងសង់ឡើងវិញ ដោយយោងតាមលិខិតលេខ០១១លសរ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ ប៉ុន្តែអាជ្ញាធរខណ្ឌច្បារអំពៅ នៅតែមិនអនុញ្ញាតឲ្យសាងសង់ តាមលិខិតសាលារាជធានីភ្នំពេញដដែល ។ ករណីនេះបែរជាអាជ្ញាធរសំអាងថា កំពុងពាក់ព័ន្ធនឹងទំនាស់ជាមួយអ្នកជិតខាង។ ផ្ទុយទៅវិញ គឺបញ្ហាទំនាស់ត្រូវបានដោះស្រាយចប់សព្វគ្រប់តាំងពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៥មកម៉្លេះ។
ម្ចាស់សំណង់បានលើកឡើងថា ខ្ញុំគោរពច្បាប់រដ្ឋ ទាំងការសាងសង់ ទាំងការស្នើសុំ ក៏ដូចជាបញ្ហាគម្លាតជាដើម មានចេតនាអនុវត្តតាមអាជ្ញាធរ និងជំនាញ ប៉ុន្តែខ្ញុំមិនទទួលបានយុត្តិធម៌ក្នុងរឿងនេះសម្រាប់សាងសង់ ត្រឹមតែធ្វើឡើងវិញលើដីកម្មសិទ្ធិស្របច្បាប់របស់ខ្លួន ដើម្បីជាជម្រកការស្នាក់អាស្រ័យសម្រាប់កូនមករៀនសូត្រនៅភ្នំពេញ។ ក្នុងនោះ ខ្ញុំមានចម្ងល់ផងដែរថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គាត់បានយល់ពីបញ្ហានេះច្បាស់ និងអនុញ្ញាតឲ្យខ្ញុំសាងសង់លំនៅឋានវិញដោយមានលិខិតស្នាមជាផ្លូវការណ៍ ហើយក្នុងនោះ លោកអភិបាលថែមទាំងបានទូរស័ព្ទទៅកាន់អាជ្ញាធរខណ្ឌច្បារអំពៅបញ្ជាក់ឲ្យពួកខ្ញុំបានសង់លំនៅឋានវិញ តែដល់ពេលសាងសង់ មិនត្រឹមតែមកឃាត់សំណង់ប៉ុណ្ណោះទេ ថែមទាំងអះអាងថា ការនិយាយតាមទូរស័ព្ទរបស់លោកអភិបាលរាជធានីភ្នំពេញមិនផ្លូវការណ៍? ពួកគាត់បន្តថា បើចាត់ទុកអភិបាលរាជធានីនិយាយទូរស័ព្ទមិនមែនជាផ្លូវការណ៍ ចុះក្នុងនាមអាជ្ញាធរមូលដ្ឋានមានបានយកចិត្តទុកដាក់ឬទេ ចំពោះលិខិតអនុញ្ញាតរបស់អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨?
ពាក់ព័ន្ធករណីនេះ កន្លងទៅ លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅបានប្រាប់នគរវត្តតាមទូរស័ព្ទថា ករណីហាមឃាត់សំណង់នេះដោយសារមានបណ្តឹងពីអ្នកជិតខាង ក្នុងនោះ បញ្ហានេះក៏ត្រូវទៅដោះស្រាយជុំគ្នានៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានី និងនៅសាលារាជធានីភ្នំពេញរួចហើយដែរ។ ក្នុងនោះលោកអភិបាលក៏បានបញ្ជាក់ថា រឿងនេះ ខាងខណ្ឌក៏ត្រូវដាក់សំណើទៅសាលារាជធានីភ្នំពេញដើម្បីស្នើសុំខាងរាជធានីភ្នំពេញជាអ្នកដឹកនាំមកកំណត់ទីតាំង និងគម្លាតព្រំដីដើម្បីសាងសង់ ។
គួររំឮកថា កន្លងទៅមិនត្រឹមតែអាជ្ញាធរខណ្ឌប៉ុណ្ណោះទេ ដែលចុះទៅឃាត់សំណង់នេះ ក្នុងនោះសូម្បីតែខាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់រាជធានីក៏ចុះឃាត់សំណង់ធ្វើកំណត់ហេតុ ទាំងម្ចាស់ទីតាំងមានលិខិតអនុញ្ញាតពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញថែមទៀត ដោយសម្អាងថា ការដ្ឋានកំពុងសាងសង់មានទំនាស់។ លុះពេលម្ចាស់សំណង់បង្ហាញពីឯកសារផ្លូវច្បាប់ លិខិតកាន់កាប់ដីធ្លី លិខិតបញ្ចប់វិវាទ និងលិខិតអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញ បែរជាខាងអនុប្រធានមន្ទីរខាងសំណង់លើកឡើងថា ការឃាត់សំណង់ និងធ្វើកំណត់ហេតុ កាលនោះក្រុមការងាររបស់គាត់មិនបានដឹងថា សំណង់នេះមានលិខិតអនុញ្ញាតិពីលោកអភិបាលរាជធានីភ្នំពេញទៅវិញ។
អ្នកជិតខាងបានសម្តែងនូវការគាំទ្រចំពោះឆន្ទៈម្ចាស់សំណង់កាន់កាប់ដីស្របច្បាប់នេះ និងទទួលស្គាល់ថា អាជ្ញាធរ ក៏ដូចជាជំនាញហាក់មានចេតនាណាមួយបន្ទច់បង្អាក់ដោយប្រើបច្ចេកទេសជំនាញ ដើម្បីឲ្យម្ចាស់សំណង់បង្ខំចិត្តលក់ដីនេះក្នុងតម្លៃថោក ទើបបញ្ហានេះចេះតែកើតមានជាបន្តបន្ទាប់ ។ ពួកគាត់បានលើកឡើងថា ម្ចាស់ទីទាំង ជាមន្ត្រីរាជការមានមុខមាត់ឋាន តួនាទីក្នុងស្ថាប័នរដ្ឋដ៏ជាក់លាក់ផង នៅអាជ្ញាធរ និងជំនាញមានឱកាសគៀបសង្កត់ ចុះបើជាពលរដ្ឋសាមញ្ញធម្មតាវិញ តើពួកគាត់អាចប្រឈមនឹងអំពើអយុត្តិធម៌ ការគៀបសង្កត់តាមរយៈការប្រើអំណាច បច្ចេកទេសជំនាញដើម្បីបង្អាក់សំណង់នេះដ៏កម្រិតណា? តើយុត្តិធម៌ទេដែល លោកអភិបាលខណ្ឌបានបញ្ជាឲ្យលោក ណុប ផា ជាអភិបាលរងខណ្ឌចុះមកផ្អាកនិងចាប់ជាងធ្វើសំណង់ រួមទាំងយកសម្ភារៈនិងរថយន្តស្ទួចមួយគ្រឿងបញ្ជូនទៅសាលាខណ្ឌភ្លាមៗ ទាំងតក់ក្រហល់ប្រៀបដូចរឿងនេះជាបទល្មើសព្រហ្មទណ្ឌ ដោយបំពានលើសិទ្ធិប្រជាពលរដ្ឋ ដោយគ្មានសេចក្តីជូនដំណឹង និងគ្មានទាំងលិខិតអនុញ្ញាតផ្អាកការសាងសង់ទៅទៀតនោះ?
ពាក់ព័ន្ធករណីខាងលើនេះ លោក ចេង មុន្នីរ៉ា បានប្រាប់នគរវត្តតាមទូរស័ព្ទកាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨ តាមទូរស័ព្ទឲ្យដឹងថា លោកគ្រាន់តែបញ្ជាក់ថា រឿងនេះផុតដៃលោកហើយ គឺលោកបានបញ្ជូនឯកសារទៅសាលារាជធានីភ្នំពេញជាអ្នកដោះស្រាយ ៕ ស តារា