ម្ចាស់សំណង់មានច្បាប់បង្ខំចិត្តប្តឹងអភិបាលខណ្ឌច្បារអំពៅទៅតុលាការ ករណីបញ្ជាកម្លាំងនិងកូនចៅមកផ្អាកសំណង់ ដោយគ្មានការជូនដំណឹង ឬលិខិតផ្អាកបណ្ដោះអាសន្នជាផ្លូវការ

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ទីតាំងសំណង់ស្របច្បាប់ លោក សេង សិទ្ធគុណ និងលោក សេង បញ្ញារិទ្ធ ជាបងប្អូនបង្កើត បានបង្ខំចិត្តនឹងដាក់ពាក្យប្តឹង លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ទៅព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ករណីប្រើអំណាចផ្ដាច់ការ បញ្ជាកូនចៅសមត្ថកិច្ចសណ្ដាប់ធ្នាប់ខណ្ឌ ចុះមកចាប់យកសម្ភារៈគ្រឿងសំណង់ ក៏ដូចជារថយន្តស្ទួច និងផ្អាកសំណង់ ដោយគ្មានការជូនដំណឹងជាមុន ឬចេញនូវលិខិតផ្អាកសាងសង់ណាមួយជាផ្លូវការ កាលពីព្រឹកថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៨ ទាំងតក់ក្រហល់ ដោយកំហឹងគុំគួន។ លោក សេង បញ្ញារិទ្ធ បានថ្លែងបែបនេះ កាលពីរសៀលថ្ងៃដដែរនេះ បន្ទាប់ពីសំណង់របស់គាត់ត្រូវបានអាជ្ញាធរប្រើអំណាចផ្ដាច់ការ និងមិនបានគោរពដល់សិទ្ធិការរស់នៅរបស់ប្រជាពលរដ្ឋ បង្ហាញពីការធ្វើនេះកើតឡើងដោយកំហឹងឬបម្រើឲ្យផលប្រយោជន៍ពីភាគីណាមួយ ក្នុងនោះសូម្បីតែលោក ណុប ផា អភិបាលរងខណ្ឌដឹកនាំកម្លាំងចុះមកអនុវត្តផ្ទាល់ បាននិយាយទាំងកម្រោលថា លោកចេង មុន្នីរ៉ា អភិបាលខណ្ឌបញ្ជាឲ្យចាប់យកទាំងអស់។
ម្ចាស់សំណង់បន្តថា៖ ប្រសិនបើមានការជូនដំណឹងឬលិខិតឲ្យផ្អាកសំណង់ជាបណ្ដោះអាសន្នយកមកបង្ហាញ លោកមិនជំទាស់ទេ ត្រូវអនុវត្តតាម សមត្ថកិច្ច អាជ្ញាធរ ដែនដី ក្នុងនាមជាពលរដ្ឋ រស់នៅក្នុងប្រទេសគ្រប់គ្រងដោយច្បាប់ (នីតិរដ្ឋ)ដែលកំពុងមានការអភិវឌ្ឍន៍ ពិសេសប្រមុខរាជរដ្ឋាភិបាល បានជំរុញឲ្យមានការលើកកម្ពស់និងផ្តល់កម្លាំងចិត្តទៅលើការវិនិយោគវិស័យសំណង់ផងនោះ ។ ម្ចាស់សំណង់បានបញ្ជាក់ថា៖ បើមានលិខិតស្នាមឲ្យផ្អាកត្រឹមត្រូវខ្ញុំសុខចិត្តបញ្ឈប់ការសាងសង់ ទោះជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចេញលិខិតអនុញ្ញាតឲ្យពួកខ្ញុំសាងសង់លំនៅដ្ឋានតាមភាពដូចដើមវិញក៏ដោយ។ តាមពិតខ្ញុំមិនយល់ហេតុអ្វីអភិបាលខណ្ឌមិនអនុវត្តតាម លិខិតអនុញ្ញាតពីលោកអភិបាលរាជធានីភ្នំពេញ ចុះនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ..? ក៏ដូចជាការប្រាប់តាមទូរស័ព្ទបន្ថែមទៀតពីលោកអភិបាល ឃួង ស្រេង មកកាន់លោកអភិបាលខណ្ឌច្បារអំពៅ?
លោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ផ្ទុយទៅវិញគាត់បានត្រឹមនិយាយរបៀបខ្វះការទទួលខុសត្រូវថា ការបញ្ជាតាមទូរស័ព្ទរបស់លោកអភិបាលរាជធានីភ្នំពេញនេះ មិនអាចយកជាផ្លូវការបាន។
ប្រភពគួរអោយជឿទុកចិត្តបានធ្លោយថា៖អភិបាលខណ្ឌច្បារអំពៅ អាចនឹងពាក់ព័ន្ធនិងបញ្ហាទឹកចិត្ត ឬផលប្រយោជន៍ណាមួយពីភាគីម្ខាងទៀត ។ក្នុងនោះក៏មានការលើកឡើងថា សូម្បីតែលោក ណុប ផា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងទៅចាប់យកសំភារៈ ផ្អាកសំណង់ ក៏ជាសាច់ញាតិនៃភាគីម្ខាងទៀត ទើបដំណោះស្រាយគ្មានភាពធូរស្រាល មានន័យថាអាជ្ញាធរខណ្ឌគ្មានចេតនាដោះស្រាយ ឲ្យមានតម្លាភាព ដើម្បីដោះបន្ទុកទំនាស់ បែរជាប្រឹងដាក់បន្ទុកក្នុងប្រយោជន៍ ពីរឿងតូច ឬទំនាស់ត្រូវបានបញ្ចប់ ដោយមានឯកសារច្បាស់លាស់រួចទៅហើយ ស្រាប់តែ គាត់ព្យាយាមគាស់កកាយឡើងវិញ បង្កើតជាបញ្ហា ហើយលើកហេតុផលនេះ ហេតុផលនោះ ជំរុញឲ្យទៅខាងសាលារាជធានីភ្នំពេញ ដល់សាលារាជធានីភ្នំពេញ អនុញ្ញាតហើយបន្តផ្អាកសំណង់មានច្បាប់ដដែល ។
ម្ចាស់សំណង់លើកថា៖ ពេលខ្លះធ្វើដោយកំហឹង ស្របពេលអំណាចមាននៅក្នុងដៃ ក្នុងនាមជាអាជ្ញាធរដែនដី ។
ម្ចាស់សំណង់បានគូសបញ្ជាក់ថា៖ នេះសម្រាប់ពួកខ្ញុំ ជាអ្នកគោរពច្បាប់ និងជាអ្នកធ្វើការប៉ុណ្ណឹងផង នៅអាជ្ញាធរគាត់ប្រើអំណាចបំពាន ចុះទម្រាំពលរដ្ឋដែលខ្លះទៀតមិនសូវយល់អំពីផ្លូវច្បាប់ មិនដឹងជាពួកគាត់ប្រឈមនិងទង្វើបែបនេះដល់កម្រិតនេះបែបណា..?
អ្នកជិតខាងដែលបានឃើញហេតុការណ៍នេះទទួលស្គាល់ថា៖ អាជ្ញាធរខណ្ឌច្បារអំពៅ បានប្រើសិទ្ធិរបស់ខ្លួន ក្នុងនាមរដ្ឋអំណាចបំពានទៅលើសិទ្ធិរស់នៅរបស់ពលរដ្ឋ បែបជាវប្បធម៍ធ្វើជាទំលាប់អាក្រក់ធ្លាប់ អនុវត្តកន្លងទៅ ទាំងបំពានក៏ដូចបម្រើឲ្យភាគីខ្លួនត្រូវរូវ ដោយមិនបានថ្លឹងថ្លែង រកហេតុនិងផល ដើម្បីជានីតិវិធីតាមផ្លូវច្បាប់ ។ ចំពោះករណីព្រឹកមិញនេះ ប្រជាពលរដ្ឋបានរិះគន់ថា ៖ លោក អភិបាលខណ្ឌច្បារអំពៅ បញ្ជាឲ្យលោក ណុប ផា ដឹកនាំកម្លាំងមកឃាត់សំណង់ ចាប់យកសម្ភារៈ និងរថយន្តស្ទួច ដោយគ្មានការជូនដំណឹងដល់ម្ចាស់ទីតាំងជាមុន ឬគ្មានលិខិតឲ្យផ្អាកសំណង់ជាបណ្ដោះអាសន្ន គឺជាទម្លាប់នៃអំពីខុសច្បាប់ទាំងស្រុង។
ដូច្នេះអាជ្ញាធរខណ្ឌគួរបោះបង់វប្បធម៍មិនគប្បី មិនមែនជាផ្លូវច្បាប់នេះចោលទៅ ? សម្រាប់ពួកខ្ញុំជាប្រជាពលរដ្ឋវិញ ចង់ឲ្យអាជ្ញាធរមុននិងធ្វើការទប់ស្កាត់ បង្ក្រាប បទល្មើស ការផ្អាកសំណង់ មានច្បាប់ ឬអត់ច្បាប់ គួរឈរលើមូលដ្ឋាន «ទិដ្ឋភាពសង្គម…ទិដ្ឋភាពច្បាប់…និងទិដ្ឋភាពនយោបាយ » មិនមែនគ្រាន់តែបញ្ចេញសកម្មភាពដឹកនាំមន្រ្តីរាជការ មហាជន រើសសំរាម ..ការហាមឃាត់រថយន្តធុនធំ ហើយជាលទ្ធផលបញ្ជាក់ថាមានស្នាដៃនោះទេ ។
ប្រជាពលរដ្ឋគាំទ្រ ចំពោះករណីបំផុសគំនិតប្រជាពលរដ្ឋឲ្យចូលរួមសម្អាតទីក្រុង រៀបចំសណ្តាប់ធ្នាប់ ហាមឃាត់សំណង់អត់ច្បាប់ ទប់ស្កាតរថយន្តធុនធំចូលក្រុង និងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ប៉ុន្តែកុំយកវិធីឃាត់រថយន្តធុនធំដឹកគ្រួស ខ្សាច់ ដី គ្រឿងសំណង់ ទំនិញ ។ល។..ជាការធ្វើស្ថិតិ ដើម្បីឲ្យស្គាល់ម្ចាស់ឡាន ..ម្ចាស់ក្រុមហ៊ុន ហើយទាញយកគោលបំណងឲ្យម្ចាស់ឡាន និងម្ចាស់ក្រុមហ៊ុនស្គាល់ខ្លួនវិញ ដើម្បី….? នេះមិនទាន់គិតអំពីសំណង់អត់ច្បាប់ សំណង់មានច្បាប់ សុំត្រឹមសង្កាត់ ខណ្ឌ លាក់លៀមមិនមានការអនុញ្ញាតដល់សាលារាជធានីភ្នំពេញនោះផង ។
លោក សេង បញ្ញារិទ្ធ បានសម្រេចចិត្តនឹងប្តឹងអភិបាលខណ្ឌច្បារអំពៅទៅព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ខណៈអភិបាលរូបនេះប្រើអំណាចរំលាភបំពានលើសិទ្ធិពលរដ្ឋមកផ្អាកសំណង់ស្របច្បាប់របស់ខ្លួនដោយគ្មានការជូនដំណឹងជាមុនឬមានលិខិតស្នាមឲ្យផ្អាកបណ្ដោះអាសន្នជាបែបបទរដ្ឋបាលនោះ ។
ពាក់ព័ន្ធនិងករណីនេះលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានប្រាប់«នគរដ្រេហ្គន»តាមទូរស័ព្ទថា ៖ករណីផ្អាកសំណង់នេះដោយសារសំយ៉ាបលយចូលទៅក្នុងដីភាគីម្ខាងទៀត ។ ក្នុងនោះលោកក៏បានបញ្ជាក់ទៀតថា ៖ មានតំណាក់កាលនៃការសម្របសម្រួលច្រើនណាស់ មានថ្នាក់ខណ្ឌ ថ្នាក់មន្ទីរ និងម្សិលមិញថា្នក់រាជធានី ប៉ុន្តែពុំទទួលបានលទ្ធផល ហើយការសម្របសម្រួលនៅថ្នាក់រាជធានី ឲ្យផ្អាកការដ្ឋានសិន រង់ចាំការសម្របសម្រួលបន្តទៀត ៕

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print