ទីផ្សារភាគហ៊ុននៅលើពិភពលោក កំពុងតែជួបព្យុះភ្លៀង បង្កក្តីបារម្ភយ៉ាងខ្លាំងដល់ក្រុមអ្នកវិនិយោគ ។ សកម្មភាពខាង លើកើតឡើង ក្រោយពេលមជ្ឈមណ្ឌល រក្សារូបិយវត្ថុអាមេរិក FED អាចបង្កើន ការប្រាក់មូលដ្ឋាន លើប្រាក់ដុល្លារ ។
សកម្មភាពខាងលើធ្វើឲ្យទីផ្សារភាគហ៊ុន និងទីផ្សារមូលប័ត្រ ធ្លាក់ពិន្ទុយ៉ាងខ្លាំង ប៉ុន្មានថ្ងៃចុងក្រោយនេះបង្កការប៉ះពាល់ ដល់ក្រុមវិនិយោគជាច្រើន។
គួរបញ្ជាក់ជូនថា ភាពរំជើបរំជួលនៅ ទីផ្សារភាគហ៊ុនអាមេរិកាំងពេញមួយថ្ងៃចន្ទ ទី៥ កុម្ភៈបានកើតមានឡើង ២ថ្ងៃបន្ទាប់ពីរដ្ឋបាលអាមេរិកបានផ្សព្វផ្សាយរបាយការណ៍ប្រចាំខែមករាស្តីពីស្ថានភាពការងារនៅអាមេរិក។ របាយការណ៍បានប្រាប់ឲ្យដឹងពីស្ថានភាពសេដ្ឋកិច្ចអាមេរិកដែលមានសុខភាពល្អជាមួយនឹងកំណើនប្រាក់បៀ វត្សគួរឲ្យចាប់អារម្មណ៍ក្នុងខែមករា។ គឺផ្តើមចេញពីព័ត៌មានស្តីពីកំណើនប្រាក់បៀវត្សដែលបានធ្វើឲ្យមានការបារម្ភពីការកើនឡើងនូវអត្រាអតិផរណា។ នេះជាកត្តា សំខាន់ទី១ចំណែកកត្តាសំខាន់ទី២ គឺកើតចេញពីគម្រោងដំឡើងអត្រាការប្រាក់ការនាំមុខរបស់ធនាគារកណ្តាលអាមេរិក។
គេអាចនិយាយបានថា មានកត្តា សំខាន់ទាក់ទងគ្នាចំនួន ៣ ដែលបានធ្វើ ឲ្យទីផ្សារភាគហ៊ុននៅអាមេរិកភ័យស្លន់ស្លោទី១-កំណើនអត្រាប្រាក់បៀវត្ស ទី២-កំណើនអត្រាអតិផរណា និងទី៣-កំណើនអត្រាការប្រាក់នាំមុខរបស់ធនាគារកណ្តាលអាមេរិក។ គេនៅមិនទាន់ច្បាស់ថា តើកត្តា ទាំង ៣ នេះនឹងផ្តល់ផលល្អ ឬអាក្រក់យ៉ាង ម៉េចទេ តែក្រុមអ្នកវិនិយោគបានរំពឹងទុកជាមុនថា បើប្រាក់បៀវត្សកើនឡើងនឹងធ្វើឲ្យអត្រាអតិផរណាកើនឡើង ហើយបើ អត្រាអតិផរណាកើនឡើងនឹងជំរុញឲ្យធនាគារកណ្តាលដំឡើងអត្រាការប្រាក់នាំមុខរបស់ខ្លួន។
ម្យ៉ាងទៀត ការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលក៏អាចជះឥទ្ធិពលមិនល្អដែរ ទី១ ធ្វើឲ្យតម្លៃប្រាក់ដុល្លារឡើងថ្លៃ ហើយបើប្រាក់ដុល្លារថ្លៃនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញ និងទី២ ជំរុញឲ្យអ្នកមានយកលុយទៅទុកក្នុងធនាគារដើម្បីស៊ីការប្រាក់ជាជាងយកទៅចាយវាយ ហើយបើការចាយវាយរបស់ពលរដ្ឋធ្លាក់ចុះនឹងធ្វើ ឲ្យសកម្មភាពសេដ្ឋកិច្ចក៏ធ្លាក់ចុះដែរ។ កំណត់សម្គាល់មួយទៀតដែលអាចចាត់ទុកជារឿងចៃដន្យ គឺការចូលកាន់តំណែងជាប្រធានធនាគារកណ្តាលអាមេរិករបស់លោក Jerome Powell ដែលគេនៅមិនដឹងពីជំហរពិតរបស់លោកនៅឡើយទេ។
តាំងពីថ្ងៃចន្ទឆ្លងចូលថ្ងៃអង្គារ ទី៦ ខែ កុម្ភៈ ភាពជ្រួលច្របល់កំពុងបន្តកើតមាននៅគ្រប់ទីផ្សារភាគហ៊ុននៅទូទាំងពិភពលោក។ ពីទីផ្សារភាគហ៊ុននៅអាស៊ីឆ្លង ចូលទីផ្សារភាគហ៊ុននៅអឺរ៉ុប តម្លៃភាគហ៊ុនបានដាំក្បាលចុះយ៉ាងគំហុកតាំងពីពេលបើកទ្វាររហូតដល់បិទទ្វារ។ ភាពភ័យស្លន់ស្លោមួយនេះបានឆ្លងចេញពីអាមេរិកដែលតម្លៃភាគហ៊ុន Dow Jones បានធ្លាក់ថ្លៃខ្លាំង បន្ទាប់ពីបានកើនឡើងអស់រយៈពេលជាច្រើនខែជាប់ៗគ្នាកន្លងមក។
លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំដែលទើបបានអួតក្អេងក្អាងប្រាប់ពិភពលោកពីសុខភាពទីផ្សារមូលបត្រអាមេរិកល្អហាក់នៅមិនទាន់បានបញ្ចេញប្រតិកម្មអ្វីទាំងអស់។
ការធ្លាក់ថ្លៃតម្លៃភាគហ៊ុន Dow Jones នៅថ្ងៃចន្ទ ទី៥ កុម្ភៈបាន និងកំពុងបន្តធ្វើ ឲ្យតម្លៃភាគហ៊ុននៅទីផ្សារភាគហ៊ុនក្នុងទ្វីបអាស៊ី និងអឺរ៉ុបធ្លាក់ថ្លៃគួរឲ្យកត់សម្គាល់។ នៅក្នុងគ្រប់ប្រទេសអឺរ៉ុបទាំងអស់ តម្លៃ ភាគហ៊ុនរបស់ក្រុមហ៊ុន រោងចក្រសហគ្រាសធំៗបានដាំក្បាលចុះតាំងពីពេលបើកទ្វារដំបូងនៅព្រឹកថ្ងៃអង្គារ ទី៦ ខែកុម្ភៈ។ ជាក់ ស្តែង នៅក្នុងទីក្រុងប៉ារីស តម្លៃភាគហ៊ុន បានធ្លាក់ចុះ ៣,៤៣% ក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសធ្លាក់ចុះ ៣,៥៨% ក្នុង ទីក្រុងហ្រ្វង់ហ្វើត ប្រទេសអាល្លឺម៉ង់ ធ្លាក់ចុះ ៣,៣% ក្នុងទីក្រុងម៉ាឌ្រីដ ប្រទេស អេស្បា៉ញធ្លាក់ចុះ ៣,៣% និងក្នុងទីក្រុង អាំស្ទែរដាម ប្រទេសហុល្លង់ធ្លាក់ចុះ ៣,៦%។
ចំណែកនៅក្នុងទ្វីបអាស៊ីដែលទីផ្សារភាគហ៊ុនទើបបានបិទទ្វារ តម្លៃភាគហ៊ុនបានធ្លាក់ចុះក្នុងរង្វង់ពី ៣% ទៅជាង ៤%។ ជាក់ស្តែងនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន តម្លៃភាគហ៊ុន Nikkei បានធ្លាក់ចុះ ៤,៧៣% នាពេលបិទទ្វារ បន្ទាប់ពីបាន ធ្លាក់យ៉ាងគំហុកដល់ទៅជាង ៧% នៅ ពេលបើកទ្វារ។ នៅទីក្រុងហុងកុង តម្លៃ ភាគហ៊ុនធ្លាក់ ចុះ៤,៤% នៅពេលបិទ ទ្វារនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលីធ្លាក់ ចុះ៣,២% និងជាង ៣% នៅក្នុងទីក្រុង សៀងហៃ ប្រទេសចិន។ ជារួម តម្លៃភាគហ៊ុនបានធ្លាក់ថ្លៃនៅគ្រប់ផ្សារភាគហ៊ុន ទាំងអស់នៅទូទាំងពិភពលោកពេញមួយថ្ងៃអង្គារ ទី៦ កុម្ភៈនេះតាំងពីពេលបើកទ្វាររហូតដល់បិទទ្វារ។
គេនៅមិនទាន់ដឹងថា តើស្ថានភាពទី ផ្សារភាគហ៊ុនក្នុងលោកនឹងវិវឌ្ឍទៅយ៉ាងម៉េចទេនៅថ្ងៃពុធ ឬថ្ងៃព្រហស្បតិ៍ ទី៨ កុម្ភៈ ព្រោះអ្វីៗវាអាស្រ័យទាំងស្រុងលើស្ថានភាពទីផ្សារភាគហ៊ុននៅអាមេរិក។ រហូតមកទល់ពេលនេះ លោកដូណាល់ ត្រាំហាក់មិនទាន់មានវាចាអ្វីទាំងអស់ ពោលគឺខុសពីទម្លាប់សព្វដងដែលលោកតែងប្រើគណនីបណ្តាញសង្គម Twitter របស់លោកដើម្បីបញ្ចេញប្រតិកម្មលើព័ត៌មានជាតិ ឬអន្តរជាតិ។ លោកដូណាល់ ត្រាំដែលកំពុងបំពេញទស្សនកិច្ចក្នុងរដ្ឋ Ohio មិន ទាន់មានវាចាអ្វីមែន តែសេតវិមានបាន បញ្ចេញប្រតិកម្មដោយចាត់ទុកភាពរំជើប រំជួលនៅទីផ្សារភាគហ៊ុន Wall Street ពេលនេះថា ជារឿងមួយកំប៉ិកកំប៉ុកតូច តាចដែលមិនគួរឲ្យភ័យខ្លាចអ្វីទេ។ លោក ស្រីសារ៉ា សេនដឺ អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា អ្វីដែលគេគួរនាំគ្នានិយាយ គឺអាមេរិកទទួលបានកំណើនសេដ្ឋកិច្ច ខ្ពស់ឡើងវិញជាមួយនឹងអត្រាអ្នកអត់ការងារធ្វើតិច និងប្រាក់បៀវត្សកើនឡើង។
អ្នកនាំពាក្យសេតវិមានម្នាក់ទៀត គឺ លោករ៉ា ហ្សាបានថ្លែងនៅចំពោះមុខអ្នកកាសែតថា ភាពជ្រួលច្របល់នៅទីផ្សារ ភាគហ៊ុន Wall Street ពេលនេះនឹងមាន រយៈពេលខ្លី ហើយអ្វីៗនឹងត្រឡប់មករកភាពប្រក្រតីជាថ្មីនាពេលឆាប់ៗខាងមុខ។ គួររម្លឹកជូនថា នៅក្នុងឱកាសវេទិកាសេដ្ឋ កិច្ចពិភពលោកក្នុងទីក្រុងដាវ៉ូស ប្រទេស ស្វុីសថ្មីៗនេះ លោកដូណាល់ ត្រាំបានថ្លែងអួតអាងពីសុខភាពល្អនៃទីផ្សារភាគហ៊ុន Wall Street ដោយបានអំពាវនាវឲ្យក្រុម អ្នកជំនួញបរទេសចូលទៅបោះទុនរកស៊ីនៅអាមេរិក៕ ម៉ែវ សាធី