ភ្នំពេញ៖ នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបង្ហាញមុខជនសង្ស័យចំនួន ៣០នាក់ពាក់ព័ន្ធនិងករណី ប្រើប្រាស់និងចែកចាយ គ្រឿងញៀន យ៉ាងសកម្ម នៅភូមិត្រពាំងឈូក ដែលសមត្ថកិច្ចបានធ្វើការបង្ក្រាប់កាលពីថ្ងៃទី២៩ខែតុលា ឆ្នាំ២០១៥កន្លងមកនេះ ។
លោក វរៈសេនីយ៏ឯក ប៊ន សំអាត ស្នងការរងនគរបាលរាជធានីភ្នំពេញបានអោយដឹងថា ដើម្បីចូលរួមកាត់ បន្ថយសកម្មភាព ចែកចាយ ដែលជាបញ្ហាស្មុគ្រ ស្មាញ និងមានគ្រោះថ្នាក់ បំផុតនោះ លោកបានដឹកនាំកម្លាំងតាមបណ្តាខណ្ឌទាំង១២ក្នុងរាជធានីភ្នំពេញ ចុះស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ទាំង៣០នាក់ ដោយដកហូតបានគ្រឿងញៀនចំនួន០៤កូនថង់ និងសម្ភារៈសម្រាប់ជក់មួយចំនួន។
លោក បានបន្តអោយដឹងទៀតថា ប្រជាពលរដ្ឋមានភាពសប្បាយរីករាយ យ៉ាងខ្លាំង ដែលកន្លងមកនេះកម្លាំងរបស់លោក បានចុះទៅបង្ក្រាប់ត្រូវចំណុច នៅតំបន់បឹងឈូក លក្ខណៈទ្រុងទ្រាយធំជាលើកទី៣ ឃាត់ខ្លួនសុរបបានជាង១០០នាក់ទៅ ដូច្នេះប្រជាពលរដ្ឋបានលើកឡើងថា មានភាពស្ងប់ស្ងាត់មិនសូវមានក្មេងៗពពាក់ពពួនគ្នាដូចមុនៗទៀតប៉ុន្មានឡើយ។
បន្ទាប់ពីធ្វើការបង្ហាញមុខជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ស រស្មី