ភ្នំពេញ៖ យុវសិស្សឈាមរាវ២ក្រុមបានណាត់ជួបគ្នាកាប់ដូចរឿងហុងកុងនៅមុខសាលារៀនវ៉េសឡាញ ដោយប្រើដាវសាំម៉ារ៉ៃ ទាំងសងខាង បង្កឲ្យមានការភ្ញាក់ផ្អើល ចុងក្រោយ២នាក់ដេកពេទ្យ រីឯ២នាក់ទៀតជាប់ខ្នោះសមត្ថកិច្ច ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី៣០ តុលា ២០១៥ នៅចំណុចមុខសាលាវ៉េសឡាញ នៅតាមបណ្ដោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា យុវជន២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ អ៊ុំ សុចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សសាលាវ៉េសឡាញ និងឈ្មោះ មុត ពុធភារក្ស អាយុ២២ឆ្នាំ ។ ទាំង២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AY-2307 ។ ចំណែកជនរងគ្រោះ២នាក់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសាកសួរដែរឈ្មោះ ប៊ុត សីហា ភេទប្រុស អាយុ១៨ឆ្នាំ បានរងរបួសដៃឆ្វេងដោយសារកាប់នឹងដាវ និងឈ្មោះ ចាន់ សុថាន់ ភេទប្រុស អាយុ១៩ឆ្នាំ បានរងរបួសដៃស្តាំដោយសារជនបង្កជិះម៉ូតូបំបុកផ្តួលម៉ូតូ ។ ទាំង២នាក់គឺជាសិស្សសាលាវ៉េសឡាញ ជិះម៉ូតូ១គ្រឿងម៉ាកស្កុបពី ពណ៌ក្រហម ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1CV-6147 ។
ប្រភពពីជនរងគ្រោះទាំង២នាក់បានឲ្យដឹងថា កាលពីយប់ពួកគេបានទាស់គ្នាតាមទូរស័ព្ទ ហើយក៏បានណាត់ថាបើខ្លាំងមកកាប់គ្នានៅមុខសាលា ស្រាប់តែនៅម៉ោង៥ល្ងាច ពេលចេញពីសាលាក៏ឃើញគូបក្ខដិបក្ខមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងសុទ្ធតែម៉ាកហុងដាសេ១២៥មកដល់ ហើយសួរខ្លួនថា ហ្អែងចង់ម៉េចហា ពេលនោះស្រាប់តែបក្ខពួករបស់គេម្នាក់បានដកដាវកាប់មកលើរូបគេបណ្តាលឲ្យរងរបួសដៃឆ្វេង ខណៈនោះមិត្តភក្តិខ្លួនម្នាក់ទៀតភ័យក៏បម្រុងជិះម៉ូតូគេចខ្លួនតែត្រូវបក្ខពួកគេជិះម៉ូតូបំបុកដួលបណ្ដាលឲ្យរងរបួសដៃស្ដាំ ។
ប្រភពពីយុវជន២នាក់ទៀតដែលសមត្ថកិច្ចចាប់ខ្លួនដែរនោះបានឲ្យដឹងថា ៤នាក់ដែលជិះម៉ូតូគេចខ្លួនបាត់នោះពួកគេមិនដែលស្គាល់ទេ ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុពួកគេ២នាក់ជិះម៉ូតូ១គ្រឿងមកមុខសាលាបំណងសួរនាំឲ្យដឹងរឿង ខណៈមកដល់ជួបគូបក្ខដិបក្ខទើបតែសួរនាំបាន២-៣ម៉ាត់ ស្រាប់តែមានមនុស្ស៤នាក់ជិះម៉ូតូ២គ្រឿងមកដល់ទាញដាវកាប់គូបក្ខដិបក្ខរបស់ខ្លួន ពេលនោះខ្លួនមានភ័យយ៉ាងខ្លាំងក៏ជិះម៉ូតូគេចខ្លួន តែដោយភ័យពេកក៏ជិះទៅបុកម៉ូតូរ៉ឺម៉កកង់បីដួល ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។ យុវជន២នាក់នេះបានឲ្យសមត្ថកិច្ចដឹងទៀតថា ៤នាក់នោះជាអ្នកកាប់ ហើយពួកគេមិនដែលស្គាល់ពួកគេទេ ។
ក្រោយកើតហេតុ យុវសិស្សទាំង២ក្រុមត្រូវបានសមត្ថកិច្ចនាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មី៣ដើម្បីធ្វើការសាកសួរ និងបញ្ជូនជនរងគ្រោះ២នាក់ទៅលាងរបួសនៅមន្ទីរពេទ្យផងដែរ ៕
ដោយ៖ ស ដារ៉ា