សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ថា ប្រទេសនេះបានបញ្ជូនកងទ័ពពិសេសផ្ទាល់ដីទៅដាក់ពង្រាយនៅប្រទេសស៊ីរីដើម្បីជួយក្នុងបេសកកម្មប្រឆាំងក្រុមភេរវកម្មរដ្ឋអិស្លាម(IS) ខណៈដែលមហាអំណាចនៅតែខ្វែងគំនិតគ្នា មិនទាន់ដាច់ស្រឡះទៅលើជោគវាសនារបស់ប្រធានាធិបតីស៊ីរី លោកបាសា អាល់អាសាដ ។
ការសម្រេចចិត្តបញ្ជូនកងទ័ពពិសេសក្នុងទ្រង់ទ្រាយតូចរបស់អាមេរិកនៅពេលនេះជាការបង្ហាញឲ្យឃើញបន្ថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងការប្រយុទ្ធប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម ដែលក្រុមនេះបាននិងកំពុងគ្រប់គ្រងដែនដីភាគច្រើនរបស់ស៊ីរី ហើយបើទោះបីថា អាមេរិកបានធ្វើប្រតិបត្តិការតាមដែនអាកាសនៅទីនោះរយៈពេលជាងមួយឆ្នាំទៅហើយយ៉ាងណាក៏ដោយ ។
សេតវិមានបានច្រានចោលរាល់ការចោទប្រកាន់ដែលថា លោកប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ព្រងើយកន្តើយចំពោះសកម្មភាពកងកម្លាំងទ័ពដែលប្រយុទ្ធប្រឆាំងជាមួយក្រុមរដ្ឋអិស្លាមនោះ ហើយការបញ្ជូនកងកម្លាំងទាំងនេះគឺដើម្បីសកម្មភាពផ្តល់ប្រឹក្សា និងហ្វឹកហ្វឺន។ អ្នកនាំពាក្យសេតវិមាន Josh Earnest បានថ្លែងថា «នយោបាយរបស់យើង មិនមានការផ្លាស់ប្តូរនោះឡើយ ។ កងកម្លាំងទាំងនេះមិនចូលរួមប្រយុទ្ធដោយផ្ទាល់នោះទេ»។
មន្ត្រីជាន់ខ្ពស់មួយរូបបានថែ្លងថា កងកម្លាំងពិសេសអាមេរិកមិនលើសពី៥០នាក់នោះទេ ត្រូវបញ្ជូនទៅកាន់ភាគខាងជើងប្រទេសស៊ីរី ដែលទីនោះជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងជនជាតិឃើដ ជាក្រុមដែលអាមេរិកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវកម្មរដ្ឋអិស្លាម (IS) នោះ ។
ប្រភពបន្តទៀតថា ជាមួយគ្នានេះដែរ ទីក្រុងវ៉ាស៊ីនតោននឹងដាក់ឲ្យប្រើប្រាស់យន្តហោះចម្បាំងប្រទេស A-10 និងយន្តហោះចម្បាំងយុទ្ធសាស្ត្រ F-15 នៅបន្ទាយ Incirlik ភាគខាងត្បូងប្រទេសទួរគីនោះផងដែរ ដែលជាផ្នែកមួយជួយពង្រឹងដល់បេសកកម្មឲ្យរឹតតែខ្លាំងក្លាឡើងថែមទៀត ។
ការប្រកាសបញ្ជូនកងទ័ពខាងលើរបស់អាមេរិកបានកើតឡើងភ្លាមៗ ខណៈដែលប្រទេសដែលគាំទ្រក្រុមប្រឆាំងស៊ីរីបាននិងកំពុងជួបប្រជុំនៅក្នុងទីក្រុង Vienna ប្រទេសអូទ្រីសដើម្បីរកវិធីសាស្ត្របញ្ចប់សង្គ្រាមដែលបានឆក់យកជីវិត១ភាគ៤នៃពលរដ្ឋស៊ីរីទាំងមូល និងបង្កឲ្យមានការរត់ភៀសខ្លួនយ៉ាងគំហុកឆ្ពោះទៅកាន់ប្រទេសតំបន់សហគមន៍អឺរ៉ុបនោះ ។
ប្រតិភូជាន់ខ្ពស់របស់ប្រទេសចំនួន១៧ រួមជាមួយអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបផងដែរបានជួបជុំគ្នាដើម្បីកិច្ចពិភាក្សារកចំណុចរួមគ្នាមួយដើម្បីបញ្ចប់វិបត្តិស៊ីរីដែលអូសបន្លាយពេលជាង៤ឆ្នាំកន្លងមកនោះ ។ នេះជាព្រឹត្តិការណ៍ដំបូង និងមានសារៈសំខាន់ផងដែរដែលប្រទេសខាងក្រៅបានរួមគ្នាស្វះស្វែងរកដំណោះស្រាយដល់ប្រទេសស៊ីរី ។
នៅក្នុងកិច្ចប្រជុំនេះ គ្មានវត្តមានមន្ត្រីតំណាងមកពីរដ្ឋាភិបាលស៊ីរីនោះទេ ហើយតំណាងក្រុមប្រឆាំងស៊ីរី ក៏មិនបានចូលរួមនោះដែរ ។
ប្រទេសសម្ពន្ធមិត្តរបស់របបស៊ីរី គឺរុស្ស៊ីដែលបាននិងកំពុងធ្វើប្រតិបត្តិការវាយប្រហារពីលើដែនអាកាសប្រឆាំងទៅលើក្រុមប្រឆាំងស៊ីរីរយៈពេល១ខែកន្លងមកនោះ រួមជាមួយប្រទេស៊ីរ៉ង់ផងដែរបានជំទាស់តវ៉ាប្រឆាំងទៅលើប្រទេសលោកខាងលិច និងអារ៉ាប៊ីសាអ៊ូឌីតដែលគាបបង្ខំឲ្យលោកបាសា អាល់អាសាដ ចុះចេញពីអំណាច ។
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅទីក្រុង Vienna ប្រទេសអូទ្រីស ហើយដែលទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Iranian News ដកស្រង់មកផ្សព្វផ្សាយបន្តថា «ប្រទេសខ្លះបានព្យាយាមប្រើប្រាស់កិច្ចពិភាក្សានេះឲ្យមានការទម្លាក់លោកបាសា អាល់អាសាដ ចេញពីអំណាច តាមសេចក្តីថ្លែងការណ៍ក្រោយកិច្ចប្រជុំ ប៉ុន្តែការខិតខំនោះទទួលបានការយល់ព្រម» ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោកចន ឃើរី បានថ្លែងថា លោកមិនយល់ព្រមទៅលើជោគវាសនាមេដឹកនាំស៊ីរី ក្នុងការបន្តកាន់អំណាច ដូចដែលរុស្ស៊ី និងអ៊ីរ៉ង់គាំទ្រនោះទេ ។ លោកឃើរី ថ្លែងថា គោលជំហរបស់អាមេរិកគឺថា ប្រធានាធិបតីអាល់ អាសាដ មិនអាចរួបរួម និងដឹកនាំស៊ីរីទៀតទេ ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានថ្លែងថា ជោគវាសនារបស់លោក អាល់អាសាដ មានតែពលរដ្ឋស៊ីរីប៉ុណ្ណោះជាអ្នកសម្រេច តាមរយៈការបោះឆ្នោត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត