មន្ត្រីរដ្ឋាភិបាល និងសាក្ស៊ីឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ហេតុការណ៍អគ្គិភ័យ និងផ្ទុះបានកើតឡើងនៅក្នុងក្លឹបរាត្រីមួយកន្លែងក្នុងទីក្រុង Bucharest ប្រទេសរ៉ូមានី (Romani) កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ បណ្តាលឲ្យមនុស្ស២៧នាក់បាត់បង់ជីវិត និង១៥៥នាក់ផ្សេងទៀតរងរបួស ។
នេះជាព្រឹត្តិការណ៍គ្រោះថ្នាក់ដ៏សោកសៅជាទីបំផុតក្នុងរយៈពេលរាប់ទសវត្សរ៍មិនធ្លាប់កើតមាននៅក្នុងរដ្ឋធានីប្រទេសតំបន់សហភាពអឺរ៉ុបភាគកណ្តាលមួយនេះ ។ មនុស្សប្រមាណ៤០០នាក់ ភាគច្រើនសុទ្ធតែជាក្រុមយុវជន យុវតីនោះបានប្រជ្រៀតរត់ជាន់គ្នា ខណៈព្យាយាមរត់ចេញពីក្លិបអំឡុងពេលភ្លើង និងផ្សែងចាប់ផ្តើមកើតមានឡើងនោះ ។
សាក្សីជាច្រើនអះអាងថា អគ្គិភ័យនេះកើតឡើងដោយសារតែភ្លើងកាំជ្រួចដែលគេដុតនៅក្នុងក្លិបនេះ ។ ពិដាននៅក្នុងក្លិបត្រូវភ្លើងឆេះ បន្ទាប់មកក៏កើតមានហេតុការណ៍ផ្ទុះតែម្តង ។
ទូរទស្សន៍ក្នុងតំបន់បានផ្សព្វផ្សាយឲ្យឃើញថា មន្ត្រីប៉ូលិសជាច្រើននាក់ត្រូវដាក់ពង្រាយនៅកន្លែងកើតហេតុដើម្បីសកម្មភាពសង្គ្រោះក្រុមយុវជនទាំងនោះ ។ រថយន្តសាមុយជាច្រើនគ្រឿងត្រូវបន្តកន្ទុយគ្នាដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ។
លោក Raed Arafat អនុរដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ជនរងគ្រោះទាំងអស់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យចំនួន១០នៅក្នុងទីក្រុង Bucharest ។ ជនរងគ្រោះភាគច្រើនត្រូវភ្លើងឆេះ ថប់ដង្ហើម ។
ស្ថានការណ៍ស្ថិតក្រោមការគ្រប់គ្រង ហើយការស៊ើបអង្កេតចាប់ផ្តើមធ្វើឡើង ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចេញសេចក្តីអំពាវនាវស្វែងរកការបរិច្ចាគឈាមជួយដល់ជនរងគ្រោះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត