លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង លោក ឃួង ស្រេង លោក ជា ជេត ៖ ធានាឲ្យបក្សប្រជាជនឈ្នះ ក្នុងការបោះឆ្នោតព្រឹទ្ធសភាខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ ផ្លូវលេខសម្តេច ជា សុីម ភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រារព្ធធ្វើឡើងពីរខណ្ឌរួមគ្នា គឺខណ្ឌសែនសុខ និងខណ្ឌព្រែកព្នៅ អញ្ជើញជាអធិបតីពី លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង លោក ឃួង ស្រេង លោក ជា ជេត និងចូលរួមពីលោកអភិបាលខណ្ឌទាំង២ លោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ បានបង្ហាញមូលហេតុសំខាន់ៗចំនួន ៦ចំណុច ដែលធានាឲ្យគណបក្សប្រជាជនកម្ពុជាឈ្នះក្នុងការបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខ។
លោកបានឲ្យដឹងថា នៅក្នុងការបោះឆ្នោតជ្រើសតំណាងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ពិតជាឈ្នះដាច់ខាត ដោយមូលហេតុ៖
១៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយត្រឹមត្រូវ ដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយស្ថានភាពជាក់ស្តែងនៃការបន្តអភិវឌ្ឍសង្កាត់ទៅមុខទៀត។
២៖ គណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបង្កើតបានសមិទ្ធផលលើគ្រប់វិស័យយ៉ាងធំធេងជូនប្រទេសជាតិ និងប្រជាជនទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមូលដ្ឋាន។
៣៖ គណបក្សប្រជាជនកម្ពុជា មានគោលការណ៍ចម្បង សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ដើម្បីបន្តកសាង និងការពារមាតុភូមិ ព្រមទាំងអភិវឌ្ឍឃុំ-សង្កាត់ទូទាំងប្រទេស ឱ្យកាន់តែសម្រេចបានសមិទ្ធផលធំធេងថែមទៀត។
៤៖ គណបក្សប្រជាជនកម្ពុជា មានបេក្ខជនដែលបានសម្រិតសម្រាំងជ្រើសរើសយ៉ាងល្អិតល្អន់ និងប្រកបដោយលក្ខណៈប្រជាធិបតេយ្យ មានសមត្ថភាព គុណភាព និងបទពិសោធន៍ការងារ ដែលត្រូវបានប្រជាជនក្នុងមូលដ្ឋានស្រឡាញ់ ជឿទុកចិត្ត និងគាំទ្រ។
៥៖ អង្គបោះឆ្នោតសមាជិកព្រឹទ្ធសភានៅទូទំាងរាជធានីរបស់គណបក្សប្រជាជនកម្ពុជា មានចំនួន៨៨៦រូប លើ៩១១រូប ក្នុងនោះតំណាងរាស្ត្រចំនួន៨រូប លើ១២រូប និងក្រុមប្រឹក្សាសង្កាត់ក្នុងតំណែងចំនួន៨៧៨រូប
លើ៨៩៩រូប។
៦៖ គណបក្សប្រជាជនកម្ពុជាមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំតាំងពីលើដល់ក្រោម ដែលជាកម្លាំងដ៏ខ្លាំងក្លាបំផុត ធានាឱ្យគណបក្សប្រជាជនកម្ពុជាយកឈ្នះបាននៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។
លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ៖យុទ្ធនាការឃោសនានេះមានរយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០-២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ជាឱកាសឱ្យបេក្ខជនព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា បានជួបផ្ទាល់ជាមួយអង្គបោះឆ្នោត ដើម្បីផ្សព្វផ្សាយអំពីគោលការណ៍ចម្បងរបស់គណបក្ស សម្រាប់នីតិកាលទី៤ នៃព្រឹទ្ធសភា ឱ្យបានទូលំទូលាយ និងស៊ីជម្រៅ និងផ្សព្វផ្សាយលេខរៀង និងរូបសញ្ញារបស់គណបក្សលើសន្លឹកឆ្នោតតាមការិយាល័យបោះឆ្នោត និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតដល់អង្គបោះឆ្នោតទាំងអស់ សំដៅដណើ្តមប្រៀបឈ្នះឱ្យបានដាច់ខាតក្នុងការបោះឆ្នោតនេះ ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។
លោកអំពាវនាវដល់អង្គបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៤ នៃខណ្ឌទាំង២ ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តឱ្យបានគ្រប់គ្នា និងព្រមៗគ្នា រួមចិត្តតែមួយ ដើម្បីឈានទៅសម្រេចជោគជ័យរហូតដល់ចុងបំផុត ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តបំពេញបេសកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួន រួមមាន៖ ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ការបង្រួបបង្រួមជាតិ សាមគ្គីជាតិរឹងមាំ និងការពាររាល់សមិទ្ធផលដ៏ថ្លៃថ្លា នៃសង្គមជាតិឱ្យស្ថិតសេ្ថរគង់វង្ស ដើម្បីលើកកម្ពស់កិត្តិយស និងកិត្យានុភាពជាតិ។
ពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋឱ្យចាក់គ្រឹះកាន់តែជ្រៅ និងរឹងមាំចាប់ពីមូលដ្ឋានលើកកម្ពស់ការគោរពច្បាប់ និងយុត្តិធម៌សង្គម ដើម្បីធានានូវសមធម៌សង្គម ការគោរព សិទ្ធិ សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្សសម្រាប់ប្រជាជនគ្រប់ៗរូប។
បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងខិតខំអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនលើគ្រប់វិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើឱ្យជីវភាពរបស់ប្រជាជនកាន់តែប្រសើរឡើង រស់នៅប្រកបដោយសុភមង្គល សុខដុរមនា ទាំងក្នុងគ្រួសារក្នុងសហគមន៍ និងក្នុងសង្គមជាតិទាំងមូល។ ក្នុងនោះមានសមាជិកចូលរួមចំនួន១២០០នាក់ សរុបទាំង២ខណ្ឌខាងលើ៕

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print