ភ្នំពេញ៖ បុរសម្នាក់បានរងរបួសយ៉ាងដំណំ ដោយសារបោកនឹងចង្កូតរថយន្តចំដើមទ្រូង បន្ទាប់ពីរូបគាត់បានបើករថយន្តទាំងស្ថានភាពស្រវឹងស្រាជោកជាំក្នុងល្បឿនលឿន បួងចង្កូតមិនទាន់ជ្រុលទៅបុកស្លាកសញ្ញាឈ្មោះផ្លូវបាក់ ហើយជ្រុលទៅបុកផ្ទប់នឹងដើមត្របែកព្រៃមួយដើមទៀត ធ្វើឲ្យរថយន្តខូចខាតមួយកំណាត់មុខទាំងស្រុង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥តាមបណ្តោយមហាវិថីព្រះនរោត្តមកែងផ្លូវលេខ១១០នៅចំនុចស្តុបព្រះអង្គឌួង ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដ ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ2S2225 បើកបរក្នុងទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចផ្លូវកែងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុកស្លាកសញ្ញាឈ្មោះផ្លូវឲ្យបាក់ហើយខូចខាតទាំងស្រុង។ ពេលនោះរថយន្តនៅមិនទាន់អស់ល្បឿន ក៏បន្ដទៅបុកដើមត្របែកព្រៃពេញទំហឹង បណ្តាលឲ្យរថយន្តខូចខាត មួយកំណាត់មុខទាំងស្រុង។ ចំណែកអ្នកបើកបរបុកចង្កូតរថយន្ដចំទ្រូងរងរបួសយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ ជនបង្កបានចុះចេញពីរថយន្ត ហើយទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ រីឯរថយន្តត្រូវសមត្ថកិច្ចស្ទូចយករថយន្តយក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ វិបុល