ភ្នំពេញ៖ លោក អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្រេចលើកលែងការផាក ពិន័យ ចំ ពោះអាជីវករលក់ទូរស័ព្ទ និង គ្រឿងអេឡិចត្រូនិច មិនបង់ពន្ធបន្ទាប់ពីក្លិបអាជីវករទូរស័ព្ទ និង អេឡិចត្រូនិកកម្ពុជា បានស្នើសុំអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ។
កាល ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ ជួយសម្រួលនីតិវិធី ឲ្យខ្លួនបានចូលបង់ពន្ធទូរស័ព្ទ និងទំនិញអេឡិកត្រូនិក ដែលមានស្រាប់នៅក្នុងប្រទេស និង សុំកុំឲ្យមានការផាក ពិន័យ។ ប៉ុន្តែលោករដ្ឋមន្រី្តបានដាក់កំហិតឲ្យពួកគេចូលទៅបង់ពន្ធ ឲ្យបានចប់សព្វគ្រប់ក្នុង រយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះតទៅ។
យោងតាមលិខិតរបស់អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ផ្ញើសុំសេចក្តីសម្រេចពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ បានបញ្ជាក់ថា អាជីវករលក់ ទូរស័ព្ទ និងគ្រឿងអេឡិចត្រូនិកត្រូវចូលខ្លួនទៅប្រកាសបង់ពន្ធ និងអាការតាមច្បាប់ជាធរមាន ដោយអនុគ្រោះ លើកលែងការផាកពិន័យ។អាជីវករលក់ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិក ត្រូវចូលខ្លួនទៅប្រកាសទំនិញគ្មាន ពន្ធ ដែលខ្លួនកំពុងកាន់កាប់ ឲ្យបានចប់សព្វគ្រប់ក្នុងរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ តទៅ។
នៅក្នុងលិខិតរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ទំនិញគ្មានពន្ធ ហើយមិនបានប្រកាស(គ្មាន ក្នុងបញ្ជីប្រកាស) ត្រូវចាត់ទុកជាទំនិញល្មើសច្បាប់។ ដូច្នេះអាជីវករលក់ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិក អាចស្នើសុំបង់ ពន្ធ និងអាករជាដំណាក់កាល តែមិនឲ្យហួសថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៦ឡើយ។
នៅក្នុងលិខិតដដែលនេះ គយ បានដាក់កំហិតឲ្យអាជីវករលក់ទូរស័ព្ទ និងគ្រឿងអេឡិកត្រូនិក ធ្វើកិច្ចសន្យា ឈប់ ទទួលធ្វើសន្និធិ និងចែកចាយទំនិញគ្មានពន្ធ និងអការទៀតឡើយហើយ ក្នុងករណីរកឃើញថា ប្រព្រឹត្តផ្ទុយពីនេះ ការ ពិន័យធ្ងន់ធ្ងរ និងត្រូវអនុវត្តដោយគយ។
គួរបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ កម្លាំងគយដឹកនាំដោយព្រះរាជអាជ្ញា បានចុះទៅ រឹបអូស បានទូរស័ព្ទមិនបង់ពន្ធបានជាង ៥ពាន់គ្រឿង នៅក្នុងហាងលក់ទូរស័ព្ទញូវហ្វូន និងហាង នីកា ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមនហើយបើគិតពីប្រាក់បង់ពន្ធមិនតិចជាង ៤០ម៉ឺនដុល្លារអាមេរិកនោះឡើយ ៕
ដោយ៖ ប្រាថ្នា