ខេត្តកំពង់ចាម ៖ លោកអធិការនគរបាលស្រុកកំពង់សៀមបានឱ្យអង្គភាពនគរដ្រេហ្គនដឹងនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កម្លាំងជំនាញគ្រឿងញៀនអធិការដ្ឋាននគរ បាលស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញចរាចរស្រុក ចុះត្រួតពិនិត្យរថយន្តតទ្រុងខុសបច្ចេកទេស និងអាវុធជាតិផ្ទុះ នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម បានត្រួតពិនិត្យឃាត់អ្នកបើកបរ និងរថយន្តមួយគ្រឿង បន្ទាប់ពីរកឃើញរក្សាទុក និងផ្ទុកសារធាតុញៀននៅក្នុងខ្លួន (ធ្វើតេស្តទឹកនោម) ។
លោកបន្ដថា ជនសង្ស័យឈ្មោះ ជុយ ម៉េង ហៅ វ៉ាន់ឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នកបើកបររថយន្ត មានទីលំនៅភូមិជីពែ ឃុំព្រៃក្រី ស្រុកកជល់គិរី ខេត្តកំពង់ឆ្នាំង (បច្ចុប្បន្ន ស្នាក់នៅក្រុងភ្នំពេញ) ត្រួតពិនិត្យក្នុងរថយន្តរកឃើញម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់តូច ឧបករណ៍ជក់មួយសម្រាប់ ទូរសព្ទ័ចំនួន ១គ្រឿង ។
លោកបន្តទៀតថា មធ្យោបាយធ្វើដំណើររថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-8777 ហើយត្រូវបានឃាត់ទុក កាលពីវេលាម៉ោង១១យប់ថ្ងៃខែខាងលើ នៅចំណុចភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខណៈកម្លាំងជំនាញដាក់កុងត្រូលត្រួតពិនិត្យ រថយន្តតទ្រុងខុសបច្ចេកទេស និងអាវុធជាតិផ្ទុះ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕វណ្ណៈ