ខេត្តពោធិ៍សាត់៖ ផ្ទះឈើដំបូលប្រក់ស័ង្កសី១ខ្នង រួមទាំងសម្ភារៈមួយចំនួនធំត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង ដោយសារភ្លើងចង្ក្រានកាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិក្ដីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ផ្ទះត្រូវបានអគ្គីភ័យឆាបឆេះទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត រនាបក្រាលក្ដារ ហើយការឆេះរួមទាំងសម្ភារៈរួមមាន ទូរស័ព្ទដៃ ទូរទស្សន៍ វិទ្យុ ប្លង់ដី និងឯកសារផ្សេងៗ និងសម្ភារៈមួយចំនួនធំទៀត ត្រូវបានភ្លើងឆាបឆេះទាំងស្រុងតែម្ដង ។
នគរបាលបន្ដថា ម្ចាស់លំនៅដ្ឋានត្រូវបានភ្លើងឆេះឈ្មោះ ហង្ស ចាន់ ភេទប្រុស អាយុ៥៤ឆ្នាំ និងប្រពន្ធឈ្មោះ កែវ ចន្ថា អាយុ ៥០ឆ្នាំ បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ការឆេះបណ្ដាលមកពីភ្លើងចង្ក្រាន ខណៈឱ្យកូនដាក់ដាំបាយ ហើយបានប្រហេសបន្ដិចធ្វើឱ្យធ្លាក់កន្ទុយអុសរាលឆាបឆេះមួយប៉ប្រិចភ្នែកឆេះម៉ត់តែម្ដង ដោយសារផ្ទះរបស់គាត់បាំងស្លឹក ៕
ដោយ៖ ប៉ឹម ពិន