ខេត្តបាត់ដំបង៖ បុរសជាប្អូនថ្លៃម្នាក់ត្រូវបានបងថ្លៃប្រុសទាញកាំបិតចុងស្រួចកាប់ត្រូវចំថ្ពាល់ថ្គាមធ្លាយ រយះដល់បំពង់ក បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះជីវិតនៅមន្ទីរពេទ្យ ដោយសាររឿងជម្លោះទាស់ពាក្យសម្តីគ្នាក្នុងវង់ផឹកស៊ី ។ ជនដៃដល់ក្រោយពីបង្ករបួសស្នាមរួចមកកម្លាំងនគរបាលមូលដ្ឋានចុះទៅឃាត់ខ្លួនដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិទួលម្ទេស ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ជុំវិញនៃហេតុការខាងលើ បើតាមប្រភពព័ត៌មានសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ គឺក្រុមគ្រួសារនេះបានជួបជុំគ្នានាំគ្នាផឹកស៊ីយ៉ាងសប្បាយ រីករាយ ។ ការផឹកស៊ីរបស់ពួកគេអូសបន្លាយពេលវេលា ផឹកស្រាស្រវឹងដុនដាបរៀងៗខ្លួន ។ នៅពេលនោះ ក៏ស្រាប់រវាងជនរងគ្រោះជាប្អូនថ្លៃ និងបងថ្លៃជាជនដៃដល់ បាននិយាយប៉ះពាក្យសំដីគ្នាឈានដល់ការឈ្លោះប្រកែកតឹងសរសៃករៀងៗខ្លួន ។
ប្រភពបន្តថា ការឈ្លោះគ្នារបស់ពួកគេទាំង២នាក់គ្មានអ្នកជួយសម្របសម្រួល ទើបឈានដល់បងថ្លៃឈ្មោះ គ្រី សំអាត ភេទប្រុស អាយុ២៧ឆ្នាំខឹងខ្លាំងពេក រត់ទៅទាញកាំបិតចុងស្រួច កាប់ទៅលើប្អូនថ្លៃ ឈ្មោះ ផល សុផាត ភេទប្រុស អាយុ២១ឆ្នាំ បណ្ដាលឲ្យត្រូវចំថ្គាមធ្លាយរយៈទៅបំពង់កខាងឆ្វេងបណ្តាលឱ្យ រងរបួសធ្ងន់។ នៅពេលនោះទើបសាច់ញាតិចូលរួមផឹកស៊ីជាមួយនាំគ្នាចាប់ឃាត់ជនដៃដល់ជាបងថ្លៃ ហើយក៏បានគេដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
បើតាមប្រភពព័ត៌មានដដែលប្រាប់ឱ្យដឹងទៀតថា ក្រោយពីការបង្ករបួសស្នាមជនដៃ ដល់មិនបានរត់គេចទៅណានោះទេ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ ចាប់ឃាត់ខ្លួនជនដៃដល់ជាបងថ្លៃបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីយកមកសាកសួរ និងចាត់ចែងតាមនីតិវិធីហើយនាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ សំ វិច្ឆិកា