រថយន្តធុនធំកិនអ្នកថ្មើរជើងម្នាក់ស្លាប់ភ្លាមៗនៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសជាអ្នកថ្មើរជើងម្នាក់ ត្រូវរថយន្តមួយក្រឿងកិនស្លាប់យ៉ាងអណោចអធ័មនៅកន្លែងកើតហេងុ ខណៈដែលជនរងគ្រោះដើរឆ្លងផ្លូវ ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៨និង២៥នាទី ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចខាងមុខយានដ្ឋានតារាសំណាង លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ។

មន្ត្រីនគរបាលចរាចរណ៍ក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតពុំទាន់ស្គាល់អត្តសញ្ញាណ រីឯរថយន្តម៉ាកHINO ធុនធំ ពណ៌​ខៀវ ពាក់ស្លាលេខ ក្រុងព្រះសីហនុ3A-1168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ទុករថយន្តចោលរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេត សាក្សីបានឃើញជនរងគ្រោះជាអ្នកថ្មើរជើង បានដើរឆ្លងផ្លូវក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះក៏បានឈប់ ខណៈនោះក៏មានរថយន្តមួយគ្រឿងកំពុងបើកតាមបណ្ដោយផ្លូវក្នុងទិសដៅពីលិចទៅកើត លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែជនរងគ្រោះជាអ្នកថ្មើរជើង ក៏បានរត់ចូលទៅក្រោមកង់រថយន្តផ្នែកខាងក្រោយចំហៀងខាងស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តបានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោលតែម្ដង ។

ក្រោយពីមានហេតុការកើតឡើងសមត្ថកិច្ចជំនាញបានចុះមកកន្លែងកើតហេតុ រួចធ្វើការវាស់វែងកសាងឯកសារដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំពោះសាកសពជនរងគ្រោះត្រូវបានរថយន្តសាមុយរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកទៅតម្កល់នៅសាលដាក់សព មន្ទីរពេទ្យបង្អែកជ័យជំនះ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

 


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print