នៅថ្ងៃទី១៣ ខែកុម្ភៈមានព្រឹត្តិការណ៍ ព័ត៌មានជាច្រើនដែលចាប់អារម្មណ៍បំផុត ត្រូវបានបណ្តាញព័ត៌មាននៅជុំវិញពិភពលោកផ្សព្វផ្សាយទៅគ្រប់ទិសទី ។ ខាងក្រោមនេះជាព្រឹត្តិការណ៍ព័ត៌មានដែល ពេញនិយមបំផុតនៅក្នុងថ្ងៃខាងលើនេះ
កូរ៉េខាងជើង បង្ហាញសញ្ញាវជ្ជមាននៅក្នុងការផ្សះផ្សាទំនាក់ទំនងជាមួយកូរ៉េខាងត្បូង៖
ក្រោយសកម្មភាពស្និទ្ធស្នាលនៅក្នុង ជំនួបពិភាក្សារវាងប្រធានាធិបតីកូរ៉េខាង ត្បូង នឹង ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង រួមជាមួយប្រធានរដ្ឋសភា នាពេលកន្លងមកនៅប្រទេសកូរ៉េខាងត្បូង បានធ្វើឲ្យមេដឹក នាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនសន្យាថា នឹងខិតខំប្រឹងប្រែងក្នុងការផ្សះផ្សាទំនាក់ ទំនងជាមួយកូរ៉េខាងត្បូង។
ការលើកឡើងខាងលើក្រោយពេល ដែលលោក ទទួលស្វាគមន៍ការវិលត្រឡប់ មកវិញ របស់ប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង បន្ទាប់ពីបញ្ចប់ទស្សនកិច្ចបីថ្ងៃនៅកូរ៉េខាងត្បូង នាអំឡុងពេលចូលរួមពិធីបើកព្រឹត្តិ ការណ៍កីឡាអូឡាំពិក នៅលើទឹកដីកូរ៉េ ខាងត្បូង។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ ដោយទីភ្នាក់ ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃ អង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួនចេញផ្សាយនៅថ្ងៃអង្គារនេះ សារព័ត៌មានរដ្ឋ កូរ៉េខាងជើង KCNA បានលើកឡើង យ៉ាងដូច្នេះថា «វាពិតជាមានសារសំខាន់ ណាស់ ក្នុងការបន្តស្វែងរកលទ្ធផលល្អ តាមរយៈការបង្កើនបរិយាកាសកក់ក្ដៅ នៃការផ្សះផ្សា និងកិច្ចសន្ទនា ដើម្បីបង្កើត គោលបំណងរួម និងរឹងមំារវាងកូរ៉េខាង ត្បូង នឹងកូរ៉េខាងជើង ដោយព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាជាសន្ទុះ»។
គួរបញ្ជាក់ថា បើតាម KCNA លោក គីម ជុងអ៊ុន បានសម្ដែងការពេញចិត្តយ៉ាង ខ្លាំង ចំពោះរបាយការណ៍របស់ក្រុមប្រតិភូកូរ៉េខាងជើង ហើយលោកថែម ទាំងថ្លែង អំណរគុណទៀតផង ចំពោះលទ្ធផល សម្រេចបាននេះ។ សម្រាប់លិខិតលោក គីម ជុងអ៊ុន ផ្ញើតាមប្អូនស្រី ជូនប្រធានា ធិបតី លោក មូន ជេអុីន នោះ គឺប្រមុខដឹក នាំជំនាន់ទីបីរូបនេះ បានអញ្ជើញមេដឹកនាំ កូរ៉េខាងត្បូង មកធ្វើទស្សនកិច្ចទីក្រុងព្យុងយ៉ាងឲ្យបានកាន់តែឆាប់ តាមដែលអាច ទៅរួច ដើម្បីធ្វើឲ្យទំនាក់ទំនងកូរ៉េទាំងពីរ វិលទៅរកស្ថានភាពប្រសើរឡើង។
ក្នុងរយៈពេល២០ថ្ងៃ ទួរគីវាយប្រហារនៅស៊ីរីបណ្តាលឲ្យស្លាប់និងរបួសជាង៦០០នាក់៖
ប្រតិបត្តិការរបស់យោធាទួរគី ប្រឆាំងក្រុមអ្នកប្រយុទ្ធឃើដស៊ីរី ក្នុងទីក្រុង អាហ្វ្រីន (Afrin) ភាគខាងជើងប្រទេស មជ្ឈិមបូព៌ាមួយនេះ បានផ្ដាច់យកអាយុ ជីវិតជនស៊ីវិល ១៨០នាក់ និង ៤១៣នាក់ ផ្សេងទៀតរងរបួស ក្នុងរយៈពេលតែជាង ២០ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមកងកម្លាំងឃើដ ក្នុងចំណោមជនស៊ីវិលទាំងអស់រួមមានស្ត្រី កុមារ និង មនុស្សចាស់ ខណៈដែលកងកម្លាំងប្រដាប់ អាវុធឃើដ ៩៨នាក់ ត្រូវបានសម្លាប់នៅ ក្នុងប្រតិបត្តិការយោធារបស់ទួរគី ចាប់ តាំងពីថ្ងៃទី២០ ខែមករាមក។ ប៉ុន្តែទន្ទឹម គ្នានេះ កងកម្លាំងឃើដក៏បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា ក្រុមអ្នក ប្រយុទ្ធគំាទ្រដោយតួកគី ៨៦២នាក់ ក៏ ត្រូវបានសម្លាប់ផងដែរ។
គួរបញ្ជាក់ថា កងកម្លាំងទួរគីបានបើកការវាយប្រហារតាមផ្លូវអាកាស ៦៦៨ លើក លើទីក្រុង Afrin ស្របពេលរបាយការណ៍អង្គការសហប្រជាជាតិឱ្យដឹងថា មនុស្ស ១៥,០០០នាក់ បានរត់ភៀសខ្លួនចាប់តាំងពីទួរគីផ្ដើមធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមអ្នកប្រយុទ្ធឃើដ YPG កាលពីថ្ងៃទី២០ ខែមករាមក។
ប្រធានាធិបតីអាមេរិកនិងរុស្ស៊ីពិភាក្សាគ្នាតាមទូរស័ព្ទលើបញ្ហាប៉ាឡេស្ទីននិងអីុស្រាអែលោ៖
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់មេដឹកនាំប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) ថា លោកបានពិភាក្សាពីបញ្ហាដំណើរការសន្តិភាព រវាងអុីស្រាអែល នឹងប៉ាឡេ ស្ទីន នៅអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយ ដោយ សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០១៨។
លោក ពូទីន ថ្លែងបែបនេះនៅក្នុងជំនួប ជាមួយ លោកអាប់បាស់ ក្នុងទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃចន្ទ។ «ខ្ញុំទើបតែបាននិយាយទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយយើងបានពិភាក្សាគ្នាពីបញ្ហាសន្តិភាពរវាង អុីស្រាអែល នឹងប៉ាឡេស្ទីន»។ នេះជាការលើកឡើង របស់លោក ពូទីន។ បន្ថែមពីលើនេះ ប្រធានាធិបតីរុស្ស៊ីក៏បាន គូសបញ្ជាក់ ផងដែរ ពីទំនាក់ទំនងស៊ីជម្រៅរវាងរុស្ស៊ី នឹងប៉ាឡេស្ទីន និងថាទីក្រុងមូស្គូតែងតែគាំទ្រប្រជាជនប៉ាឡេស្ទីនជានិច្ច។
គួររំលឹកថា ក្រោយពីលោកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ទីក្រុងហ្សេ៊រុយសាឡឹម ជារដ្ឋធានីរបស់អុីស្រាអែលមក ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមួដ អាប់បាស់ (Mahmoud Abbas) បានអះ អាងថា សហរដ្ឋអាមេរិកគ្មានគុណសម្បតិ្តដើរតួនាទីជាអ្នកស្វែងរក សន្តិភាពទៀត នោះទេ ខណៈដែលក្រុមអ្នកជំនាញខ្លះ យល់ថា វានឹងក្លាយជាឱកាសមួយសម្រាប់រុស្ស៊ីក្នុងការលើកកម្ពស់ទំនាក់ទំនងជាមួយ បណ្ដាប្រទេសអារ៉ាប់។
រថភ្លើងបុកគ្នានៅអូទ្រីសស្លាប់មនុស្សម្នាក់ និងរបួស២២នាក់៖
ទីភ្នាក់ងារចិនស៊ីនហួចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈនេះបានឲ្យដឹងថា ការប៉ះទង្គិចរវាងរថភ្លើង២ខ្សែនៅរដ្ឋ Styria នៃប្រទេសអូទ្រីស កាលពីថ្ងៃចន្ទ បាន បណ្តាលឱ្យមនុស្សម្នាក់ស្លាប់និង២២នាក់ទៀតរងរបួស។
រថភ្លើងដឹកអ្នកដំណើរពីរគ្រឿងបុកគ្នា នៅក្រុង Niklasdorf ជិតទីក្រុង Leoben នៅវេលាថ្ងៃត្រង់ដោយហេតុផលមិនទាន់ដឹងច្បាស់នៅឡើយ។ ពួកគេត្រូវបានគេ សន្មត់ថា បានឆ្លងកាត់ផ្លូវគ្នាទៅវិញទៅមក។ អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្នុងតំបន់។
ខ្សែរថភ្លើងត្រូវបានគេរាយការណ៍ថា បានបិទទ្វារអស់រយៈពេលមួយមិនទាន់អាចកំណត់បានខណៈដែលអាជ្ញាធរ បានចាប់ផ្តើមស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់នេះ។
អ៊ុយក្រែនត្រូវការកងកម្លាំងរក្សាសន្តិ ភាព យូអិន ២សែននាក់៖
យោងតាមរបាយការណ៍ថ្មីមួយ ដែល នឹងត្រូវបង្ហាញដល់មន្ត្រីកំពូលៗ នៅសប្ដាហ៍ នេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ គួរតែពិចារណា រកកងកម្លាំងទាហាន២ សែននាក់ ពីប្រទេសមិនមែនសមាជិក ណាតូ នឹងប៉ូលីស៤ពាន់នាក់ ដើម្បីជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសអ៊ុយ ក្រែន។
លោក Richard Gowan ជាអ្នកនិពន្ធ របាយការណ៍នេះ និងជាអ្នកជំនាញ ស្តីពីអង្គការ សហប្រជាជាតិ នៃសាកល វិទ្យាល័យ Columbia University បាន មានប្រសាសន៍ថា ការបង្កើតឲ្យមានកង កម្លាំងរក្សាសន្តិសុខ អាចអនុញ្ញាតឲ្យមានការបោះឆ្នោតក្នុងតំបន់កើតឡើង ក្នុង ប្រទេសអ៊ុយក្រែនខាងកើត ដែលជាផ្នែក មួយដ៏សំខាន់នៃសន្ធិសញ្ញាក្នុងទីក្រុងមីនស្ក៍ ឆ្នាំ២០១៥ ដែលចរចាបង្កើតដោយ ទីក្រុងគៀវ ទីក្រុងមូស្គូ ទីក្រុងប៉ារីស និង ទីក្រុងប៊ែរឡាំង ដោយពួកគេស្វះស្វែង ស្តារឡើងវិញ នូវការគ្រប់គ្រង របស់អ៊ុយ ក្រែន ជុំវិញព្រំដែនជាប់ប្រទេសរុស្ស៊ី និង ដកអាវុធធុនធ្ងន់ ចេញពីតំបន់។
យោងតាមកាសែតរ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ បានបន្ត ឲ្យដឹងទៀតថា ចំណែកប៉ូលិសអន្តរជាតិ ក៏មានសារសំខាន់ជាខ្លាំង ដើម្បីបង្កើតសន្តិ ភាព ព្រោះទាហាននៅក្នុង រថក្រោះ នឹង មិនត្រូវ ក្នុងការដោះស្រាយជាមួយការតវ៉ាណាមួយ ដែលកើតឡើង បន្ទាប់ពីការបោះ ឆ្នោត បែបនោះ។
ឆេះការដ្ឋានសាងសង់អគារខ្ពស់នៅ ជាយទីក្រុងស៊ីដនី អូស្ត្រាលី បណ្តាលរបួស មនុស្ស ១៣នាក់៖
គ្រោះអគ្គិភ័យដ៏ធំមួយបានកើតមានឡើង នៅឯការដ្ឋានសាងសង់អគារខ្ពស់ មួយកន្លែង ក្នុងតំបន់ទីប្រជុំជននៃទីក្រុងស៊ីដនី នៅរដ្ឋញូវសោតវែលស៍ (New South Wales) ប្រទេសអូស្រ្តាលី នាព្រឹកថ្ងៃអង្គារ នេះ ខណៈដែលភ្នាក់ងារពន្លត់អគ្គិភ័យ ចំនួន ២០នាក់ ត្រូវបានបញ្ជូនទៅកាន់ កន្លែងកើតហេតុ និងមនុស្ស ១៣នាក់ បានទទួលរងរបួសស្រាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែ កុម្ភៈ ឆ្នាំ២០១៨។
បើតាមអាជ្ញាធរនៅតំបន់កើតហេតុបានឲ្យដឹងថា អណ្តាតភ្លើងបានឆាបឆេះ សំណាញ់ពណ៌ខ្មៅ ដែលគ្របដណ្តប់នៅ លើការដ្ឋានសំណង់ នៃអគារខាងលើ ដែលស្ថិតក្នុងតំបន់កំពង់ផែ ស៊ឺឃ្យូល័រ ក្វេយ (Circular Quay) នៃទីក្រុងស៊ីដនី ហើយវាបានបន្តឆេះរហូតដល់ ២ម៉ោង ក្រោយ មុនពេលត្រូវបានក្រុមពន្លត់អគ្គិភ័យ ពន្លត់បានទាំងស្រុងទៅវិញ។
គួរជម្រាបថា ក្នុងហេតុការណ៍នេះ មនុស្ស ១៣នាក់ បានរងរបួសស្រាល គឺ ដោយសារតែឈ្លក់ផ្សែងភ្លើង និងជាច្រើននាក់ទៀតត្រូវបានអាជ្ញាធរជម្លៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈមូលហេតុ ដែល បង្កគ្រោះអគ្គិភ័យនៃសំណង់អគារកម្ពស់ ១០ជាន់នេះ នៅមិនទាន់កំណត់ច្បាស់នៅ ឡើយទេ។
ចិនបាញ់បង្ហោះផ្កាយរណបភ្លោះ BeiDou ដោយប្រើគ្រាប់រ៉ុក្កែត តែមួយ ទៅកាន់ ដងតារាវិថី៖
ទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួ បាន ចុះផ្សាយកាលពីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៨ថា ចិន បានបញ្ជូនផ្កាយរណប ចំនួន២ទៅកាន់ដងតារាវិថី ដោយប្រើ ប្រាស់ គ្រាប់រ៉ុក្កែត តែមួយគត់ សម្រាប់ ប្រព័ន្ធបណ្តាញ ផ្កាយរណប BeiDou ក្នុងស្រុករបស់ខ្លួន (BDS) កាលពីថ្ងៃចន្ទ មុននេះ ។
ផ្កាយរណបភ្លោះ ជាទម្រង់នៃបណ្តាញ មួយជាមួយនឹងការបាញ់បង្ហោះពីមុនចំនួន ៤នៃផ្កាយ រណប BeiDou-3 ដែលជាផ្កាយរណបទី៥និងទី៦នៅក្នុងក្រុមគ្រួសារ របស់ BeiDou-3 ។ ផ្កាយរណបទាំងនោះ បាន ដល់គន្លងតារាវិថីក្នុងរយៈពេលជាង៣ម៉ោង បន្ទាប់ពីបានបាញ់បង្ហោះពីមជ្ឈ មណ្ឌលបង្ហោះផ្កាយរណបនៅស៊ីចាង ស្ថិតនៅភាគនិរតីនៃប្រទេសចិន ក្នុងខេត្ត ស៊ីឈួន ។
លោក Dong Chongqing លេខាធិការទទួលបន្ទុកនៅមជ្ឈមណ្ឌលបង្ហោះបាន និយាយថា រាល់ផ្កាយរណប BeiDou ទាំង អស់ ត្រូវបានបញ្ជូនចេញពីស៊ីចាង និង រាល់បេសកកម្មទាំងអស់គឺបានទទួលជោគជ័យទំាងស្រុង៕ ម៉ែវ សាធី