វិភាគអន្តរជាតិ ៖ អ្នកមាននិងអ្នកក្រកាន់តែមានគម្លាតគ្នាឆ្ងាយពីមួយថ្ងៃទៅមួយថ្ងៃ

ចែករំលែក៖

ជាមនុស្សជាតិដូចគ្នា ហេតុអ្វីចាំបាច់ បែងចែកវណ្ណៈអ្នកមានអ្នកក្រ បើអ្វីគ្រប់ យ៉ាង នៅលើលោកយើងនេះ មិនអាចស្ថិត ស្ថេរជារៀងរហូតនោះ? ដូចទស្សនៈ ពុទ្ធសាសនា បានធ្វើការប្រៀបធៀបរវាងទារកដែលទើបតែកើតមកភ្លាម នឹង មនុស្សចាស់ដែលបានដាច់ដង្ហើមស្លាប់ភ្លាម ។ ចំណុចចាប់ផ្តើមនិងចុងបញ្ចប់នៃជីវិតមនុស្សពិតជាមានន័យខ្លាំងណាស់ រាល់ទារក កើតមក គឺដៃទាំងសងខាង បានក្តាប់ យ៉ាងតឹង ជាការបង្ហាញថា នៅលើពិភព លោកអ្វីគ្រប់យ៉ាង គឺជារបស់«អញ» ។ តែនៅពេល ដាច់ខ្យល់ស្លាប់ភា្លម ដៃទាំង ពីរ ក៏បានលាត្រង់ ជាការបង្ហាញឲ្យឃើញ ថា អ្វីដែលខិតខំក្តាប់ទុកតាំងពីកើតមក គឺមិនអាចយក ទៅតាមបានឡើយ។

បើទោះបីមនុស្សគ្រប់រូបបានដឹងច្បាស់ថា ខ្លួនមិនអាចគេចផុតពីក្តីស្លាប់បានក្តី ប៉ុន្តែនៅតែមានការប្រកាន់ខ្លួន ប្រកាន់អ្នក មាននិងអ្នកក្រ ធ្វើឲ្យគម្លាត របស់មនុស្សជាតិកាន់តែដាច់ឆ្ងាយពីគ្នា។តាមរបាយ ការណ៍របស់ អង្គការOxfamបានចេញ របាយ ការណ៍បង្ហាញពីគម្លាតរវាងអ្នកមានបំផុត នឹងអ្នកក្របំផុតក្នុងពិភពលោក។ អង្គ ការOxfamបរិហារថាជាគម្លាតដ៏ធំធេងមិន ធ្លាប់មានពីមុនមកទេ។ ទ្រព្យសម្បត្តិ ឬក៏ធនធាន ៨២ភាគរយ ដែលពិភពលោករកបានក្នុងឆ្នាំ២០១៧កន្លងទៅ បានហូរ ​ចូលទាំងស្រុងក្នុងហោប៉ៅរបស់ក្រុមអ្នកមានបំផុត។
រៀងរាល់ឆ្នាំ អង្គការOxfamតែងតែ ចេញរបាយការណ៍ស៊ើបអង្កេតបង្ហាញពី គម្លាតរវាងអ្នកមាននឹងអ្នកក្រ។

ឆ្នាំ២០១៧ កន្លងទៅ តួលេខគម្លាតគួរឲ្យកត់សម្គាល់ខ្លាំងណាស់ ដោយសារតែរបាយការណ៍ របស់Oxfam បង្ហាញថា ប្រជាជនជាអ្នក មានបំផុតលើពិភពលោកប្រហែលជាមួយភាគរយ ទទួលបានធនធានទ្រព្យសម្បត្តិដែលពិភពលោករកបាន ដល់ទៅ៨២ភាគ រយ តែបើស្ថានភាពជីវភាពអ្នកក្របំផុតវិញ គ្មានអ្វីប្រែប្រួលទាល់តែសោះ។ ឧទាហរណ៍ ជាក់ស្តែង កម្មការិនីនៅប្រទេសបង់ក្លាដែសម្នាក់ ធ្វើការរកប្រាក់ ពេញមួយជីវិតរកបានស្មើត្រឹមនឹងប្រាក់ចំណូល៤ថ្ងៃ របស់ថៅកែក្រុមហ៊ុនយីហោសម្លៀកបំពាក់ធំបំផុតមួយក្នុងពិភពលោកប៉ុណ្ណោះ។

យោងតាមរបាយការណ៍Oxfam ចាប់ ពីឆ្នាំ២០១៦ ដល់ ឆ្នាំ២០១៧ គេឃើញមានមហាសេដ្ឋីមានប្រាក់រាប់ពាន់លានកើន ចំនួនម្នាក់ថែមទៀត ជារៀងរាល់២ថ្ងៃម្តង។ ជាមធ្យម ទ្រព្យសម្បត្តិមហាសេដ្ឋីទាំងនេះ បានកើនឡើង១៣ ភាគរយ រាល់ឆ្នាំ គិត តាំងពីឆ្នាំ២០១០មក។ នៅសហរដ្ឋអាមេ រិក អ្នកមាន៣នាក់ ដែលមានទ្រព្យច្រើន ជាងគេបំផុត មានទ្រព្យស្មើអ្នកក្របំផុត ដែរ។ នៅបារាំងវិញ មានជនជាតិបារាំង ៣២នាក់ មានប្រាក់រាប់ពាន់លានហ្វ្រង់ មានទ្រព្យសម្បត្តិច្រើនដូចពលរដ្ឋក្រីក្រ បំផុត៤០ភាគរយក្នុង ស្រុកបារាំងដែរ។ ថៅកែក្រុមហ៊ុនធំៗ មួយចំនួន ដែលមាន ប្រាក់វាល់ពាន់លាន យើងក៏ប្រហែល ស្គាល់ខ្លះដែរ ដូចជាលោក Zuckerberg ថៅកែហ្វេសប៊ុក លោក Bezos ថៅកែ ក្រុមហ៊ុនអាម៉ាហ្សូន ឬក៏លោក ប៊ីល ហ្គេត ជាដើម។

អង្គការOxfamប្រាប់ថា រាល់ឆ្នាំ អង្គការតែងតែជំរុញឲ្យមេដឺកនាំរដ្ឋាភិបាលប្រទេសនានា ដែលមកប្រជុំគ្នាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្រុងដាវ៉ូស ប្រទេសស្វុីស ឲ្យពួកគេចាត់វិធានការដោះស្រាយគម្លាតនេះ។ ថ្នាក់ដឹកនាំរដ្ឋាភិបាលធំៗបានសន្យាដែរថានឹងដោះស្រាយ តែការសន្យាដូចជាសន្យាតាមខ្យល់ដូច្នោះដែរ។ តើពួកគេ សន្យាឲ្យរួចពីមាត់ឬយ៉ាងណា ទើបបាន ជាគម្លាតអ្នកមានអ្នកក្រ នៅតែមិនអាច ដោះស្រាយបានបែបនេះ។ ប្រហែលអ្នក សន្យាទាំងនេះ ពិបាកនឹងសម្រេចពាក្យ សន្យា បាន ពួកគេប្រហែលជាគិតថា សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ដំណើរការទៅមុខ ដោយសារតែចំនួន មហាសេដ្ឋីកើនឡើង និងដោយសារទ្រព្យសម្បត្តិមហាសេដ្ឋីកើនឡើងហើយមើលទៅ។ សម្រាប់អង្គ ការOxfam ចំនួនមហា សេដ្ឋីកើនឡើង ទ្រព្យសម្បត្តិមហាសេដ្ឋី កើនឡើង មិនមែន ជាសញ្ញាថា សេដ្ឋ កិច្ចវិវឌ្ឍល្អទៅមុខនោះឡើយ។ ស្ថានភាព នេះបង្ហាញថាលក្ខ ខណ្ឌរស់នៅរបស់ជនក្រីក្រកាន់តែដុនដាបទៅវិញទេ។

ថៅកែឬក៏អ្នកដឺកនាំក្រុមហ៊ុនរកចំណូលបានកាន់តែច្រើន កម្មករកម្មការិនី ឬបុគ្គ លិក ខំធ្វើការឲ្យថៅកែស្ទើររកពេលសម្រាកគ្មាន តែប្រាក់ខែពួកគេកើនតិចតួច ប៉ុណ្ណោះ។ តើមានសមភាពយ៉ាងដូចម្តេច ទៅ? ការណ៍ដែលប្រជាជន ជាអ្នកមាន បំផុត ១ភាគរយ ក្នុងពិភពលោក ទទួល បានធនធានពិភពលោកដល់ទៅ ៨២ភាគ រយ ក្នុងឆ្នាំ២០១៧កន្លងទៅ មិនបង្ហាញទេ ឬថា ក្រុមអ្នកមានរកចំណូលបានពីញើសឈាមរបស់កម្មករក្រីក្រ? នេះមិននិយាយពីលក្ខខណ្ឌការងារដ៏លំបាករបស់កម្មករនៅតាមប្រទេសក្រីក្រ ដូចជា បង់ក្លាដែស ឬឥណ្ឌា ដែលខំធ្វើការដើម្បីលើកស្ទួយភាពរុងរឿងរបស់សហគ្រាស អ្នកមានផង!

បើនិយាយពីរដ្ឋតាមប្រទេសមួយចំនួនវិញ រដ្ឋខ្លះគិតតែចង់ដំឡើងពន្ធទំនិញTVA រកថវិកាចូលជាតិ ចង់បន្ថយពន្ធសហ គ្រាស លើកទឹកចិត្តសហគ្រាសទៅវិញ។ ទន្ទឹម នឹងពាក្យដែលយើងធ្លាប់ឮថា “អ្នកមាន ចេះតែមានទៅ”នោះ អង្គការ Oxfamក៏បាន លើកឡើងដែរ ពីបញ្ហា ផ្សេងៗទៀត ដូច ជាការគេចពន្ធ ការលួចយកលុយទៅដាក់តាមធនាគារនៅក្រៅប្រទេស ដើម្បីគេចពន្ធជាដើម។ ដើម្បីដោះ ស្រាយគម្លាតរវាង អ្នកមាន និងអ្នកក្រ ដើម្បីចែករំលែកធន ធានឬចំណូលពិភព លោកឲ្យបានស្មើគ្នា រវាងអ្នកមាននិងអ្នក ក្រ អង្គការOxfam បានបង្ហាញសំណើ មួយចំនួន ក្នុងនោះ អង្គការស្នើឲ្យអ្នកដឹកនាំប្រទេសនីមួយៗ ចាត់ចែងគ្រប់គ្រងលើក្រុមហ៊ុនពហុជាតិ។

ក្នុងសំណើដែលអង្គការ ផ្ញើឲ្យប្រធា នាធិបតីបារាំង អេមម៉ានុយអែល ម៉ាក្រុង គេឃើញថា អង្គការOxfamស្នើឲ្យមានការចែករំលែកធនធានឲ្យសមភាពគ្នាក្នុង សហគ្រាស រវាងអ្នកដឺកនាំ នឹងបុគ្គលិក និងម្ចាស់ភាគហ៊ុនផងដែរ។ ការពង្រឹងវិធានការប្រឆាំងការគេចពន្ធ ក៏ជាមធ្យោបាយ ជួយរកថវិកាឧបត្ថម្ភហិរញ្ញវត្ថុសាធារណៈ ដែលនេះជាការចូលរួមដោះស្រាយគម្លាត រវាងអ្នកមាននឹងអ្នកក្រ។ Oxfam មើល ឃើញ ដែរថា ជាជាងផ្តោតការយកពន្ធលើ ពន្ធ ទំនិញ TVA គេគួរតែយកពន្ធលើទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗវិញ។

មិនដឺងថា សំណើទាំងនេះ អាចត្រូវបានមេដឹកនាំប្រទេសនីមួយៗធ្វើតាម ឬ យ៉ាង ណាទេ ព្រោះអង្គការOxfam បង្ហាញគម្លាតអ្នកមានអ្នកក្ររាល់ឆ្នាំ តែក៏នៅតែមិនអាចដោះស្រាយបញ្ហាវិសមភាពនេះបានដែរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print