ប្រទេសអេហ្ស៊ីបបានបញ្ជាក់កាលពីថ្ងៃទិ៣១ ខែតុលា ឆ្នាំ២០១៥ថា យន្តហោះដឹកអ្នកដំណើររបស់រុស្ស៊ីមួយគ្រឿងបានធ្លាក់នៅភាគកណ្តាលតំបន់ Sinai ប្រទេសអេហ្ស៊ីប ។ នៅពេលនេះអាជ្ញាធរអេហ្ស៊ីបកំពុងធ្វើប្រតិបត្តិការចំពោះកិច្ចការដ៏អកុសលមួយនេះ ។
អាជ្ញាធរអាកាសចរណ៍រុស្ស៊ី ត្រូវប្រភពទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA ដកស្រង់ព័ត៌មានមកផ្សព្វផ្សាយថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលកំពុងធ្វើដំណើរចាកចេញពីរមណីយដ្ឋាន Sharm el-Sheikh ប្រទេសអេហ្ស៊ីប ឆ្ពោះទៅកាន់ទីក្រុង St Petersburg របស់រុស្ស៊ីនោះ បានបាត់ចេញពីប្រព័ន្ធរ៉ាដា ដែលស្ថិតនៅទីតាំង Cypriot នោះ ។
ប្រភពបានបន្តថា យន្តហោះដឹកអ្នកដំណើរនេះ ជាប្រភេទយន្តហោះ Airbus A-321 របស់ក្រុមហ៊ុន Kogalymavia ប្រទេសរុស្ស៊ី ។
អាជ្ញាធរអាកាសចរណ៍ស៊ីវិលមួយរូបបានបញ្ជាក់ថា យន្តហោះនេះដឹកអ្នកដំណើរ ២១៧នាក់ និងអាកាសយានិក៧នាក់ ។ យន្តហោះនេះបានបាត់ទំនង់ទំនងតែម្តង ។ លោក Sergei Lzvolsky មន្ត្រីអាកាសចរណ៍ស៊ីវិលរុស្ស៊ីបានប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax របស់រុស្ស៊ីថា យន្តហោះបានហោះហើរចេញពីទីក្រុងសមុទ្រក្រហមអេហ្ស៊ីប ដែលមានឈ្មោះថា Sharm el-Sheikh នោះនៅវេលាម៉ោង៥និង៥១នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ។
លោកបន្តថា យន្តហោះនេះមិនបានទាក់ទងដូចការរំពឹងទុកនោះទេជាមួយប្រព័ន្ធរ៉ាដា Cyprus ហើយក៏បាត់ដំណឹងសូន្យឈឹងតែម្តង ។
នាយករដ្ឋមន្ត្រីអេហ្ស៊ីបត្រូវរំពឹងថាកោះប្រជុំជាមួយរដ្ឋមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធដើម្បីជួយដល់ករណីធ្លាក់យន្តហោះរុស្ស៊ីនៅពេលនេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត