ខេត្តរតនគិរី៖ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តរតនគិរី លោក ហ៍ត ស៊ុនហោ បានឲ្យដឹងថា នៅក្នុងឱកាសនៃការប្រារព្វទិវាមនុស្សចាស់កម្ពុជា នឹងទិវាមនុស្សចាស់អន្តជាតិថា តាមការសម្រង់ទិន្នន័យរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន នឹងយុវនីតិសម្បទាខេត្តគិតត្រឹមខែកញ្ញ ឆ្នាំ២០១៥ នៅក្នុងខេត្តរតនគិរីមានមនុស្សចាស់អាយុចាប់ពី៦០ឆ្នាំឡើងចំនួន៣៦១៩នាក់ ស្រី៣១៩៥នាក់ ដែលកំពុងរស់នៅទូទាំង៩ក្រុង/ស្រុកក្នុងខេត្តនេះ ។
ក្នុងចំណោមនោះ មានជនចាស់ជរាជានិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវ: ជាអតីតមន្ត្រីរាជការស៊ីវិល និងអតីតមន្ត្រីកងយោធពលខេមរ:ភូមិមិន្ទ នគបាលដែលកំពុងតែទទួលបាននូវរបបសោធនប្រចាំខែពីរាជរដ្ឋាភិបាលតាមរយ:មន្ទីរសង្គមកិច្ចខេត្តមានចំនួន៥២៧នាក់ ក្នុងនោះមាននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវ:អតីតមន្ត្រីរាជការស៊ីវិលចំនួន២៩៦នាក់ និងអតីតកងយោធពលខេមរភូមិមិន្ទ និងនគបាលជាតិចំនួន២៣១នាក់ ។
លោកបន្តថា ដើម្បីចូលរួមចំណែកសំរួលដល់ការលំបាកខ្វះខាតក្នុងជីវភាពរស់នៅរបស់និវត្តជន ជនបាត់បង់សម្បទា មន្ទីរបានកំពុងពង្រឹងនូវដំណើរការសមាគម៍និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវ: សមាគមអតីតមន្ត្រីរាជការស៊ីវិល ដែលអាចជួយសម្រាលទុក្ខលំបាក និងជួយគ្នាទៅវិញទៅមកក្នុងករណីមានទុក្ខលំបាកផ្សេងៗ។
លោក ណាប់ ប៊ុនហេង សមាជិកក្រុមប្រឹក្សា តំណាង លោក មួង ប៉យ ប្រធានក្រុមប្រឹក្សាខេត្ត បានចាត់ទុកគឺជាធនធានដ៏មានសារ:សំខាន់បំផុត ដែលបានផ្តល់នូវចំណេះដឹង និងផ្ទេរនូវបទពិសោធន៍ដីច្រើនលើសលប់ សំរាប់មនុស្សជំនាន់ក្រោយ ជាពិសេសមនុស្សចាស់បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីថែរក្សានូវសមិទិ្ធផលជាតិ និងស្នាដៃជាប្រវត្តសាស្ត្រសំរាប់មនុស្សជាតិ ជាងនេះទៅទៀតព្រឹទ្ធឱវាទ្ធ និងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការអប់រំ សីលធម៌ និងចរិយាធម៌របស់សង្គមជាតិ ៕
ដោយ៖ សាវុទ្ធ