ក្រុមអិស្លាមបង្កើតរដ្ឋIS បានសាងសង់បំពង់បង្ហូរឧស្មានដោយសម្ងាត់ទៅកាន់ប្រទេសទួរគីឆ្លងកាត់តំបន់ជនជាតិឃើដគ្រប់គ្រងនៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ទៅកាន់ប្រទេសទួរគី។
ព័ត៌មានខាងលើ ត្រូវបានលោក John Kiracou អតីតបុគ្គលិកក្រសួងចារកិច្ចអាមេរិកបានប្រកាសឲ្យដឹង កាលពីថ្ងៃទី៣០ ខែតុលា។
ថាមពលប្រេងគឺជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ក្រុម អិស្លាមបង្កើតរដ្ឋ ចាប់តាំងពីក្រុមនេះបានបង្កើតឡើង។ អ្វីដែលគេកត់សម្គាល់នោះគឺ មន្ទីរបញ្ចាកោណអាមេរិកធ្លាប់បានប្រកាសថា ប្រេងមិនមានជាប្រភពចំណូលរបស់ក្រុមអិស្លាមទៀតឡើយ ដោយបញ្ជាក់ថា ប្រភពចំណូលតែមួយគត់របស់ក្រុមអិស្លាមបង្កើតរដ្ឋនោះគឺជំនួយសម្ងាត់និងទីផ្សារងងឹត ។
ប៉ុន្តែការទម្លាយអាថ៌កាំបាំងខាងលើរបស់អតីតចារកម្មអាមេរិកបង្កការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ហើយមនុស្សជាច្រើនបានដាក់សំណួរសួរថា ហេតុអ្វីបានជាក្រុម IS បានលក់ប្រេងជាសម្ងាត់ទៅកាន់ទីផ្សារប្រទេសទួរគី ដោយគ្មានអ្នកណាបានដឹង។ បំពង់បង្ហូរប្រេងនោះជាប្រភពចំណូលតែមួយគត់របស់ក្រុមIS ។
រដ្ឋាភិបាលអាមេរិក និងក្រុមចារកម្ម មិនអាចរារាំងសកម្មភាពនៃបំពង់បង្ហូរប្រេងខាងលើបានឡើយ ហើយប្រេងនោះបានផ្តល់ប្រាក់ចំណូលដល់ IS ប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ការដែលក្រុមអិស្លាមបង្កើតរដ្ឋលក់ប្រេងនៅក្នុងទីផ្សារងងឹត នៅប្រទេសទួរគីគឺលោកខាងលិច និងរដ្ឋាភិបាលទួរគីបានដឹងជាយូរណាស់មកហើយ ប៉ុន្តែមានចេតនាធ្វើមិនដឹងមិនទុកឲ្យក្រុមIS រកប្រាក់ចំណូលសម្រាប់ការរស់រានរបស់ក្រុមនោះ។ ក្រុមអិស្លាមបង្កើតរដ្ឋគឺជាក្រុមដែលអាមេរិកបង្កើតឡើង ទាំងនោះហើយ ទើបអាមេរិកទុកផ្លូវមួយឲ្យក្រុមនេះរស់ដោយធ្វើមិនដឹងមិនឮ។
មិនត្រឹមតែប៉ុណ្ណោះ អាមេរិកបានអូសទាញទួរគីចូលក្នុងសម្ពន្ធមិត្តវាយប្រហារទៅលើក្រុមIS គឺដើម្បីកុំឲ្យគេចាប់អារម្មណ៍ដឹងថា ទួរគីជាប្រទេសទទួលទិញប្រេងពីក្រុម IS ។ ការទិញនៅក្នុងទីផ្សារងងឹតនោះជួយឲ្យទួរគីរកបានប្រាក់ចំណូលមិនតិចជាង១ពាន់លានដុល្លារឡើយ។ ទាំងនោះហើយទើបទួរគីធ្វើមិនដឹងមិនឬ ទុកឲ្យបំពង់បង្ហូរប្រេងចូលក្នុងទឹកដីរបស់ខ្លួនយ៉ាងងាយស្រួល ហើយថែមទាំងជួយលាក់បាំងទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី