ក្រោយលេចចេញដំណឹងស្នេហ៍រវាងតារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិតកម្មហង្សមាសរួចមក ពេលនេះពួកគេបានចាប់ផ្តើមលាតត្រដាងស្នេហ៍ដោយបើកចំហរបណ្តើរៗហើយ រួមជាមួយដំណឹងចូលរោងការនៅចុងឆ្នាំនេះ។
ចំណងស្នេហ៍រវាងតារាចម្រៀង ឱក សុគន្ធកញ្ញា និងប្អូនប្រុសលោកថៅកែផលិតកម្មហង្សមាស ធ្លាប់បានលេចចេញម្តងរួចមកហើយកាលពីប៉ុន្មានឆ្នាំមុនប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញ។ ដំណឹងនេះបានផ្ទុះឡើងជាថ្មីកាលពីដើមឆ្នាំ២០១៨នេះបន្ទាប់ពីមង្គលការសុគន្ធ នីសាចប់សប់គ្រប់។ ដំណឹងលើកឡើងថាពួកគេបានភ្ជាប់ពាក្យនឹងគ្នាកាលពីអំឡុងខែឧសភាឆ្នាំ២០១៧មកម្ល៉េះ ហើយលេចលឺ ថានាងអាចនឹងចូលរោងការក្នុងអំឡុងចុងឆ្នាំ២០១៨នេះផងដែរ។ បើទោះបីជាដំណឹងស្នេហ៍ចូលរោងការរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសកញ្ញាឱក សុគន្ធកញ្ញា នៅមានភាពស្រពិចស្រពិលនៅឡើយក្តីក៏ពេលនេះដំណឹងស្នេហ៍ដែលក្រុមគ្រួសារនាងព្យាយាមមិនបញ្ចេញនោះចាប់ផ្តើមលេចចេញជាបណ្តើរៗដូចដំណឹងដែលគេលើកឡើងនោះហើយ។
កាលពីថ្មីៗនេះនាងថែមទាំងបណ្តើរលោក អ៊ឹង សុខលីជាប្អូនប្រុសថៅកែផលិតកម្មហង្សមាសពេញមុខពេញមាត់ចូលរួមពិធីមង្គលការកូនស្រីលោកជំទាវ ទ្រី សុខាជំនួយការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងកម្មវិធីនោះដែលមានទាំងមន្ត្រីមានមុខមាត់ និងអ្នកសិល្បៈច្រើនកុះករចូលរួមនោះនាងហាក់ មានចេតនាចង់បញ្ចេញគូស្នេហ៍ដោយបើកចំហរ ស្របពេលដែលដំណឹងរៀបការនាងផ្ទុះឡើងកាលពីដើមឆ្នាំ២០១៨។
មានអ្នកគាំទ្រនាងមួយចំនួនបានគាំទ្រចំពោះចំណងស្នេហ៍របស់ ឱក សុគន្ធកញ្ញា និងប្អូនប្រុសថៅកែផលិត កម្មខាងលើ ស្របពេលដែលមានអ្នកគាំទ្រនាងនិងតារាចម្រៀងឆន សុវណ្ណរាជមួយចំនួនបានបង្ហាញការខកចិត្ត។ ទោះជាយ៉ាងណាងចំណងស្នេហ៍នេះត្រូវបានគេជឿជាក់ថានឹងអាចជួយពង្រឹងការងាររបស់ សុគន្ធ កញ្ញា នៅផលិតកម្មហង្សមាសកាន់តែរឹងមាំនិងមានខ្នងបង្អែកក្រាស់៕ ដោយ វឌ្ឍនា