ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនកម្លាំងសមត្ថកិច្ចរបស់ការិយាល័យពន្លត់ និងសង្រ្គោះអគ្គីភ័យ នៃរាជធានីភ្នំពេញ ប្រចាំគោលដៅខណ្ឌសែនសុខចំនួន ១៤រូប និងបាននាំយកសម្ភារៈប្រើប្រាស់ដូចជា កៅអីឈើបត់ចំនួន ០៧កៅអី មុងចំនួន០៧ កន្ទេលចំនួន០៧ ភេសជ្ជៈចំនួន ២៨កេស និងម្នាក់ៗទទួលបានថវិកាចំនួន ១០០.០០០រៀល ដើម្បីលើកទឹកចិត្តក្នុងការខិតខំបំពេញការងារទប់ស្កាត់ និងពន្លត់គ្រោះអគ្គីភ័យក្នុងមូលដ្ឋានខណ្ឌសែនសុខ កន្លងមកផងដែរ ។
ជាមួយនេះ លោកអភិបាលខណ្ឌបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្លាំងសមត្ថកិច្ចរបស់យើង ដែលកន្លងមក បានខិតខំលះបង់កម្លាំងកាយចិត្តទប់ស្កាត់ពន្លត់គ្រោះអគ្គីភ័យជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌអោយបានទាន់ពេលវេលា និងសូមជម្រុញបន្តការងារនេះ ដោយស្មារតីរឹងមាំមិនរាថយ ដើម្បីអោយទទួលបានជោគជ័យបន្ថែមទៀត ។
ជាចុងក្រោយ លោកអភិបាលខណ្ឌសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាប្រយ័ត្នប្រយែងចំពោះភ្លើងទាន ធូប និងចរន្តអគ្គិសនីផ្សេងៗដែលអាចបង្ករអោយមានអគ្គីភ័យកើតឡើងជាយថាហេតុណាមួយ ជាពិសេសក្នុងថ្ងៃមានពិធីបុណ្យទាន និងសូមសំណូមពរអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរអោយបានល្អ ដោយរាយការណ៌មកសមត្ថកិច្ចបន្ទាន់ និងរៀបចំបើកផ្លូវនៅចំណុចទីតាំងកើតហេតុ ដើម្បីសមត្ថកិច្ចបានចូលអន្តរាគមន៌ពន្លត់អគី្គភ័យអោយបានទាន់ពេលវេលា កុំអោយរីករាលដាលពីកន្លែងមួយទៅកន្លែងមួយផងដែរ ។
*ថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨៕
ដោយ៖ តុង សីហា