កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយសមត្ថកិច្ចអន្តរជាតិ បង្ក្រាបជនជាតិចិន-ថៃ-ខ្មែរ ករណីបទ«កំហែងយក »និងបទ«ឆបោក» ៣គោលដៅ ឃាត់ខ្លួនជនសង្ស័យចំនួន៣៦នាក់ក្នុងបទល្មើសជាក់ស្តែង ប្រើប្រាស់ទូរស័ព្ទតាមប្រព័ន្ធអិនធើណេតគម្រាមយកពីជនរងគ្រោះជនជាតិថៃនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ-ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានកិច្ចសហប្រតិបត្តិការជាមួយអគ្គស្នងការភាគីពីប្រទេសថៃ និងក្រោមការបញ្ជាដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្រ្កាបជនជាតិចិន ថៃ ខ្មែរ ចំនួន៣គោលដៅបានចំនួន៣៦នាក់។ ក្នុងនោះមានទីតាំងនៅរាជធានីភ្នំពេញចំនួន២កន្លែង និងនៅខេត្តព្រះសីហនុ១កន្លែង។

សមត្ថកិច្ចក្នុងប្រតិបត្តិការនេះបានអោយដឹងថា៖ គោលដៅទី១-នៅចំណុចផ្លូវ៨៦ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាជនជាតិខ្មែរ។ គោលដៅទី២-នៅចំណុចភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៣២នាក់ ក្នុងនោះ មានជនជាតិចិនតៃវ៉ាន់ ០៤នាក់ ជនជាតិថៃ ២៥នាក់(ស្រី ០៨នាក់)
ជនជាតិខ្មែរ ០៣នាក់(ស្រី)។ និងគោលដៅទី៣-នៅចំណុចក្រុមទី១៤ ភូមិ២ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ មានជនជាតិចិនតៃវ៉ាន់២នាក់ (ប្រុស) ជនជាតិថៃ១នាក់(ប្រុស)។ ទាំង៣គោលដៅនេះ សមត្ថកិច្ចបានចុះបង្ក្រាបចំពេលតែមួយព្រមគ្នា នាវេលាម៉ោង៧និង៣០នាទីថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនិងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់ខ្លួនមនុស្សចំនួន៣៦នាក់ ក្នុងនោះមានជនជាតិខ្មែរ៤នាក់ ជនជាតិចិនតៃវ៉ាន់៦នាក់ និងជនជាតិថៃ២៦នាក់។

សមត្ថកិច្ចបន្តថា៖ ពាក់ព័ន្ធបទល្មើសជាក់ស្តែងនេះ ជនសង្ស័យត្រូវបាននាំខ្លួនទៅធ្វើការសាកសួរទៅតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមសមត្ថកិច្ចដែនដី។

គួរបញ្ជាក់ថា៖ យ៉ាងតិចមានពាក្យបណ្តឹងជាង១០០នូវអគ្គស្នងការនៃភាគីប្រទេសថៃ ក្នុងបទ «កំហែងយក» និងបទ «ឆបោក» ទើបមានកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចកម្ពុជា ឈានដល់បង្ក្រាបជាក់ស្តែងឃាត់ខ្លួនជនសង្ស័យនៅហ្នឹងកន្លែងចំនួន៣៦នាក់ ក្រោមការបញ្ជាដោយផ្ទាល់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕ដោយ៖ សុខ ខេមរា

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print