ជន​ស្រវឹង​បើក​រថយន្ត​បំបុក​សមត្ថកិច្ច​ ប្រឈម​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​ ជាប់​គុក​ពី១០ឆ្នាំ​ទៅ​១៥ឆ្នាំ​

ចែករំលែក៖

ភ្នំពេញ​៖​បុរសម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ឃាត់ខ្លួន​ភ្លាមៗ​ បន្ទាប់​ពី​បើក​រថយន្ត​បំបុក​នគរបាល​ចរាចរណ៍​ដែល​កំពុង​អនុវត្ត​ ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ កាលពី​យប់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ នៅ​ខណ្ឌ​ឫស្សីកែវ​។

អត្តសញ្ញាណ​បុរស​រូប​នេះ​ ពុំ​ទាន់​ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឱ្យ​ដឹង​នៅ​ឡើយ​ទេ​ តែ​អ្នក​ច្បាប់​មួយ​រូប​ អះអាង​ថា​ បុរស​រូប​នេះ​ អាច​ជាប់​បទល្មើស​”ប៉ុនប៉ង​ឃាតកម្ម​”តាម​មាត្រា​២៧និង​មាត្រា​១៩៩នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​១០ឆ្នាំ​ទៅ​១៥ឆ្នាំ​។

មន្ត្រី​នគរបាល​ចរាចរណ៍​មួយ​រូប​ បញ្ជាក់​ថា​ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​នៅ​ឡើយ​ ហើយ​នឹង​បញ្ជូន​បុរស​រូប​នេះ​ទៅ​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។

គួរ​បញ្ជាក់​ថា​ នៅ​យប់​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ចំណុច​ផ្លូវ​ជាតិ​លេខ​៥​ សង្កាត់​ឫស្សី​កែវ​ ខណ្ឌ​ឫស្សីកែវ​ នគរបាល​ចរាចរណ៍​បាន​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ហើយ​រថយន្ត​មួយ​គ្រឿង​បើក​ចូល​មក​ នគរបាល​បាន​សួរ​នាំ​ដើម្បី​ត្រួតពិនិត្យ​ ស្រាប់​តែ​បុរស​រូប​នេះ​ បើក​បំបុក​ធ្វើ​ឱ្យ​នគរបាល​ម្នាក់ឈ្មោះ​ហ៊ុល​ ចាន់​រាសី​ របួសធ្ងន់​បញ្ជូន​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ តែម្ដង​។ ជនរងគ្រោះ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ​ ដោយ​ពុំ​ទាន់​បាន​ធូរស្រាល​ឡើយ​៕

ដោយ៖ ចេស្តា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print