ក្រុមការងារ និងមន្ត្រីនគរបាលចរាចរណ៍រងការចោទថាបានកៀបសុីលុយម្ចាស់ឡានឃ្លុប តាមស្តង់ដារបទដ្ឋានបច្ចេកទេសត្រឹមត្រូវ១គ្រឿង៤០០ដុល្លារ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រុមការងារត្រួតពិនិត្យបច្ចេកទេសយានយន្តមួយក្រុមដែលមានខាងនគរបាលចរាចរខេត្តនិងមន្ត្រីមន្ទីរសាធារណការ គឺបង្កើតឡើងដើម្បីពិនិត្យលើយានយន្តទាំងឡាយណាដែលតទ្រុងខុសលក្ខណៈបច្ចេកទេស ដើម្បីអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោបានរងនូវការចោទប្រកាន់ថាកៀបសុីលុយម្ចាស់រថយន្តជាថ្នូរនឹងការដោះលែងរថយន្តទៅវិញ ។ ខណះរថយន្តទាំងនោះមានឯកសារបញ្ជាក់ថាជារថយន្តឃ្លុបត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក៏ដោយ។
ប្រភពបានបង្ហើបថា៖ ក្រុមមន្ត្រីការងារ ទាំងនគរបាលចរាចរណ៍និងមន្ត្រីសាធារណការបានចុះធ្វើការស្ទាក់ឃាត់រថយន្តជាច្រើនគ្រឿងដើម្បីត្រួតពិនិត្យលើលក្ខណៈបច្ចេកទេស(តទ្រុងខុសស្តង់ដារ)ស្របតាមអនុសាសន៍សម្តេចតេជោព្រោះថាការដែលរថយន្តធំៗហើយតទ្រុងវែងៗទាំងនោះដឹកលើសទំងន់បណ្តាលអោយខូចផ្លូវថ្នល់ ជាផ្លូវសាធារណៈរបស់រដ្ឋ។ ក្នុងការចុះពិនិត្យនេះដែរក្រុមមន្ត្រីទាំងនោះបានស្ទាក់ឃាត់រថយន្តជាច្រើនគ្រឿងមានទាំងរថយន្តតទ្រុងវែងខុសស្តង់ដារនិងរថយន្តឃ្លុបទៀតផង។
ការចុះឃាត់រថយន្តដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះដែររថយន្តជាច្រើនគ្រឿងត្រូវបានឃាត់ដើម្បីពិនិត្យ។ក្នុងចំណោមរថយន្តទាំងនោះក៏មានរថយន្តឃ្លុបមួយចំនួនជារថយន្តចេញពីប្រភពដើម(original)មកពីប្រទេសកូរ៉េតែម្តងក៏ត្រូវបានឃាត់ទុកដែរ។
ពេលឃាត់មានម្ចាស់រថយន្តជាច្រើនបានហុចលុយទៅអោយអស់លោកមន្ត្រីសាធារណការនិងមន្ត្រីនគរបាលចាប់ពី២០ដុលារក្នុងម្នាក់ ហើយក៏បើករថយន្តចេញអស់ទៅដោយឡែករថយន្តឃ្លុប០២គ្រឿងដែលមានម្ចាស់ឈ្មោះសុខសំបូរមិនត្រូវបានអនុញាតិអោយទៅនោះទេបើទោះជាម្ចាស់ឡានបានអោយលុយទៅមន្ត្រីទាំងនោះក៏មិនព្រមដែរដោយសំអាងថាតទ្រុងឃ្លុបខុសបច្ចេកទេស។
ក្រោយឃាត់ក្រុមមន្ត្រីពិនិត្យទៅឃើញថាជារថយន្តឃ្លុបប្រភពដើមដែលមានទាំងឈៀកត្រឹមត្រូវចេញដោយខាងសាធារណការតែទោះជាយ៉ាងនេះក្តីក៏រថយន្តទាំង០២គ្រឿងនោះមិនត្រូវបានដោះលែងនិងអនុញាតិអោយវិលទៅវិញឡើយ។
ម្ចាស់បានអះអាងថា៖ រថយន្តឃ្លុបរបស់គាត់ជារថយន្តដែលមានប្រភពមកពីកូរ៉េបើទោះជាម្ចាស់បានបង្ហាញលិខិតបញ្ជាក់ថាជារថយន្តឃ្លុបត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសក៏ដោយ។
បុរសម្ចាស់រថយន្តម្នាក់បានសំដែងនូវការហួសចិត្តថារថយន្តរបស់គាត់ជារថយន្តឃ្លុបហ្សុីនមកពីកូរ៉េហើយថែមទាំងមានលិខិតត្រួតពិនិត្យបច្ចេកទេសយានយន្តដោយសាធារណការទៀតផងនៅតែអស់លោកទាំងនោះឃាត់ទុក បើទោះជាគាត់បានបង្ហាញលិខិតទាំងនោះដល់មន្ត្រីទាំងអស់អោយបានឃើញក្តីក៏គេធ្វើមិនដឹងមិនលឺដែរ។
នៅថ្ងៃទី១៤កុម្ភៈ២០១៨ស្រាប់តែមានមន្ត្រីម្នាក់ឈ្មោះភ័ណ្ឌខាងសាធារណៈការ​ មកនិយាយជាមួយគាត់(ម្ចាស់រថយន្ត)ថាបើម្ចាស់ឡានមានលុយ$400អោយក្រុមការងារទើបក្រុមការងារធ្វើលិខិតបញ្ជាក់ថាត្រឹមត្រូវនិងអនុញាតិអោយយកឡានទៅប្រកបការងារវិញបាន។លុយ៤០០ដុល្លារនេះជាថ្នូនិងការដោះលែងឡានឃ្លុបត្រឹមត្រូវបើទោះជាឡានមានឈៀកក៏ដោយ។ ចំណែក​នគរបាលចរាចរណ៍ខេត្ដក៏រួមគ្នាសុីលុយជាមួយសាធារណៈការគឺឡានមួយ$100ទើបអស់លោកទាំងនោះធ្វើកំណត់ហេតុទទួលស្គាល់ថាត្រឹមត្រូវ។
ក្នុងនាមម្ចាស់រថយន្តដែលរងការកៀបសុីលុយឆៅៗពីសំណាក់ក្រុមនគរបាលចរាចរណ៍និងមន្ត្រីសាធារណការសូមសំណូមពរដល់សម្ដេចតេជោពិសេសសម្ដេចក្រឡាហោម សូមចាត់ក្រុមកាងារអធិការកិច្ចចុះមកអង្កេតករណីនេះផងបើបណ្តែតបណ្តោយតទៅច្បាស់ជាអស់លោកមន្រ្ដីកន្ទេលធំបន្លំដេកទាំងនេះរឹតតែកៀបសុីលុយពីម្ចាស់ឡានមិនថាឡានត្រឹមត្រូវឬក៏ខុសបច្ចេកទេសនោះទេ។ម្យ៉ាងទៀតប្រាកដណាស់ថាសន្លឹកឆ្នោតច្បាស់ជាបាត់ជាក់ជាមិនខានឡើយ។
ពាក់ព័ន្ឋករណីនេះដែរលោកឧត្តមសេនីត្រីតាប់ លន ស្នងការរងទទួលបន្ទុកចរាចរណ៍បានបំភ្លឺតាមទូរស័ព្ទថា”ក្រុមការងារដែលមានមន្ត្រីបច្ចេកទេសពិតជាបានឃាត់រថយន្តឃ្លុប០២គ្រឿង
ពាក់ស្លាកលេខភ្នំពេញ3B0366និងមួយគ្រឿងទៀតពាក់ស្លាកលេខភ្នំពេញ3c2218
ប្រាកដមែនកាលពីយប់ថ្ងៃទី១២កុម្ភៈ២០១៨នៅតាមផ្លូវជាតិលេខ៤ស្ថិតក្នុងឃុំវល្លិសស្រុកសំរោងទងខេត្តកំពង់ស្ពឺដោយសង្ស័យថាកែច្នៃខុសបច្ចេកទេ”។លោកស្នងការរងបន្តថា”បន្ទាប់ពីឃាត់ក៏បាននាំយកមកកាន់ស្នងការដើម្បីពិនិត្យហើយការពិនិត្យនេះទៀតសោតធ្វើឡើងដោយមន្ត្រីជំនាញរបស់មន្ទីរសាធារណការទៀតផង។នៅពេលពិនិត្យក្រុមការងាររកឃើញថារថយន្តទាំង០២គ្រឿងនោះពិតជាកែច្នៃឃ្លុបមែនតែត្រឹមត្រូវតាមបច្ចេកទេសហើយធ្វើកិច្ចសន្យាប្រគល់ឡានអោយម្ចាស់វិញចំពោះរឿងលុយ១០០ដុល្លាលោកមិនបានដឹងទេ”។លោកក៏បាននិយាយបន្តថាបើសិនជាខាងសាធារណការពិនិត្យឃើញថាត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសហើយចាំបញ្ជូនមកស្នងការធ្វើអី។
ដោយឡែកលោកហុងចាន់សុខា ប្រធានមន្ទីរសាធារណការបានបំភ្លឺប្រាប់តាមទូរស័ព្ទថា”រឿងមន្ត្រីរបស់លោកយកលុយពីម្ចាស់ឡានក្នុង០១គ្រឿង៤០០ដុល្លានោះលោកមិនបានដឹងទេ ព្រោះការចុះអនុវត្តការងារត្រួតពិនិត្យនេះរាល់ការចំណាយគឺខាងមន្ទីរជាអ្នកផ្គត់ផ្គង់ទាំងស្រុងហើយលោកក៏បានផ្តាំផ្ញើដល់មន្ត្រីគ្រប់រូបថាមិនត្រូវប៉ះពាល់លុយកាក់ជាថ្នូរនឹងការដោះលែងឡាននោះទេតែបើអ្នកណាធ្វើត្រូវទទួលខុសដោយខ្លួនឯង”។


ដោយ៖សេនាស័ក្តិ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print