ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទន្លេវៃគោ ខេត្តស្វាយរៀង បានរៀបចំពិធីបុណ្យអ៊ុំទូក តាមប្រពៃណីជាតិ ដូចរៀងរាល់ឆ្នាំ ។ ពិធីនេះប្រព្រឹត្តទៅ ដោយមានការចូលរួមពី លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការជួយឧបត្ថម្ភគាំទ្រពីកងរាជអាវុធហត្ថទូទាំងប្រទេស ក្រោមការដឹកនាំផ្ទាល់របស់លោកនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ពិធីប្រណាំងទូកឆ្នាំនេះ មានទូកខ្នាតអន្តរជាតិ ចំនួន៤២ទូក និងទូកក្តាបីសន្លឹកចំនួន ១១ទូក មកពីបណ្ដាខេត្ដនានា និងទូករបស់កងរាជអាវុធហត្ថមានចំនួន ២៦ទូក សរុបចំនួន ៧៩ ទូក ។
លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ ដើម្បីចូលរួម អបអរសាទរ ព្រះរាពិធីបុណ្យអ៊ុំទូក បណ្ដែត ប្រទីប និងសំពះព្រខែ អកអំបុក ជាបុណ្យប្រពៃណីជាតិ របស់ប្រជាជនខ្មែរ ដែលមានតាំងពីបុរាណកាល យូរលង់មកហើយ និងជាការបង្ហាញនូវ ការសាមគ្គីភាព ដ៏ល្អរបស់ប្រជាជនកម្ពុជា នៅគ្រប់មូលដ្ឋាន និង ក៏ដើម្បីបញ្ជាក់ឲ្យឃើញកាន់ តែច្បាស់ អំពីសារៈសំខាន់ និងអត្ថប្រយោជន៏ នៃនយោបាយធារាស្ដ្រ របស់ រាជរដ្ឋាភិបាលកម្ពុជាផង ។ ពិធីប្រឡងប្រណាំងទូកនេះ គឺមិនគ្រាន់តែបម្រើឲ្យវិស័យកសិកម្មប៉ុណ្ណោះទេ ក៏ប៉ុន្ដែថែមទាំងបង្កលក្ខណៈ ដល់ការប្រណាំងទូក បង្កើនបរិយាកាសសម្បាយរីករាយជូន ដល់បងប្អូន ប្រជាពលរដ្ឋ បានទស្សនាកម្សាន្ដ ដែលតាំងពីមុនមកខេត្ដស្វាយរៀង ពុំដែលមានការប្រណាំងទូកតាមប្រពៃណីនេះទេ ទើតែសម័យបច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ជាប្រមុខដឹកនាំ ប្រកបដោយគតិ្ដបណ្ឌិត ។
លោកស្រីម៉ែន សំអន បានរំលឹកថា៖ ពិធីប្រណាំងទូកខ្នាតអន្ដរជាតិ និងទូកក្ដារបីសន្លឹក នៅខេត្ដស្វាយរៀងឆ្នាំនេះ ពិតជាការបន្ដមរតករបស់លោកនាយឧត្ដមសេនីយ៏ហុក ឡងឌី អតីត អគ្គស្នង ការនគរបាលជាតិ ដែលបានផ្ដូចផ្ដើមឲ្យមានការប្រណាំងទូកនេះឡើង ចាប់តាំងពីឆ្នាំ២០០៨ (លើកទី១ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០០៨) ដោយមានការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់សប្បុរសជន នានា និងពីថ្នាក់ដឹក នាំក្នុងជួរ រាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលជាច្រើនទៀត ទើបឲ្យកើតមាននៅថ្ងៃនេះឡើង ។
លោកស្រីម៉ែន សំអន ក៏បានធ្វើការកោតសសើរ ដល់អាជ្ញាធរខេត្ដស្វាយរៀង ដែលបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធឲ្យមានការីកចម្រើនលើគ្រប់វិស័យ ជាពិសេសបានអនុវត្ដតាម គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព បានធ្វើឲ្យសភាពការណ៏ នៅខេត្ដស្វាយរៀងទាំងមូល ទទួលបានការកោដ សសើរ ពីសំណាក់ប្រជាពលរដ្ឋ គ្រប់ស្រទាបវណ្ណៈ គឺរក្សាបាននូវ សុខសន្ដិភាព សណ្ដាប់ធ្នាប់ សាធារណៈ ការធានាដល់ការ រស់ នៅរបស់ប្រជាពលរដ្ឋ ប្រកបដោយ សេចក្ដីសុខសាន្ដ ប្រកបដោយចីរភាព ៕
ដោយ៖ សំរិត