ភ្នំពេញ៖ ក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាព្រឹកមិញនេះ ដែលដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ, អង្គព្រឹទ្ធសភាទាំងមូល បានសម្រេចអនុម័តជាឯកច្ឆ័ន នូវសំឡេង ៤៥លើ៤៥ ចំពោះ សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ។
សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។
ច្បាប់នេះបានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ២លានរៀល ទៅ១០លានរៀល»។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថាមានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ។
គួរបញ្ជាក់ផងដែរថា៖ នៅព្រឹកមិញនេះ ព្រឹទ្ធសភាបានសម្រេចអនុម័តច្បាប់ចំនួន៤ ដែលរួមមានសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ, សេចក្តីព្រាងច្បាប់វិសោធនកម្មក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការបន្ថែមទោសលើការប្រមាថព្រះមហាក្សត្រ, សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រុមប្រឹក្សាធម្មនុញ្ញ និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណ អភិវឌ្ឍន៍កម្ពុជាវៀតណាម៕
ដោយ៖ សហការី