ខេត្តកំពង់ឆ្នាំង៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី៦នាក់បានរងរបួសធ្ងន់ និងស្រាល នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយម៉ូតូចំនួន៣គ្រឿងបុកបន្តគ្នា ពេញទំហឹង ។
កាលពីវេលា ម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ចំណុចផ្លូវបត់ចូលផ្លូវលំមួយ ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
នគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបាននិយាយអោយដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-0759 បើកបរពីត្បូងទៅជើងយ៉ាងលឿន ដោយឈ្មោះ សៅ ឈុន អាយុ២២ឆ្នាំ រស់នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ឌុបនារីម្នាក់ឈ្មោះ សៅ សារឿន អាយុ២០ឆ្នាំ បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ពោធិសាត់ 1E-3302 ជិះគ្នា៤នាក់បើកបរពីកើតមកលិចចេញពីផ្លូវលំ បើកបរដោយឈ្មោះ សូត ទូច អាយុ១៨ឆ្នាំ រស់នៅស្រុកបាកាន ខេត្តពោធិសាត់ ឌុបមិត្តភ័ក្រពីក្រោយ៣នាក់គឺ ១.ឈ្មោះ សូត វណ្ណះ អាយុ២១ឆ្នាំ ២.ឈ្មោះ ព្រឿង អាន អាយុ១៩ឆ្នាំ និង៣.ឈ្មោះ ភិន រុន អាយុ២៥ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅស្រុកជាមួយគ្នា គឺ២នាក់បានរបួសធ្ងន់ និងម្នាក់របួសស្រាល។ពេលបុកគ្នានេះម៉ូតូទាំង២គ្រឿងបានខ្ទាតទៅបុកម៉ូតូ១គ្រឿងទៀ តម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1C-6667 បើកបរតាមផ្លូវជាតិពីជើងទៅត្បូងបត់មកខាងឆ្វេងដៃ ចូលផ្លូវលំ ដែលអ្នកបើកបរមានឈ្មោះ ជិន ចេង អាយុ៥៣ឆ្នាំ រងរបួសស្រាល រស់នៅភូមិត្របែក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ក្រោយពេលកើតហេតុជនរបួសធ្ងន់៦នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់ពេទ្យ មកដឹកយកទៅសង្គ្រោះព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ មធ្យោបាយទាំង៣គ្រឿង ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងតាមនិតិវិធីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ ចន្ថា