ខេត្តកណ្តាល៖ បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ជាបុគ្គលិកនៅក្នុងកាស៊ីណូហ្គ្រេនដ្ត្រាហ្គនរីសត ប្រចាំច្រកទ្វារជ្រៃធំ បានខ្យល់គពេលកំពុងដើរនៅក្នុងបរិវេណកាស៊ីណូ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧ និង១០នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីដែលខ្យល់គស្លាប់នោះមានឈ្មោះ ហារីយូណូ ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅទីក្រុងម៉ៃដាន់ ប្រទេសឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ដើម្បីបម្រើការងារនៅក្នុងកាស៊ីណូហ្គ្រេនដ្ត្រាហ្គនរីសត ស្ថិតក្នុងភូមិ-ឃុំដែលជនរងគ្រោះស្នាក់នៅ ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុឈ្មោះ រ៉ូ បឺត ជាជនជាតិឥណ្ឌូនេស៊ីដែលជាបុគ្គលិកនៅក្នុងកាស៊ីណូបាននៅអង្គុយជក់បារីខាងមុខបន្ទប់ធ្វើការS4 ខណៈនោះបានប្រទះឃើញជនរងគ្រោះឈ្មោះ ហារីយូណូ ដើរដួលទៅលើថ្មក្នុងបរិវេណកាស៊ីណូ ។ ភ្លាមៗនោះឈ្មោះ រ៉ូ ប៊ឺត បានស្រែកហៅមិត្តភ័ក្រពីរនាក់ទៀតឲ្យមកជួយលើជនរងគ្រោះយកទៅសង្គ្រោះនៅក្នុងបន្ទប់សង្គ្រោះបន្ទន់ក្នុងកាស៊ីណូ ។ ពេលទៅដល់ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេស និងវិទ្យសាស្ត្រស្រុកកោះធំបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គ មិនមានជាប់ពាក់ព័ន្ធទៅនិងករណីអ្វីផ្សេងនោះទេ ៕
ដោយ៖ ស្អាងជ័យ