ខេត្តសៀមរាប៖ តុលាការខេត្តសៀមរាប សម្រេចដោះលែងអតីតនិស្សិតលោក តៅ សាវឿន រៀននៅសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេសៀ ឱ្យមានសេរីភាពវិញកាលពីថ្ងៃទី៣០ខែ តុលា កន្លងទៅនេះ ក្រោយពីបានជំនុំជម្រះក្ដី ។
កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅថ្មីៗនេះ បន្ទាប់ពីលោក តៅ សាវឿន បានគំរាមបោកគ្រាប់បែកសម្លាប់សម្តេចក្រឡាហោម ស ខេង តាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីខែកញ្ញាកន្លងទៅ ។
មេធាវីការពារក្ដីឱ្យលោក តៅ សាវឿន គឺអ្នកស្រី កុយ កិត្យា មានប្រសាសន៍ប្រាប់ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០២ខែវិច្ឆិកានេះថា តុលាការខេត្ដសៀមរាបបានសម្រេច ដោះលែង លោក តៅ សាវឿន ឱ្យមានសេរីភាពវិញហើយដូចការគ្រោងទុករបស់អ្នកស្រីមេធាវី។អ្នកស្រីបានបញ្ជាក់ថា ការសម្រេចរបស់កូនក្តី ប្តឹងទៅសាលាឧទ្ធរណ៍ ឬមិនប្តឹង គឺជាសិទ្ធរបស់គាត់ ហើយអ្នកស្រី នឹងព្យាយាមពន្យល់ដល់គាត់បន្ថែមទៀត។
ទាក់ទិនទៅនឹងករណីខាងលើនេះដែរ លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត មានប្រសាសន៍ប្រាប់ តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០២ខែវិច្ឆិកានេះថា យុវជនដែលគំរាមសម្លាប់សម្តេចក្រឡាហោម ស ខេង តាមប្រព័ន្ធសង្គមហ្វេសប៊ុក ឈ្មោះ តៅ សាវឿន នោះត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ។លោកបន្តថា យុជនរូបនេះត្រូវបានតុលាការកាត់ទោសពីបទ គំរាម នឹងសម្លាប់តាមfacebook ហើយបើតាមច្បាប់ត្រូវជាប់ទោសចំនួន១៥ខែ អនុវត្តន៍១ខែ សល់ពីនោះព្យួរ ។ លោកបានបញ្ជាក់ថា ក្រោយពីមានលិខិតសុំទោសពី អតីតលោក តៅ សាវឿន ទៅសម្តេចក្រឡាហោម ស ខេង ទើបមានការដោះលែងបែបនេះ ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ អតីតនិស្សិតឈ្មោះ តៅ សាវឿន រៀននៅសាកលវិទ្យាល័យ USEA នៅខេត្ដសៀមរាប ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីយុវជនរូបនេះគំរាមបោកគ្រាប់បែកសម្លាប់សម្តេចក្រឡាហោម ស ខេង តាមបណ្ដាញសង្គមហ្វេសប៊ុក ខណៈពេលដែលសម្តេចបានអញ្ជើញមកជាកិត្តិយសក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យ USEA នៅខេត្ដសៀមរាប ។ គិតចាប់ពីថ្ងៃនាំខ្លួនកាលពីថ្ងៃទី២៨កញ្ញា រហូតដល់ថ្ងៃទី២៨ ខែតុលានេះ គឺមានរយៈពេល១ខែហើយ តែយុវជនខាងលើត្រូវបានតុលាការកំណត់ថ្ងៃឃុំខ្លួនរយះពេល១ខែ។
គេនៅមិនទាន់ដឹងថា អតីតលោកតៅសាវឿនមានបំណងប្តឹងតបឬមិនប្តឹងនោះទេ ខណះមេធាវីការពារក្តីនៅមិនទាន់បញ្ជាក់មូលហេតុ៕
ដោយ៖ ឡាំ សុធា