ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ជាជីតាបានផឹកស្រាស្រវឹង ហើយបានបើកម៉ូតូឌុបចៅទៅបុករថយន្តដែលចតស្ងៀម និងបណ្តាលឲ្យជីតាបាត់បង់ជីវិត ឯចៅវិញរងរបួសធ្ងន់ ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៦និង២០នាទីល្ងាច ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ72 ត្រង់ចំណុចមុខផ្ទះឈ្មោះ សូ ណូរ៉ា ស្ថិតនៅភូមិជីមាន់លិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
លោកវរសេនីយ៍ សូ សារ៉ាត់ នាយការិយាល័យនគរបាលចរាចរជើងគោកនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា ករណីនេះ ម៉ូតូម៉ាកវ៉េវឆ្លាម ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ាត គួយ ភេទប្រុស អាយុ53ឆ្នាំ ជាតិខ្មែរ នៅភូមិជីមាន់ត្បូង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ (ស្លាប់នៅនិងកន្លែងកើតហេតុ) ហើយបានឌុបចៅម្នាក់ឈ្មោះ ផា រិទ្ធី ភេទប្រុស អាយុ13ឆ្នាំ ជាតិខ្មែរ នៅភូមិ.ឃុំជាមួយគ្នា (របួសធ្ងន់) ។ ចំណែករថយន្តម៉ាក FREIGHTLINER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3B.3056 មិនស្គាល់ឈ្មោះនិងអាស័យដ្ឋានអ្នកបើកបរ (ក្រោយពេលកើតហេតុគេចខ្លួនបាត់) ។
លោកបន្តថា រវាងម៉ូតូ និងរថយន្តក្នុងទិសដៅ ស្របទិសគ្នាពីលិចទៅកើត អ្នកបើកបរម៉ូតូស្ថិតក្នុងស្ថានភាពស្រវឹងបើកទៅបុកគូថរថយន្តឈប់ ។
ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្បតាមប្រពៃណី ចំណែកចៅប្រុសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ៕
ដោយ៖ វណ្ណៈ