ខេត្តពោធិ៍សាត់៖ កម្លាំងប្រដាប់អាវុធ អាវុធហត្ថ នគរបាល ដឹកនាំដោយលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះឆែកឆេរលំនៅឋានរកឃើញម៉ូតូខុសប្រក្រតីចំនួន១១គ្រឿង ។
ប្រតិបត្ដិការនេះ ប្រព្រឹត្តឡើងនៅម៉ោងជាង១១ព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅហាង មនោរម្យ ខេធីវី ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ប្រភពពីកម្លាំងចុះអនុវត្តន៍បានឱ្យដឹងថា ក្នុងប្រតិបត្ដិការខាងលើនេះ គេរកឃើញ ម៉ូតូចំនួន ១១គ្រឿង ដែលប្រជាពលរដ្ឋយកមកដាក់បញ្ចាំ ហើយម៉ូតូខាងលើមានឯកសារមិនគ្រប់គ្រាន់។
ប្រភពបន្ដទៀតថា វត្ថុតាងម៉ូតូទាំងអស់សមត្ថកិច្ចមិនបានដកហូតទេ ដោយឱ្យម្ចាស់ហាងដែលទទួលបញ្ចាំ និងម្ចាស់ម៉ូតូយកឯកសារទៅផ្ទៀងផ្ទាត់ ជាមួយសមត្ថកិច្ចឱ្យទាន់ពេលវេលា ។
ប្រភពខាងលើបញ្ជាក់ថា ប្រតិបត្ដិការនេះដោយសារតែតុលាការក្ដៅស្លឹកត្រចៀក ដោយព្រឹកម៉ិញវេលាម៉ោងប្រមាណ ៩ព្រឹក មានការភ្ញាក់ផ្អើលមួយនៅក្នុងតុលាការខេត្តពោធិ៍សាត់ ដោយជនមិនស្គាល់អត្ដសញ្ញាណចូលកាច់សោរកម៉ូតូអស់ចំនួន ០២គ្រឿង ៕
ដោយ៖ ប៉ឹម ពិន