ភ្នំពេញ៖ បុរសម្នាក់នឹងស្រីស្នេហ៍ ទើបចេញពីផឹកមានសភាពស្រវឹងធ្លាក់ភ្នែកបានបើករថយន្តសេរីទំនើបម៉ាកអូឌីមួយគ្រឿងយ៉ាងលឿនរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងបណ្ដាលអោយដាច់អស់មួយដើមហើយបន្តជ្រុលទៅបុកដើមក្រងោកមួយដើមទៀតបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខអស់ទាំងស្រុង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង02នឹង40នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2015 តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីនៅត្រង់ចំណុចខាងមុខទីស្ដីការគណ:រដ្ធមន្ត្រី ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់នឹងនារីម្នាក់ជិះរថយន្តមួយគ្រឿងម៉ាកអូឌីពណ៍សរ គ្មានស្លាកលេខបើកបរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ទឹសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនក្នុងស្ថានភាពស្រវឹងស្រាជោគ ខណ:មកដល់ចំណុចកើតហេតុ រថយន្តបង្ករបានរេចង្កូតទៅបុកបង្គោលភ្លើងមួយដើមដាច់ខ្ទាតប្រមាណជាង៥០ម៉ែត្រ ភ្លាមៗនោះរថយន្តបង្ករមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកដើមក្ងោកមួយដើមទៀតបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខអស់ទាំងស្រុង តែសំណាងល្អមិនបណ្ដាលអោយម្ចាស់រថយន្តរងរបួសនោះទេ ។
ប្រភពដដែលបានបន្តថា ក្រោយកើតហេតុម្ចាស់រថយន្ដបង្កបានចុះពីរថយន្តគេចបាត់ បន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។
ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញចុះវាស់វែងស្ទូចរថយន្ដបង្កយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំអ្នកបង្កហេតុចូលខ្លួនដោះស្រាយតាមនិតិវិធី ៕
ដោយ៖ ព្រែកជ័យ