ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ៧និង០០នាទីព្រឹក នៅចំណុចភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកើតឡើង ផ្ទះឈើប្រក់ស័ង្គសី ២ខ្នង ទំហំប្រវែង ៦ម៉ែត្រគុណ ១០ម៉ែត្រ មានបន្ទប់ឥដ្ឋខាងក្រោម ដែលជាកម្មសិទ្ធរបស់ឈ្មោះ តឿន ចិន្តា (ប្តី) អាយុ ៣១ឆ្នាំ និងឈ្មោះ វ៉ាន់ សុភា អាយុ៣១ឆ្នាំ (ប្រពន្ធ) អ្នកទាំងពីរមានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញពន្លត់អគ្គិភ័យស្រុកកំពង់សៀម សហការជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យខេត្ត ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង (រថយន្តពន្លត់អគ្គិភ័យស្រុក១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យខេត្ត២គ្រឿង) ដឹកនាំដោយលោកវរសេនីយ៍ទោ ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម ចុះដល់ផ្ទះកើតហេតុធ្វើការពន្លត់ភ្លើងឲ្យរលត់អស់ដោយប្រើប្រាស់ទឹកអស់ចំនួន៣រថយន្ត ភ្លើងឆេះពុំបណ្តាលឲ្យរីករាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
– សម្ភារៈខូចខាតរួមមាន ប្រាក់ដុល្លាចំនួន ២០០ដុល្លា មាស០១ដំឡឹង ប្លាកទីន០១ដំឡឹង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះឆេះខ្ទេចអស់។
– មូលហេតុដោយសារ កូនតូចរបស់គាត់ (ម្ចាស់ផ្ទះ) យកថង់ប្លាស្ទីកដុតនៅលើពូក ជាហេតុធ្វើឲ្យភ្លើងឆេះរីករាលដាលតែម្តង៕ ដោយ៖ វណ្ណះ