ខេត្តកំពត៖ ស្រូវវស្សាប្រមាណជាង៥០០ ហិកតា ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះអន្តរាគមន៍បូមទឹកជួយសង្គ្រោះ ។
លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានប្រាប់ឱ្យដឹងនៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះថា ស្រូវទាំងជាង ៥០០ ហិកតា ជាប្រភេទស្រូវវស្សាដែលបងប្អូនប្រជាកសិករទើបនិងធ្វើការបង្កបង្កើនផលនាចុងរដូវ ។ មកដល់ពេលនេះ ស្រូវទាំងនេះបាន និងកំពុងលេងខ្លួន ហើយក៏កំពុងជួបប្រទះនឹងកង្វះខាតទឹកផងដែរ ។ ចំពោះមុខបញ្ហានេះ មន្ទីរបានបញ្ជូនម៉ាស៊ីនបូមទឹកខ្នាតមធ្យម (កម្លាំង ៦៥សេះ) ចំនួន ០១គ្រឿង ដើម្បីអន្តរាគមន៍ដោយបូមយកទឹកពីព្រែកតន់ហន់ រួចបញ្ជូនតាមប្រឡាយមេព្រែកក្រឹស ទៅកាន់ផ្ទៃដីស្រែទាំងនោះ ។
លោកប្រធានមន្ទីរ បានបន្តថា ប្រសិនបើគ្មានការយកចិត្តទុកដាក់អន្តរាគមន៍ទេ ស្រូវទាំងនេះនឹងឈានទៅខូចខាត ។ លោកបន្តថា ការងារនេះយើងចាប់ផ្តើមពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងបន្តរហូតដល់បងប្អូនប្រជាកសិករបានប្រមូលផលទាំងស្រុង ៕
...