ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ លោក តុង ស៊ីវមី អភិបាលស្រុកពញាឮ បាននាំយកថវិកាចំនួនមួយលានរៀល របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកពញឮ ទៅចូលបុណ្យសពលោកស្រី សរ មុំ ដែលជាសាសនិកាឥស្លាម រស់នៅភូមិទួលងោក ឃុំកពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
សូមរំលឹកជូនផងដែរថា លោកស្រី សរ មុំ ត្រូវជាភរិយារបស់លោក សុប សាម៉េត ដែលជាអុីមាុំប្រចាំស្រុកពញាឮ (អនុគណស្រុក ផ្នែកសាសនាឥស្លាម) បានទទួលមរណៈភាពកាលពីថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០១៥ កន្លងទៅ ដោយសារជម្ងឺលើសឈាម ។
តាមរយៈលោក តុង ស៊ីវមី អភិបាលស្រុកពញឮ លោក សុប សាម៉េត ដែលត្រូវជាស្វាមីនៃសព ព្រមទាំងក្រុមគ្រួសារទាំងអស់ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធាន និងឧតុនិយម និងជាប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានស្រុកពញាឮ ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរជានិច្ច អំពីសុខទុក្ខរបស់បងប្អូនខ្មែរឥស្លាម ពិសេសនៅក្នុងមូលដ្ឋានស្រុកពញឮនេះផ្ទាល់តែម្តង ៕
ដោយ៖ សុខ ខេមរា