ភ្នំពេញ៖ ស្ងាត់ៗស្រាប់តែតារាចម្រៀង និងសម្តែង លោក ប៉ែន សារ៉ាវ បានសម្រេចចិត្តចូលរោងការជាមួយគូស្នេហ៍ហើយកាលពីព្រឹកថ្ងៃទី២៥ខែកុម្ភៈនេះបន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់១ឆ្នាំ។ នារីដែលតារាចម្រៀងរូបនេះចូលរោងការជាមួយគឺមកពីខេត្តស្វាយរៀង ដែលលោកថាជានារីសាមញ្ញា ប៉ុន្តែពោរពេញដោយមន្តស្នេហ៍។
ប៉ែន សារ៉ាវត្រូវបានគេស្គាល់ថាជាតារាចម្រៀងដែលតស៊ូខ្លាំងក្នុងការងារសិល្បៈ។លោកបានរៀបការពេញមុខមាត់ជាមួយនារីស្រស់សោភាម្នាក់ឈ្មោះហៀក សារីម ក្រោមវត្តមានសាច់ញាតិ និងមិត្តភ័ក្កិចូលរួមកុះករ។ ពិធីមង្គលការរបស់លោកត្រូវបានធ្វើឡើងចាប់តាំងពីព្រឹកនៅភោជននីយដ្ឋានFriend House និងបន្តទទួលភ្ញៀវនៅល្ងាចថ្ងៃដដែលនៅភោជនីយដ្ឋានខាងលើនេះប្រមាណ៥០០នាក់។ ប៉ែន សារ៉ាវបញ្ជាក់ថា ភរិយារបស់លោក គឺជាអ្នកជាងអ៊ុតសក់នៅម្តុំចោមចៅ ក្រោយពីបានស្គាល់គ្នា១ឆ្នាំ ហើយទើបយល់ចិត្តគ្នាក៏សម្រេចចូលរោងជ័យតែម្ដង។ លោកថាក្រោយរៀបការលោកនៅតែបន្តការងារសិល្បៈដដែល ហើយភរិយារបស់លោកក៏នៅតែបន្តការងាររបស់នាងដដែល។
លោកថាពិធីរៀបការលោកអត់បានឲ្យអ្នកមានគុណចំណាយទេ គឺលោកនិងភរិយារួមចំណែកគ្នារៀបចំឡើង។ ចំណែកទីកន្លែងជប់លៀងពេលល្ងាច គឺលោកថៅកែហាងហ្វ្រេនហោស គាត់សុខចិត្តបិទហាងមួយថ្ងៃពេញដើម្បីកម្មវិធីមង្គលការលោកផងដែរ៕
ដោយ វឌ្ឍនា