ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងប្រភេទទម្ងន់៥១គីឡូក្រាម ហុន ឈុនហេង មកពីក្លិបសម្រែករាជសីហ៍ បានប្រើពេលត្រឹមតែ២ទឹកវាយផ្តួលអ្នកប្រដាល់ថៃឈ្មោះ ភីត ងិន ឲ្យបោះបង់ការប្រកួត តាមរយៈ ស្នៀតជង្គង់បុកចំកណ្តៀតក្អម៣ទៅ៤ជង្គង់ជាប់គ្នា បណ្តាលឲ្យ ភីត ងិន ចុករមួលបើទោះបី អាជ្ញាកណ្តាល រាប់ដល់១០ ក៏មិនអាចក្រោកប្រកួតបន្តទៀតបានឡើយកាលពីយប់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៥ នៅសង្វៀន ទូរទស្សន៍ប៉ុស្តិ៍លេខ៥ អារី ណា។
ទិដ្ឋភាពដ៏ព្រឺព្រួចនៅដើមទឹកទី១ កីឡាករ ហុន ឈុនហេង ស្ទើរបោះបង់ការប្រកួតចោល ដោយសារ រងស្នៀតទាត់ដ៏ខ្លាំងពី ភីន ងិន បណ្តាលឲ្យ លោកអាជ្ញាកណ្តាលរាប់ដល់៨ម្តង ប៉ុន្តែការតស៊ូ របស់ ហុន ឈុនហេង បន្ទាប់ពីត្រូវអាជ្ញាកណ្តាលរាប់ បានធ្វើឲ្យមានសំឡេងស្រែកហ៊ោឡើងកងរំពង តាមរយៈភាពអំណត់និងការព្យាយាមដោយភាពប៉ិនប្រសប់របស់ ឈុន ហេង ក្នុងការវាយបកសង ទៅលើ ភីត ងិនវិញ។
ទន្ទឹមនឹងជ័យជម្នះ របស់កីឡាករ ហុន ឈុនហេងនេះដែរ លោក អេ ភូថង ដែលជាគ្រូប្រដាល់ របស់ក្លិបអេភូថងកីឡា និងជាអ្នកអត្ថាធិប្បាយ ផ្នែកបច្ចេកទេស របស់សង្វៀន ប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានអះអាងថា ក្នុងប្រភេទទម្ងន់៥១គីឡូក្រាមនេះ នៅក្នុងប្រទេសកម្ពុជា មានតែកីឡាករ៣នាក់ប៉ុណ្ណោះ គឺទី១-កីឡាករ ហុន ឈុនហេង ទី២-កីឡាករ ហ៊ឹម សេរី និងទី៣-កីឡាករ សែន រ៉ាដេត។
មូលហេតុដែលកីឡាករ ហុន ឈុនហេងអាចយកឈ្នះលើអ្នកប្រដាល់ថៃឈ្មោះ ភីត ងិន ដោយសារ តែឈុនហេងព្យាយាមប្រើស្នៀតជង្គង់បុកសំដៅ ទៅលើផ្នែកខាងក្រោមឆ្អឹងជំនីរឆ្វេងស្តាំ ព្រមទាំងក្បាលពោះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺកម្លាំងដែលហុន ឈុនហេងប្រើគឺមាន ប្រសិទ្ធភាពមួយ រយភាគរយតែម្តង។
ចំពោះលទ្ធផលនៃការប្រកួតគូផ្សេងទៀតមាន ដូចជាកីឡាករ យ៉ាម ឡយ មកពីក្លិប រស្មីកុមារកំព្រា បានយកឈ្នះកីឡាករ ប្រាក់ វិឆ័យ មកពីក្លិប តាឯកដំបងដែកមានប្ញទ្ធិខេត្តព្រៃវែង ដោយ ពិន្ទុ។ កីឡាករ ឆេង លាង មកពីក្លិប កងពលតូចឆត្រយោងលេខ៩១១ វាយឲ្យកីឡាករ ហាក់ ប៉ាន់ធី មកពីក្លិបរ៉ាហាប់ស្វាយប៉ាក បោះបង់ការប្រកួតក្នុងទឹកទី៣ ដោយសារបញ្ហារបួសក្បាលហូរ ឈាមខ្លាំង ពេក ។ ម្យ៉ាងវិញទៀតកីឡាករ រូបគ្មានសមត្ថភាពអាចប្រកួត បន្តបាន ទើបអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតរបស់គេ ដោយផ្តលសិទ្ធិ ទៅឲ្យកីឡាករ ឆេង លាង ឈ្នះ តែម្តង។ ចំណែកឯកីឡាករ អៀង ដាវុធ មកពីក្លិប កងទ័ពជើងទឹក បានវាយឈ្នះកីឡាករ សិទ្ធ លីដា មកពីក្លិវសាមគ្គីកូនខ្មែរក្នុងទឹកទី៣៕
ដោយ៖ សារីម